ដោយសុខុម
ឌូបៃ: ពេលនិយាយដល់អគារខ្ពស់ៗកប់ពពក យើងប្រាកដជានឹកឃើញដល់ក្រុងឌូបៃ មុនគេ ព្រោះអគារខ្ពស់បំផុតលើពិភពលោកស្ថិតនៅក្នុងទីក្រុងនេះ។ ហើយសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យដែលមានរាងដូចទឹករលកមួយនេះក៏ស្ថិតនៅក្នុងទីក្រុងនេះដែរ។
អគារ Jumeirah Beach Hotel គឺជាសណ្ឋាគារប្រណីតនាមាត់ឆ្នេរដែលស្ថិតលើកោះមួយក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។ អគារកម្ពស់២៦ជាន់នេះត្រូវបានឌីហ្សាញដោយក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស WS Atkins និងសាងសង់ឡើងដោយសណ្ឋាគារ & រីហ្សត Jumeirah ។
ដំណើរការសាងសង់សណ្ឋាគារនេះបានបញ្ចប់ជាស្ថាពរក្នុងឆ្នាំ១៩៩៧ ហើយក៏ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំដដែល។
សណ្ឋាគារនេះមានបន្ទប់ធម្មតា និងបន្ទប់ស្វីត (Suite) ចំនួន៥៩៨បន្ទប់ បន្ទប់ប្រភេទវីឡាចំនួន១៩បន្ទប់ និងភោជនីយដ្ឋាន & បារចំនួន២០ ហើយដំណើរការដោយក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារ Jumeirah ដែលមានមូលដ្ឋាននៅក្រុងឌូបៃ។
សណ្ឋាគារដែលត្រូវបានជួសជុលកែកុនឡើងវិញក្នុងឆ្នាំ២០១៨ នេះកាន់កាប់ផ្ដាច់មុខនូវទីតាំងមួយលើឆ្នេរខ្សាច់ ហើយភ្ញៀវដែលមកស្នាក់នៅទីនេះមានឆ្នេរខ្សាច់ទំហំ៣៣.៨០០ម៉ែត្រការ៉េសម្រាប់លេងជាលក្ខណៈឯកជន។ នៅក្បែរសណ្ឋាគារនេះមានសួនទឹក Wild Wadi Water Park ដែលភ្ញៀវអាចចូលកម្សាន្តដោយសេរី។
វាមានឈ្មោះដើមថា Chicago Beach Hotel ប៉ុន្តែក្រោយមកត្រូវបានប្ដូរឈ្មោះថ្មីថា Jumeirah Beach Hotel រហូតមកទល់បច្ចុប្បន្ន។
នៅពេលសាងសង់បញ្ចប់ជាស្ថាពរក្នុងឆ្នាំ១៩៩៧ សណ្ឋាគារកម្ពស់៩៤ម៉ែត្រនេះបានក្លាយជាអគារខ្ពស់បំផុតទី៩នៅក្រុងឌូបៃ ហើយបច្ចុប្បន្នវាបានធ្លាក់មកនៅចំណាត់ថ្នាក់លេខជាង១០០ ។ ទោះបីជាបែបនេះក្ដី ក៏សណ្ឋាគារនេះនៅតែជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងទីក្រុងឌូបៃ៕