រហូតមកទល់ពេលនេះ ការលក់គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ សម្រេចបានប្រមាណ៩0 ភាគរយហើយ ដោយការលក់គម្រោងទីមួយនេះ នឹងត្រូវបិទបញ្ចប់នៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ។
គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ គឺជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតដែលអភិវឌ្ឍដោយក្រុមហ៊ុន វ្យាធបុរៈ ដែលមានទីតាំងស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ និងមានចំងាយប្រមាណ ៤គីឡូម៉ែត្រ ពីសាលារដ្ឋបាលខេត្តសៀមរាប។
លោក សែម សុខខូយ អគ្គនាយកក្រុមហ៊ុន វ្យាធបុរៈ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ បានឱ្យដឹងថា កម្រោងទី១នេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំជាង ២ហិចតា ដែលមានគេហដ្ឋានសរុបចំនួន ៧២ខ្នង។ គម្រោងទី១នេះរួមមាន៖ វីឡាបឹងកាឡូបែបអឺរ៉ុប វីឡាកូនកាត់២ជាន់បែបខ្មែរ វីឡាភ្លោះ២ជាន់បែបជប៉ុន និងផ្ទះល្វែងអាជីវកម្មបែបខុនដូ។
លោកបន្តថា វីឡាបឹងការឡូបែបអឺរ៉ុបមាន ទំហំ១០x២០ម៉ែត្រ វីឡាកូនកាត់២ជាន់បែបខ្មែរ មានទំហំ១០x២០ម៉ែត្រ, វីឡាភ្លោះ២ជាន់បែបជប៉ុនមានទំហំ៧x១៥ម៉ែត្រ និងផ្ទះល្វែងប្រភេទអាជីវកម្មកំពស់៣ជាន់ មានទំហំ ៤.៥x២០ម៉ែត្រ ដែលមានតម្លៃចាប់ពី ៣០០០០ ដុល្លា ឡើងទៅក្នុងមួយយូនិត។
លោកសុខខូយ លើកឡើងថា៖ «អតិថិជនគោលដៅរបស់យើង គឺចាប់ពីអ្នកដែលមានជីវភាពកំរិតមធ្យមឡើងទៅ។» អគ្គនាយករូបនេះបន្តថា ការសាងសង់ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ ដំណាក់កាលទី១ ក៏សម្រេចបានមួយដំណាក់កាលធំហើយដែរ។
លោក ច្រឹក សុនឹម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា គម្រោងផ្ទះបែបធម្មជាតិនៅខេត្តសៀមរាប ហាក់មិនទាន់ឃើញមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់នៅឡើយទេ
ទីផ្សារនៃគម្រោងផ្ទះលំនៅឋានបែបធម្មជាតិនេះ នៅមានតិចតួចខ្លាំងណាស់នៅក្នុងខេត្តសៀមរាបនេះ។
លោក សុខនឹមបន្តថា៖ «ខ្ញុំគិតថាលំនៅឋានធម្មជាតិ និងផ្ទះបែបលំហែរនេះអាចរីកចម្រើនខ្លាំងនាពេលអនាគត ជាពិសេសនៅពេលដែលកត្តាជីវភាពប្រជាជនក្នុងខេត្តសៀមរាបរីករចម្រើន បើប្រជាជនក្នុងខេត្តមានជីវភាពល្អប្រសើរនោះ មិនយូរនោះទេវិស័យផ្ទះលំហែរ និងផ្ទះបែបធម្មជាតិនឹងមានច្រើន ហើយរីកចម្រើនទៀត។»
គួរបញ្ជាក់ថា គម្រោងទី១នៃ ភូមិឋានធម្មជាតិក្រុងភ្នំ បានបញ្ចប់នូវហេដ្ឋារចនាសម្ព័ន្ធទូទៅ ដូចជា ការរៀបចំធ្វើផ្លូវ ប្រព័ន្ធលូរំដោះទឹក សួនច្បារ ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ និងចាប់ផ្តើមសាងសង់គ្រប់ប្រភេទផ្ទះ ហើយបច្ចុប្បន្នកំពុងគ្រប់គ្រងគម្រោងទូទៅ ដូចជាសេវាសន្តិសុខ អនាម័យ និងការថែទាំជាដើម។ អគ្គនាយកក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍បន្តថា៖«គ្រប់សំណង់របស់យើងបានសិក្សាយ៉ាងលម្អិត ពីគុណភាពសំណង់ និងភាពរឹងមាំរបស់សំណង់នីមួយៗ ដោយក្រុមហ៊ុន មានវិស្វករជំនាញៗ ទាំងវិស្វករជាជនខ្មែរ និងបរទេស ជាពិសេសគ្រូវិស្វករដែលមានជំនាញខ្ពស់។»
បើតាមការបញ្ជាក់ពី លោកអគ្គនាយក វ្យាធបុរៈអភិវឌ្ឍន៍ បច្ចុប្បន្នគម្រោងភូមិឋានធម្មជាតិក្រុងភ្នំ មានចំនួន៣ គម្រោងធំៗ គឺ គម្រោង Natural Village គម្រោង The Box Villa និងគម្រោង MINI Villa ដែលនឹងត្រូវបើកនាពេលឆាប់ៗខាងមុខនេះហើយ។
ផ្ទះគម្រូប្រភេទ Mountain View
បន្ទាប់ពីការបង្កើតគម្រោងទាំង៣នេះ លោកអគ្គនាយកក៏បានបង្ហាញពី សក្តានុពលនាពេលអនាគតរបស់គម្រោងភូមិឋានក្រុងភ្នំថា៖« នាពេលបច្ចុប្បន្នតម្លៃផ្ទះនៅធូរថ្លៃ តែប្រសិនបើផ្លូវ៣៨ខ្សែដែលរាជរដ្ឋាភិបាលកំពុងសាងសង់នេះ រួមជាមួយនិងព្រលានយន្តហោះសៀមរាបថ្មីសាងសង់រួចរាល់នាថ្ងៃខាងមុខដ៏ខ្លីនេះ តម្លៃអចលនទ្រព្យនៅក្នុងតំបន់ និងក្នុងគម្រោងនេះផ្ទាល់ នឹងផ្ទុះឡើងខ្លាំងជាក់ជាមិនខាន។»
សូមបញ្ជាក់ថាបច្ចុប្បន្ន ខេត្តសៀមរាបកំពុងសា្ថបនាផ្លូវក្នុងក្រុងចំនួន៣៨ខ្សែ ដែលមានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ ក្រោមទឹកប្រាក់សរុបប្រមាណ ១៥០លានដុល្លារ ខណៈមកទល់ពេលនេះរួចរាល់ចំនួន៣០ភាគរយហើយ៕