ថ្លៃឈ្នួលផ្ទះនៅតំបន់ The Peak ក្នុងទីក្រុងហុងកុងបានហក់ឡើងកប់ពពកឡើងវិញ

0

ដោយៈសុខុម

ហុងកុង:  ថ្លៃឈ្នួលផ្ទះប្រណីតនៅតំបន់ The Peak ដែលជាតំបន់អចលនទ្រព្យមានហាងឆេងខ្ពស់បំផុតប្រចាំក្រុងហុងកុង កំពុងតែហក់ឡើងខ្ពស់មិនធ្លាប់មានជាប្រវត្តិសាស្ត្រ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃទី១៤ ឧសភា នេះឱ្យដឹងថា ផ្ទះវីឡាដាច់ពីគេមួយ ដែលមានផ្ទៃក្រឡាសរុប៦៥២ម៉ែត្រការ៉េ នៅតាមបណ្ដោយផ្លូវភ្នំ73 Mount Kellett Road ត្រូវបានគេជួលកាលពីពេលថ្មីៗនេះ ក្នុងតម្លៃខ្ពស់កប់ពពករហូតដល់ទៅ១,៦លានដុល្លារហុងកុង (២០៦,០០០ដុល្លារអាមេរិក) ក្នុងមួយខែ ដោយធ្វើឱ្យវាក្លាយជាផ្ទះ ដែលមានថ្លៃឈ្នួលខ្ពស់បំផុតនៅក្រុងហុងកុង ប្រចាំឆ្នាំ២០២១។

យោងតាមភ្នាក់ងារអចលនទ្រព្យក្នុងស្រុកឱ្យដឹងថា ផ្ទះវីឡាប្រណីតដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំ73 Mount Kellett Road ត្រូវបានជួលក្នុងតម្លៃប្រមាណ១,៦លានដុល្លារហុងកុង។ ទោះជាយ៉ាងណា អត្តសញ្ញាណរបស់អ្នកជួល មិនត្រូវបានទម្លាយឱ្យដឹងនោះទេ ព្រោះវាជាការសម្ងាត់។ ផ្ទះវីឡានេះកម្មសិទ្ធិរបស់ក្រុមហ៊ុនវិនិយោគ Giant Expert Investments ដែលនាយកក្រុមហ៊ុននេះមានឈ្មោះថា Yau Ka-cheung។

លោកEric Lee នាយកផ្នែកលក់ប្រចាំទីភ្នាក់ងារអចលនទ្រព្យ Centaline Property Agency បានលើកឡើងថា “ផ្ទះនេះប្រសិនបើដាក់លក់លើទីផ្សារ អាចនឹងលក់បានថ្លៃ១ពាន់លានដុល្លារហុងកុង (ជិត១២៩លានដុល្លារអាមេរិក)”។

លោកបានគូសបញ្ជាក់ថា ផ្ទះដែលអាចចតរថយន្តបានពីចន្លោះពី២០ ទៅ៣០គ្រឿង និងស័ក្ដិសមសម្រាប់ថៅកែក្រុមហ៊ុនធំៗ ដែលចូលចិត្តទទួលភ្ញៀវបែបនេះ ពិតជាកម្ររកបានណាស់។

លោកបានបន្ថែមទៀតថា “លុយ១លានទៅ២លានដុល្លារហុងកុង គ្រាន់តែជាកាកលុយប៉ុណ្ណោះសម្រាប់ពួកគេ”។

កាលពីមុន ផ្ទះដែលមានបន្ទប់គេងចំនួន៥ និងមានសួនច្បារមួយនេះត្រូវបានជួលក្នុងតម្លៃ១លានដុល្លារហុងកុង (ជិត១៣០.០០០ដុល្លារអាមេរិក) កាលពីខែធ្នូ ឆ្នាំ២០១៨។ ម្ចាស់បច្ចុប្បន្នបានទិញផ្ទះនេះក្នុងតម្លៃ៤៥៤,៨លានដុល្លារហុងកុង (ជាង៥៨លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០១០។

ទោះជាយ៉ាងណា ទាំងក្រុមហ៊ុន Giant Expert Investments និងលោក Yau Ka-cheung មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញផ្ទះនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here