សកម្មភាពនៃការទិញលក់ដីឡូត៏ចាប់ផ្ដើមកម្រើកឡើងវិញបណ្តើរៗ

0

ដោយៈ លក្ខិណា

ភ្នំពេញៈ វិស័យដីឡូត៏ នៅក្នុងអំឡុងពេលបិទខ្ទប់ បានជួបបញ្ហាប្រឈម ដោយអ្នកទិញមិនអាចជួបអ្នកលក់ និងទៅមើលទីតាំងគម្រោងអភិវឌ្ឍន៍បាន តែក្រោយពេលរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ពលរដ្ឋអាចធ្វើដំណើរឡើងវិញ ហើយសកម្មភាព នៅក្នុងវិស័យដីឡូត៏ក៏ចាប់ផ្ដើមឡើងវិញជាបណ្តើរៗ។

លោកចេ សុន (លោកដង្ខៅ ) ជាអ្នកអភិវឌ្ឍន៍ដីឡូត៏មួយរូប បានឱ្យដឹងថា ចាប់តាំងពីមានការរីករាលដាលនៃកូវីដ១៩ ក្នុងឆ្នាំ២០២១ និងឈានដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅមក សកម្មភាពពុះដីឡូត៏ និងការលក់មិនសូវមានដូចពីមុនឡើយ និងមានភាពស្ងប់ស្ងាត់។

លោកបានថ្លែងបន្តថា ក្រោយពេលរដ្ឋាភិបាលប្រកាសបើកដំណើរការឡើងវិញមានប្រជាពលរដ្ឋជាច្រើនក៏បានចាប់ផ្ដើមស្វែងរកដីធ្លីសម្រាប់ទុកសង់ផ្ទះឬទិញទុកលក់ចំណេញនៅអនាគតឡើងវិញ ដែលធ្វើឱ្យសកម្មភាពនៃការពុះដីឡូត៏ និងការទិញលក់ចាប់ផ្ដើមកម្រើកជាងកាលពីមុនបន្តិច។

លោកបានឱ្យដឹងទៀតថា កាលពីពេលបិទខ្ទប់អ្នកដែលទិញដីឡូត៏ភាគច្រើនជាពលករចំណាកស្រុកនៅក្រៅប្រទេសដូចជានៅកូរ៉េ នៅថៃជាដើម ហើយគេទិញដោយកក់លុយតាមធនាគារ ឬតាមវីង តាមភ្នាក់ងារវេរលុយជាដើម។ ប៉ុន្តែពេលបញ្ចប់ការបិទខ្ទប់ពលរដ្ឋនៅក្នុងស្រុកដូចជានៅរាជធានីភ្នំពេញក៏ចាប់ផ្ដើមធ្វើដំណើរ និងទៅមើលទីតាំងគម្រោងអភិវឌ្ឍន៍ធ្វើឱ្យសកម្មភាពនៃការពុះ និងលក់ដីងើបបន្តិចឡើងវិញ យ៉ាងណាក៏ដោយក៏ វាមិនដូចនឹងមុពេលមានវិបត្តិនៃព្រឹត្តិការណ២០កុម្ភៈ ២០២១នោះដែរ។

លោកបន្ថែមថា បើនិយាយជាទូទៅអ្នកអភិវឌ្ឍន៍ដ៏ឡូត៍មួយចំនួនធំបានបាត់មុខបាត់មាត់ ដោយមិនឃើញចុះមកអភិវឌ្ឍគគ្រឹកគគ្រេង ដូចមុនទៀតឡើយ តែមានមួយចំនួនតូចនៅតបន្តសកម្មភាពរបស់ខ្លួន ទោះបីជាមានភ្ញៀវមកទិញតិចតួចជាងមុនក្ដី។

ដោយឡែកលោកវណ្ណា ភ្នាក់ងារលក់ដីឡូត៏នៅជាយរាជធានីភ្នំពេញក៏បានឱ្យដឹងថា កាលពីមុនរូបលោកក៏ដូចជាក្រុមការងារអត់បានចេញទៅណានៅតែផ្ទះ ហើយក៏មិនមានភ្ញៀវស្វែងរកទិញដីដែរ ព្រោះម្នាក់ៗជាប់បម្រាម តែក្រោយពេលមានការប្រកាសបញ្ចប់បម្រាមនៅតំបន់ខ្លះ រូបលោក និងក្រុមការងារចាប់ផ្ដើមចេញទៅកាន់តំបន់ទីតាំងអភិវឌ្ឍន៍ ដើម្បីរៀបចំលក់ជូនភ្ញៀវដែលមករកដីឡូត៏ តែយ៉ាងណាបើធៀបនឹងស្ថានភាពមុនគឺខុសគ្នាឆ្ងាយ។ ពេលនេះមិនសូវមានភ្ញៀវចុះមកមើលដី និងទិញនោះទេ គឺមានតិចតួចប៉ុណ្ណោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here