ដោយៈ ម៉ាណេត
ភ្នំពេញៈ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ប្រទេសកម្ពុជាមានឱកាសជំរុញកិច្ចពិភាក្សា ប្រកបដោយអត្ថន័យ លើបញ្ហាជាគន្លឹះសម្រាប់អាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោកបានសរសេររៀបរាប់ថា ក្នុងខែតុលា កាលពី៣០ឆ្នាំមុន ការចុះហត្ថលេខាជាប្រវត្តិសាស្រ្ត លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បាននាំមកនូវការបញ្ចប់រយៈពេលរាប់ទសវត្សរ៍នៃវិវាទនៅកម្ពុជា។ ក្រៅពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលស្ថិតក្នុងចំណោមប្រទេសជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខទាំង៥ប្រទេសរបស់អង្គការសហប្រជាជាតិ ប្រទេសហត្ថលេខីដទៃទៀត រួមមាន ប្រទេសទាំង៦ ដែលជាសមាជិកនៃសមាគមអាស៊ាន នៅពេលនោះអនាគតប្រទេសសមាជិក សមាគមអាស៊ាន ដែលមានប្រទេសវៀតណាម និងឡាវ ព្រមទាំងប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន និងប្រទេសកម្ពុជា។
បន្តិចក្រោយមក សហគមន៍អន្តរជាតិ បានបង្កើតឲ្យមានបេសកកម្មថែរក្សាសន្តិភាពដ៏ធំបំផុតមួយ ដែលមិនធ្លាប់មានពីមុនមក ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ។ សន្តិភាពបានមានជាប់មក ដោយសារការខិតខំរបស់ដៃគូអន្តរជាតិ និងស្មារតីរឹងប៉ឹងរបស់ប្រជាជនកម្ពុជា ហើយប្រទេសកម្ពុជាក៏បានស្គាល់វិបុលភាពតមក។ ដោយបង្ហាញឲ្យឃើញ នូវសមាហរណកម្មក្នុងតំបន់របស់ខ្លួន កម្ពុជាបានចូលជាសមាជិកនៃសមាគមអាស៊ាន នៅឆ្នាំ១៩៩៩។ នៅឆ្នាំក្រោយនេះ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាប្រធានអាស៊ានជាលើកទី៣។
តាំងពីការបង្កើតទំនាក់ទំនងផ្លូវការកាលពី៤៤ឆ្នាំមុន សហរដ្ឋអាមេរិក និងសមាគមអាស៊ានមានប្រវត្តិជាទីមោទនៈ ក្នុងការធ្វើជាដៃគូជាយុទ្ធសាស្រ្តជាមួយគ្នា។ សហរដ្ឋអាមេរិក គឺជាប្រទេសមិនមែនជាសមាជិកដំបូងគេ ដែលបានតែងតាំងឯកអគ្គរដ្ឋទូត ហើយបានបង្កើតស្ថានបេសកកម្មជាប់លាប់ប្រចាំសមាគមអាស៊ាន។
សព្វថ្ងៃនេះ កម្មវិធីសំខាន់”របស់សហរដ្ឋអាមេរិក ដូចជាគម្រោងគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជនវ័យក្មេង នៅអាស៊ីអាគ្នេយ៍នៅអាស៊ីអាគ្នេយ៍ (YSEALI) បង្ហាញឲ្យឃើញនូវការប្តេជ្ញាចិត្តជាបន្ត ចំពោះតំបន់នេះ ដោយផ្តល់ឱកាសឲ្យយុវជន រាប់ពាន់នាក់បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនានា។ សហរដ្ឋអាមេរិក ដោយរួមទាំងកម្មវិធីស្តីពីភាពជាដៃគូនៅតំបន់ទន្លេមេគង្គ (MUSP) និងគម្រោងមុននោះទៀត គឺគម្រោងស្តីពីគំនិតផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម (LMI) បានផ្តល់ថវិកាចំនួនជាង ៣,៥ ពាន់លានដុល្លា សម្រាប់តំបន់ទន្លេមេគង្គ។
