ដោយៈ ប៊ី
ភ្នំពេញៈ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់ថវិកាជាង១១លានដុល្លារអាមេរិក ដើម្បីជួយប្រទេសកម្ពុជាក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID កាលពីសប្តាហ៍មុន។
ធនធានបន្ថែមទាំងនេះផ្អែកលើការគាំទ្រដែលមានស្រាប់ដល់ប្រជាជនកម្ពុជា ដែលភាគច្រើនត្រូវបានសម្របសម្រួល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតសាកល។
ជំនួយសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ បានជួយប្រទេសកម្ពុជាក្នុងការការពាររក និងឆ្លើយតបចំពោះការរាតត្បាតរាតត្បាត។ ធនធានទាំងនេះបានជួយប្រទេសកម្ពុជា លលើការចូលរួមសហគមន៍ ការការពារការឆ្លង ការគ្រប់គ្រងឆ្លង ប្រព័ន្ធមន្ទីរពិសោធន៍ និងទំនិញចាំបាច់។
USAID ក៏បានលើកឡើងពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសង្គមភ្លាមៗ និងបន្ទាប់បន្សំ ដែលបណ្តាលមកពីជំងឺកូវីដ១៩ ទៅលើប្រជាជនកម្ពុជាជា ពិសេសកុមារ និងក្រុមគ្រួសារដែលងាយរងគ្រោះ។ ទីភ្នាក់ងារ USAID បាននិងកំពុងធ្វើការ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការបិទសាលារៀននៅលើការអប់រំរបស់កុមារ ក្នុងកំឡុងពេលមានជំងឺរាតត្បាត តាមរយៈការគាំទ្រសម្រាប់ការរៀនសូត្រតាមអនឡាញ និងចែករំលែកសម្ភារៈអប់រំ និងព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាផ្សេងទៀត។
ទីភ្នាក់ងារ USAID ក៏បានគាំទ្រដល់វិស័យសាធារណៈ និងឯកជន និងសង្គមស៊ីវិល ក្នុងការរួមបញ្ចូលការការពារកុមា ជាមួយសេវាកម្មវេជ្ជសាស្រ្ត និងសង្គមដើម្បីធានាថាកុមារត្រូវបានការពារ។ លើសពីនេះទៀត ដើម្បីលើកកម្ពស់ជីវភាពសេដ្ឋកិច្ចសម្រាប់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត ទីភ្នាក់ងារ USAID កំពុងពង្រីកការងារជាមួយវិស័យឯកជន តាមរយៈការបង្កើតទំនាក់ទំនងទីផ្សារនៅក្នុងកសិកម្មអេកូទេសចរណ៍ និងផលិតផលមិនមែនព្រៃឈើ។
ការខិតខំរបស់ទីភ្នាក់ងារ USAID ឆ្លុះបញ្ចាំងពីភាពជាដៃគូយូរអង្វែងរបស់សហរដ្ឋអាមេរិកជាមួយប្រជាជនកម្ពុជា។ ក្នុងរយៈពេលជាង៣ទសវត្សចុងក្រោយនេះ ទីភ្នាក់ងារ USAID បានវិនិយោគទឹកប្រាក់ជាង១,៥ពាន់លានដុល្លារនៅកម្ពុជា ក្នុងនោះមានថវិកាជាង៤០០លានដុល្លារអាមេរិកក្នុងការជួយដោះស្រាយអត្រាមរណភាពទារកអាយុក្រោម៥ឆ្នាំ អត្រាមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីបង្កើនសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការផ្តល់ហិរញ្ញវត្ថុ និងគ្រប់គ្រងភ័ស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន។
ទីភ្នាក់ងារ USAID បានជួយពង្រឹងគោលនយោបាយ និងប្រព័ន្ធសុខាភិបាលជាតិរបស់ប្រទេសកម្ពុជា ពង្រីកការផ្សព្វផ្សាយតាមសហគមន៍ និងលើកកម្ពស់ការទទួលបានសេវាសុខភាពប្រកបដោយគុណភាព។ ទីភ្នាក់ងារ USAID ក៏បានជួយក្នុងការពង្រីកមូលនិធិសមធម៌សុខភាពនៅទូទាំងប្រទេស ដែលជាគម្រោងគាំពារសុខភាពសង្គមនៅកម្ពុជា ដែលបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាក្រីក្រជាង៣លាននាក់ ទទួលបានសេវាសុខភាពដោយមិនគិតថ្លៃ៕