ដោយៈវឌ្ឍនៈ
ភ្នំពេញៈ វិនិយោគិនដែលជោគជ័យ និងវៃឆ្លាត គឺគេវិនិយោគទៅវិស័យជាច្រើនក្នុងពេលតែមួយ និងមិនផ្ដោតទៅលើតែវិស័យមួយឡើយ ព្រោះពេលមានវិបត្តិដោយសារតែកត្តាណាមួយនេះ អ្នកវិនិយោគលើវិស័យតែមួយ នឹងប្រឈមនឹងហានិភ័យខ្ពស់ជាងអ្នកដែលវិនិយោគលើច្រើនវិស័យឬហៅថាវិនិយោគចម្រុះ។
លោកង៉ែត ជូនដែលជាអ្នកជំនាញហិរញ្ញវត្ថុនៅកម្ពុជាមួយរូបបានឱ្យដឹងតាមទូឬរស័ព្ទកាលពីថ្ងៃទី១៧ ឧសភានេះថា នៅពេលដែលប្រទេសមានបញ្ហាដោយសារតែសេដ្ឋកិច្ច ដូចជាអតិផរណាឡើងខ្ពស់ ម្ចាស់អាជីវកម្មដែលមានអាជីវកម្មច្រើនក្នុងដៃ និងច្រើនវិស័យអាចយកពីអាជីវកម្មមួយ មកទប់នឹងអាជីវកម្មមួយទៀត ដែលអាចទប់មិនឱ្យអាជីវកម្មណាមួយធ្លាក់ចុះខ្លាំង ដូច្នេះហើយទើបការវិនិយោគចម្រុះ មានអត្ថប្រយោជន៍ច្រើនជាងការវិនិយោគតែមួយវិស័យ។
លោកបន្តថា “នៅប្រទេសរីកចម្រើន គេមានជម្រើសវិនិយោគច្រើនប្រភេទ តែភាគច្រើនគេចូលចិត្តវិនិយោគលើផ្សារហ៊ុន ដែលការវិនិយោគពេញនិយម សម្រាប់វិនិយោគិននិងពលរដ្ឋរបស់គេ”។លោកបន្តថា “ការវិនិយោគលើផ្សារហ៊ុននេះ ក៏មានច្រើនបែបច្រើនសណ្ឋានដែរ ដូចជា ការវិនិយោគទៅលើក្រុមហ៊ុនណាមួយដាច់ដោយឡែក ជាក់ស្ដែងមានក្រុមហ៊ុន Microsoft ក្រុមហ៊ុន Tesla ជាដើម ។ ក្រៅពីនោះក៏មានការវិនិយោគលើផ្សារហ៊ុនរួម ការវិនិយោគទៅលើអត្រាប្តូរប្រាក់ដទៃទៀតផងដែរ”។
លោកង៉ែត ជូបានបន្ថែមថា សម្រាប់ប្រទេសកម្ពុជា វិនិយោគិនអាចជ្រើសរើសនូវប្រភេទវិនិយោគទៅតាមចំណងចំណូលចិត្ត និងសក្ដានុពលនៃការវិនិយោគ ជាពិសេសគួរវិនិយោគអ្វីដែលជាជំនាញរបស់ខ្លួន បើសិនជាវិនិយោគិនទៅបណ្ដាក់ទុនវិនិយោគនូវប្រភេទវិស័យដែលមិនដឹងមិនចេះគឺមានហានិភ័យខ្លាំងណាស់ ។
លោកធួន ស៊ីណានប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាហ្វិកកម្ពុជាបានឡើងលើកថា ការវិនិយោគចម្រុះនឹងជួយឱ្យអាជីវកម្មមួយ ជួយទប់អាជីវកម្មមួយទៀតនៅពេលមានបញ្ហា ជាក់ស្ដែងដូចនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ អ្នកវិនិយោគលើវិស័យទេសចរណ៍ ពិតជាមានហានិភ័យខ្ពស់និងប្រឈមខ្លាំង ព្រោះវិស័យនេះបានធ្លាក់ចុះខ្លាំង។ តែបើសិនជាម្ចាស់អាជីវកម្មនោះ មានការវិនិយោគផ្សេងក្រៅពីទេសចរណ៍ គេអាចយកផលចំណេញពីអាជីវកម្មផ្សេងនោះមកជួយទប់ទេសចរណ៍។
លោកបានបន្តថា នៅក្នុងវិបត្តិកូវីដ១៩ លោកមើលឃើញថាអ្នកប្រកបអាជីវកម្មវិស័យទេសចរណ៍ជាច្រើន បានងាកទៅរកការវិនិយោគលើអចលនទ្រព្យតែមួយមុខ ដែលការណ៍នេះ លោកគិតថាវាមិនអាចទទួលបានប្រាក់ចំនេញនោះទេ ពួកគេគួរតែងាកទៅរកអាជីវកម្មណា ដែលមានតម្រូវការខ្ពស់នៅក្នុងដំណាក់កាលនេះ ដូចជាវិស័យកសិកម្ម ដែលម្នាក់ៗត្រូវការស្បៀង បរិភោគប្រចាំថ្ងៃជាដើម៕