ប្រជាជនអាមេរិក និងប្រជាជននៃប្រទេសសមាជិកអាស៊ាន ទទួលបានប្រយោជន៍ពីភាពជាដៃគូយូរអង្វែងនេះ។ ដោយមានប្រជាជនសរុបចំនួន ប្រហែល៦៥០លាននាក់ សមាគមអាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤របស់យើង ហើយសហរដ្ឋអាមេរិកគឺជាប្រភពវិនិយោគធំជាងគេសម្រាប់តំបន់នេះ នៅក្នុងឆ្នាំ ២០១៩។
យើងសហការជាមួយអាស៊ាន ក្នុងផ្នែកសន្តិសុខសមុទ្រ ការមិនរីកសាយអាវុធប្រល័យលោក ការប្រែប្រួលអាកាសធាតុ ការជួញដូរមនុស្ស កម្មសិទ្ធិបញ្ញា សមភាពជេនឌ័រ ។ល។
សហរដ្ឋអាមេរិក និងអាស៊ានមានភាពចម្រុះដូចគ្នាច្រើន ហើយមានការមើលឃើញពីសារសំខាន់នៃលទ្ធិប្រជាធិបតយ្យ អភិបាលកិច្ចល្អ សិទ្ធិមនុស្ស និងនីតិរដ្ឋ។ ទំនាក់ទំនងជាវិជ្ជមានរបស់យើងជាមួយអាស៊ាន លើបញ្ហាសំខាន់ៗ ដែលមានសារសំខាន់សម្រាប់តំបន់និងសាកលលោក ដូចជានៅក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងកិច្ចប្រជុំថ្នាក់ខ្ពស់ដទៃទៀត ជាមួយដៃគូពិភាក្សា មានសារសំខាន់ណាស់ សម្រាប់ជំរុញគោលដៅនយោបាយរបស់យើង។
ចាប់តាំងពីពេលបង្កើតសមាគមអាស៊ាន កាលពីជាងកន្លះសតវត្សមុនមក តួនាទីនៃការធ្វើប្រធានផ្លាស់វេនគ្នា មានសារសំខាន់ និងភាពស្មុគស្មាញកាន់តែច្រើនឡើង។ ប្រធានកោះប្រជុំថ្នាក់ខ្ពស់ជាច្រើនក្នុងមួយឆ្នាំៗ។ កិច្ចប្រជុំសំខាន់ចំនួនពីរគឺវេទិកាថ្នាក់តំបន់របស់អាស៊ាន ដែលជាកិច្ចពិភាក្សាថ្នាក់ខ្ពស់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ដែលមានសហរដ្ឋអាមេរិក និងប្រទេសចំនួន២៦ទៀត នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលមានការប្រជុំបន្តបន្ទាប់គ្នា នៃមេដឹកនាំនៃប្រទេសអាស៊ាន សហរដ្ឋអាមេរិក និងមហាអំណាចពិភពលោកចំនួន៧ទៀត។
ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ប្រទេសកម្ពុជានឹងមានឱកាសជាថ្មី ក្នុងការកំណត់ការទូតតំបន់ ហើយជំរុញកិច្ចពិភាក្សាប្រកបដោយអត្ថន័យ លើបញ្ហាដូចជាកម្មវិធីជាបន្តរបស់ប្រទេសកូរេខាងជើង លើកាំជ្រួចផ្លោង និងអាវុធនុយក្លេអ៊ែរ ដែលខុសច្បាប់ និងប្រកបដោយគ្រោះថ្នាក់ ការទាមទារយកផៃ្ទសមុទ្រចិនខាងត្បូងដ៏ធំ ដោយខុសច្បាប់របស់ប្រទេសចិន និងការគម្រាមកំហែងប្រទេសសមាជិកអាស៊ាន ដែលធ្វើការទាមទារដែរ ហើយនិងរដ្ឋប្រហារដោយយោធា និងការបង្រ្កាបដោយហឹង្សានៅប្រទេសភូមា។
កម្ពុជាថែមទាំងអាចជំរុញដំណើរជឿនលឿន ក្នុងវិស័យសំខាន់ជាគន្លឹះ ដែលផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក នៅក្នុងចំណោមប្រទេស នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមានការងើបឡើងវិញនៃសេដ្ឋកិច្ច ពីជំងឺមហារាតត្បាតជាសាកល Covid 19 ចំណាត់ការដោះស្រាយវិបត្តិអាកាសធាតុ និងការពិចារណាលើពាក្យសុំចូលរួមជាសមាជិកអាស៊ាន ដែលមិនទាន់ត្រូវបានពិនិត្យ របស់ប្រទេសទីម៉រ។
