ដោយៈគង់ សូរិយា
ភ្នំពេញៈ ជាការអបអរសាទរសំរាប់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជា២លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ជាមួយនឹងការជាប់លេខរៀងទី២លាន កម្មការិនីទិត ចិន្តា បានសម្តែងក្តីរំភើបរីករាយរហូតដល់ស្រក់ទឹកភ្នែក ពេលទទួលបានថវិកាលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំនួន១០លានរៀល។
យោងតាមការចុះផ្សាយរបស់Freshnews បានឲ្យដឹងថា ក្តីរំភើបរបស់កម្មការិនីរូបនេះ បានស្តែងក្នុងពេលរូបនាងទទួលបានទឹកប្រាក់ និងអំណោយរបស់សម្តេចតេជោ តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។
អ្នកស្រីទិត ចិន្តា បាននិយាយឲ្យដឹងថា អ្នកស្រីបានទៅចាក់វ៉ាក់សាំង នៅព្រឹកមិញនេះ ហើយក៏មិនបានដឹងថា ខ្លួនមានសំណាងទទួលបានរង្វាន់ លើកទឹកចិត្តពីសម្តេចតេជោ បែបនេះនោះឡើយ។
កម្មការិនីរូបនេះ បានថ្លែងរៀបរាប់ ដោយចាត់ទុកថវិកានេះ ប្រៀបដូចជាថវិកាព្រះប្រទាន ដែលនឹកស្មានមិនដល់។ អ្នកស្រី ទិត ចិន្តា បានថ្លែងថា ថវិកាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នឹងជួយដោះស្រាយការលំបាករបស់អ្នកស្រី ដែលកំពុងខ្វះខាត និងមានបំណុលគេផងនោះ។
អំណោយដែលនាំទៅជូនកម្មការិនីរូបនេះ ក្រៅតែពីថវិកា១០លានរៀលទៅ ក៏មានការផ្តល់ជំនួយជាស្បៀងអាហារមានអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខកំប៉ុងជាដើម។
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា បានចាក់វ៉ាក់សាំងដល់ជនទី២លាន ដែលជនទី២លាន បានទៅលើអ្នកស្រី ទិត ចិន្តា ខណៈជនទី១ គឺលោក ហ៊ុន ម៉ាណែត ត្រូវបានចាក់នៅថ្ងៃទី១០ ខែកុម្ភៈ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ១០លានរៀល ជូនដល់អ្នកដែលចាក់វ៉ាក់សាំងទី២លាននេះ។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានឧបត្ថម្ភថវិកាចំនួន៥លានរៀលបែបនេះ ជូនដល់អ្នកចាក់វ៉ាក់សាំងទី១លានផងដែរ កាលពីខែមេសា កន្លងទៅ។ អ្នកចាក់វ៉ាក់សាំងទី១លាន ប៉ះចំលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ការឧបត្ថម្ភថវិការបស់សម្តេចតេជោ ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩។ ជាពិសេស គឺការពារអាយុជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសារពីការវាយប្រហារដោយជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ រហូតមកដល់ពេលនេះ ពលរដ្ឋកម្ពុជាចំនួន២លាននាក់ បានចាក់វ៉ាក់សាំងរួចរាល់។ ចំនួននេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅចំណាត់ថ្នាក់លេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន និងច្រើនជាងគេ ខណៈប្រទេសសិង្ហបុរីឈរនៅលេខរៀងទី១។
រាជរដ្ឋាភិបាលកម្ពុជា មានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានខ្ទង់ ១៣លាននាក់ និងឱ្យរួចរាល់នៅដំណាច់ឆមាសទី១ ឆ្នាំ២០២២៕