កម្ពុជានឹងទាក់ទាញក្រុមហ៊ុនវិនិយោគអាមេរិកកាន់តែច្រើន ខណៈប្រទេសនេះមានបរិយាកាសវិនិយោគកាន់តែប្រសើរឡើង

0

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា កម្ពុជានឹងទាក់ទាញវិនិយោគិនជាច្រើនពីសហរដ្ឋអាមេរិកនា ពេលអនាគត តាមរយៈការវិនិយោគលើផ្នែកអេឡិចត្រូនិច និងផ្នែកឧស្សាហកម្មធុនមធ្យមនៅកម្ពុជា ទៅតាមរបត់នៃចន្តរសេដ្ឋកិច្ច។

អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍បានថ្លែងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនរបស់អាមេរិកទទួលជោគជ័យនៅកម្ពុជាមានជាច្រើន ដែលកត្តាទាំងនេះបានកើតឡើងពីទំទុកចិត្ត ក្នុងនោះសម្រាប់បរិបថនៃប្រជាជនកម្ពុជាវិញ គឺនៅតែស្រឡាញ់គោលការណ៍ និងការស្រឡាញ់គុណភាពផលិតផលរបស់សហរដ្ឋអាមេរិកជាដើម។

លោកបណ្ឌិតបានបន្តថា ក្នុងនោះចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនអាមេរិក ក៏ដោយសារមានការរួមចំណែករវាងរាជរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ការប្រកួតប្រជែងនៅកម្ពុជាស្នើរភាពគ្នាជាដើម ដែលនាំឲ្យ សហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ន បានក្លាយជាដៃគូយ៉ាងសំខាន់ នៅក្នុងវិស័យពាណិជ្ជកម្ម ។

លោកបណ្ឌិតបានបន្តទៀតថា ពាក់ព័ន្ធការវិនិយោគនេះ កម្ពុជាគឺជាប្រទេសដែលមានទីផ្សារតូច ក្នុងនោះកម្ពុជាក៏បានដើរក្រោយគេបន្តិចនៅក្នុងតំបន់អាស៊ានដូចជា ប្រទេសវៀតណាម និងប្រទេសថៃជាដើម តែនៅពេលខាងមុខ លោកបណ្ឌិត រំពឹងថា វិនិយោគិនសហរដ្ឋអាមេរិក នឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសរុញការវិនិយោគលើវិស័យអេឡិចត្រូនិច នឹងឧស្សាហកម្មធុនមធ្យមដូចជា ផ្នែកតម្លើងរថយន្ត និងការតម្លើងគ្រឿងចក្រផ្សេងៗទៀតនៅកម្ពុជា គឺស្របតាមរបត់នៃចន្តរសេដ្ឋកិច្ច ខណៈប្រទេសមួយចំនួននឹងអាចដើរផុតវិស័យនេះ ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធពីអឺរ៉ុប ក៏ដូចGSP ពីអាមេរិក និងទទួលប្រព័ន្ធGSP ពីអង់គ្លេស ហើយក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយច្រើនជាបណ្តាប្រទេសមួយចំនួន។

លោកឧកញ៉ាបានថ្លែងថា ទាំងអស់នេះ ជាកត្តាដែលទាក់ទាញវិនិយោគប្រទេសកម្ពុជា ស្របពេលដែលអាមេរិក និងចិនដំឡើងពន្ធលើគ្នាទៅវិញទៅមក ក្នុងសង្រ្គាមពាណិជ្ជកម្ម ដូច្នេះវាធ្វើឱ្យមានប្រទេសណា ដែលមានភាពអនុគ្រោះពន្ធ ដូចជាប្រទេសកម្ពុជា គឺគេសម្លឹងឃើញហើយ។

លោកឧកញ៉ាបានថ្លែងបន្តទៀតថា ដើម្បីអាចឱ្យក្រុមហ៊ុនអាមេរិកនាំចេញទៅចិនងាយស្រួល គឺមានក្រុមហ៊ុនមកផលិតនៅកម្ពុជា ព្រោះមានភាពអនុគ្រោះ ហើយដើម្បីងាយស្រួលក្នុងការនាំចេញអាមេរិក ចិននឹងមកផលិតនៅកម្ពុជាផងដែរ ដោយសារកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធGSPនាំចេញទៅអាមេរិក។

ដូច្នេះភាពទាក់ទាញទាំងនេះហើយ ដែលធ្វើឱ្យទាំងក្រុមហ៊ុនអាមេរិក និងចិនកំពុងសម្លឹងឃើញកម្ពុជាយើង ហើយមិនត្រឹមតែក្រុមហ៊ុនអាមេរិក និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រុមហ៊ុនពីប្រទេសផ្សេងៗ ដែលមានបំណងចង់នាំចេញទៅប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ក៏សម្លឹងរកប្រទេសកម្ពុជាជាទីតាំងផលិតផងដែរ។

ទាក់ទងនិងការវិនិយោគរបស់ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកនៅកម្ពុជា បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញឲ្យដឹងថា គិតមកដល់បច្នុប្បន្ន ចំនួនក្រុមហ៊ុន និងសហគ្រាសរបស់សហរដ្ឋអាមេរិក ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មសរុបមានចំនួន៤២៧ ក្នុងនោះក្រុមហ៊ុនមានចំនួន៣៨៧ និងសហគ្រាសមានចំនួន៤០សហគ្រាស។

ចំពោះក្រុមហ៊ុនដែលបានចុះបញ្ជី និងកំពុងប្រតិបត្តិការនៅកម្ពុជា, នាពេលថ្មីៗនេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកក្នុងពិរព័ណ៌តាមរយៈអេឡិចត្រូនិច ថា ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកដូចជា៖ ក្រុមហ៊ុន Ford, Facebook, Coca-Cola និងក្រុមហ៊ុន Piza ជាដើម បច្ចុប្បន្នកំពុងទទួលបានជោគជ័យនៅកម្ពុជា ក្នុងនោះឯកឧត្តមសង្ឃឹមថា នឹងមានក្រុមហ៊ុនសហរដ្ឋអាមេរិកផ្សេងៗទៀត អាចទទួលបានភាពរីកចម្រើនកាន់តែច្រើននៅក្នុងមុខរបរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here