កាលពី១០ឆ្នាំមុន ក្នុងពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន រដ្ឋជាសមាជិកអាស៊ានបានខកខានជាលើកដំបូង ក្នុងការចេញសេចក្តីថ្លែងការណ៍រួម ដែលមូលហេតុធំ គឺដោយសារការខ្វែងគំនិតគ្នាលើភាសា ដែលប្រើក្នុងការដោះស្រាយបញ្ហានៃសកម្មភាពរបស់សាធារណរដ្ឋប្រជាមានិតចិន នៅសមុទ្រចិនខាងត្បូង។ ពេលនេះ រឿងនេះសំខាន់ជាងពេលណាៗទាំងអស់ ដោយនៅក្នុងទសវត្សរ៍តពីនោះមក សាធារណរេដ្ឋប្រជាមានិតចិនបានបង្កើនការចាក់ដី ការសាងសង់ និងការធ្វើយោធូបនីយកម្ម នៅកន្លែងមានជម្លោះ នៅក្នុងតំបន់នោះ។
ប្រទេសកម្ពុជា និងសមាគមអាស៊ាន ថែមទាំងប្រឈមនឹងបញ្ហាប្រឈមផ្នែកបរិ ស្ថានផងដែរ។ រដ្ឋជាសមាជិកដែលពឹងអាស្រ័យលើទន្លេមេគង្គ ប្រឈមនឹងមហន្តរាយបរិស្ថាន មួយចំណែកធំដោយសារការសង់ទំនប់ច្រើនពេក នៅតំបន់ខ្សែទឹកខាងលើ និងការគ្រប់គ្រងមិនត្រឹមត្រូវ ដែលបណ្តាលឲ្យកម្រិតទឹក និងទិន្នផលត្រីធ្លាក់ចុះតិចជាងពេលកន្លងមក។
ប្រទេសសមាជិកអាស៊ានខ្លះ ថែមទាំងមានការពិបាកក្នុងការអនុវត្ត តាមការប្តេជ្ញាចិត្តដែលមានចែងក្នុងធម្មនុញ្ញអាស៊ានស្តីពី សិទ្ធិមនុស្ស ដោយរួមទាំងប្រទេសកម្ពុជាផងដែរ ហើយមិនបានបំពេញបានពេញលេញ តាមចក្ខុវិស័យនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលចែងពីលទ្ធិប្រជាធិបតេយ្យពហុបក្ស និងលំហនយោបាយសម្រាប់គ្រប់សម្លេងទាំងអស់។
ជំហានវិជ្ជមានរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នៅក្នុងការដោះស្រាយឲ្យមានប្រសិទ្ធភាព នូវបញ្ហាស្មុគស្មាញជាច្រើនទាំងនេះ នឹងផ្តល់ជាប្រយោជន៍ដល់អាស៊ានទាំងមូល និងដៃគូរបស់ខ្លួន ដោយរួមទាំងសហរដ្ឋអាមេរិកផងដែរ។ យើងកំពុងតែធ្វើការជាមួយស្ថាប័នពាក់ព័ន្ធខាងកម្ពុជា ដើម្បីជំរុញផលប្រយោជន៍រួមគ្នារបស់យើង ក្នុងការមានការអភិវឌ្ឍន៍ដោយសន្តិភាព សមាគមអាស៊ានដែលមានសមាហរណកម្ម និងមានសមាជិកគោរពនីតិរដ្ឋ លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាជនគេ និងដោះស្រាយកង្វល់ក្នុងតំបន់ និងសាកកលោក។
សហរដ្ឋអាមេរិកគាំទ្រការខិតខំរបស់អាស៊ាន ក្នុងការជំរុញវិបុលភាព និងស្ថិរភាពតំបន់។ ក្នុងអាជីពរបស់ខ្ញុំជាអ្នកការទូត ខ្ញុំបានធ្វើការនៅក្នុងតំបន់នេះច្រើនជាងគេ ដោយបានចិញ្ចឹមគ្រួសារនៅក្នុងប្រទេសចំនួន៣ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងទំនាក់ទំនងរបស់យើង នៅក្នុងផ្នែកមួយនៃពិភពលោក ដែលនៅទីនោះ ប្រជាជនមានការតាំងចិត្ត ក្នុងការលើកកម្ពស់កំណើនលូតលាស់ ប្រកបដោយនិរន្តរភាព ថែរក្សាសន្តិភាព ហើយពង្រឹងការប្រតិបត្តិតាមលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ខ្ញុំរីករាយនឹងធ្វើការពិភាក្សាថែមទៀតជាមួយមន្រ្តី អ្នកការទូត និងសង្គមស៊ីវិល ក្នុងពេលដែលយើងកំពុងតែខិតទៅជិតកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២៕