ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ទទួលបាន​ការអនុម័ត​ពី​រដ្ឋបាល​អាកាសចរណ៍សហព័ន្ធ FAA ឱ្យ​ដោះស្រាយ​វិបត្តិ

0

ដោយៈ​សុខុម

អាមេរិក:  ក្រុមហ៊ុន​ផលិត​យន្តហោះ​យក្ស Boeing Co  បានប្រកាសថា កាលពី​ថ្ងៃ​ពុធ ទី១២ ឧសភា​ថា ខ្លួន​បានទទួល​ការអនុម័ត ពី​ក្រុម​និយ័ត​ករ​សហរដ្ឋអាមេរិក​ឱ្យ​ដោះស្រាយ​បញ្ហា​អគ្គិសនី ពេល​ចុះចត ដែល​បានធ្វើឱ្យ​ប៉ះពាល់​ដល់​យន្ត​ហោះ​ធុន 737 MAX ប្រមាណ១០០គ្រឿង។

យោងតាម​សារព័ត៌មាន Reuters ចុះផ្សាយ​កាលពី​ថ្ងៃទី១៣ ឧសភា ឱ្យដឹងថា ការអនុម័ត​នេះ ជា​ជំហាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ឱ្យ​យន្តហោះ 737 MAX ទាំងនោះ​ចូល​បម្រើសេវា ដឹក​អ្នកដំណើរ​ឡើងវិញ​ក្នុងពេលឆាប់ៗ បន្ទាប់ពី​ការហោះហើរ​ត្រូវបាន​ពន្យារពេល​កាលពីដើម​ខែមេសា។

មន្ត្រី​មួយរូប​មកពី​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) បញ្ជាក់ថា ស្ថាប័ន FAA ពិតជា​បានអនុម័ត​លើ​សេចក្ដីជូនដំណឹង និង​ចេញ​សេចក្ដីណែនាំ​ប្រាកដ​មែន ជុំវិញ​ករណីនេះ។ ក្រុមហ៊ុន​ផលិត​យន្តហោះ​យក្ស​របស់​សហរដ្ឋអាមេរិក Boeing បាន​ផ្ញើ​សេចក្ដីជូនដំណឹង​ចំនួន២ ទៅ​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍ កាលពី​ថ្ងៃ​ពុធ ទី១២ ខែឧសភា អំ​ពីលើ​ការពិនិត្យ​ជួសជុល​បញ្ហា​អគ្គិសនី​នេះ។

ក្រុមហ៊ុន Boeing បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា “បន្ទាប់ពី​ទទួលបាន​ការអនុម័ត​ចុង​ក្រោយពី​ស្ថាប័ន FAA យើង​ក៏បាន​ចេញ​សេចក្ដីជូនដំណឹង អំពី​ការពិនិត្យ​ជួសជុល​យន្តហោះ ដែលមាន​បញ្ហា​ពាក់ព័ន្ធ។ យើង​ក៏​កំពុង​ប្រឹងប្រែង​បង្ហើយ​ការងារ​របស់​យើង​ផងដែរ ខណៈ​យើង​ត្រៀម​បន្ត​ដំណើរការ​សេវា​ដឹកជញ្ជូន​ឡើងវិញ” ។

ការប្រកាស​នេះ​ជា​ដំណឹង​ដ៏​ល្អ គួរឱ្យ​អបអរសាទរ សម្រាប់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​សហរដ្ឋអាមេរិក ដែល​បាននិងកំពុង​ទន្ទឹងរ​ង់​ចាំ​យ៉ាង​អន្ទះសារ ដើម្បី​ដាក់​យន្តហោះ​របស់ខ្លួន ឱ្យ​ដំណើរ​ការដឹក​អ្នកដំណើរ​ឡើងវិញ ឱ្យបាន​មុន​ចុងខែ​ឧសភា ព្រោះ​វា​ជា​រដូវ​កាល ដែល​តម្រូវការ​ធ្វើដំណើ​រ​កើនឡើង​ខ្លាំង។

ក្រុមហ៊ុន​អាកាសចរណ៍​កំពូល​ទាំង៣ របស់​សហរដ្ឋអាមេរិក ដែល​ដំណើរការ​យន្តហោះ​ធុន 737 MAX រួមមាន​ក្រុមហ៊ុន Southwest Airlines ក្រុមហ៊ុន American Airlines និង​ក្រុមហ៊ុន United Airlines បាន​ដក​យន្តហោះ៦០គ្រឿង ចេញពី​ប្រតិបត្តិ​ការហោះហើរ​របស់​ខ្លួន បន្ទាប់ពី​ទទួលបាន​ការជូនដំណឹង​នេះ ពី​ក្រុមហ៊ុន Boeing ។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​ទាំងនេះ​មិនបាន​ឆ្លើយបំភ្លឺ​ទេ​ជុំវិញ​បញ្ហា​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here