ដោយៈ លក្ខិណា
ភ្នំពេញៈ បច្ចុប្បន្ននេះ វិនិយោគិនបរទេស ដែលដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា គឺជាវិនិយោគិនជនជាតិចិន ហើយការវិនិយោគភាគច្រើនត្រូវបានធ្វើឡើងក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែថ្មីៗនេះ វិនិយោគិនចិនបានចាប់ផ្ដើមដាក់ទុនវិនយោគលើវិស័យកសិកម្មបន្ថែមពីលើវិស័យដែលពួកគេបានដាក់ទុនរួចហើយ។
លោកឧកញ៉ាចេង ខេង អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យCPL បានមានប្រសាសន៍នៅក្នុងសន្និសីទតាមវីដេអូនអនឡាញកាលពីព្រឹកថ្ងៃទី២០ ឧសភា ២០២១នេះថា បច្ចុប្បន្ននេះចិនក៏បានសម្លឹងមើលឃើញវិស័យកសិកម្ម សម្រាប់ការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ ពីព្រោះប្រទេសចិនក៏បាននាំចូលផលិតផលកសិកម្មពីកម្ពុជាច្រើនដែរក្នុងមួយឆ្នាំៗ ដូចជាចេកអំបូងលឿង ស្វាយស្រស់ និងដំណាំផ្សេងៗទៀតកំពុងចរចានាំចេញ។
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកវេង សាខុនឱ្យដឹងថា ចិនគឺជាទីផ្សារធំមួយនៃផលិតផលកសិកម្មរបស់កម្ពុជា តែកម្ពុជាត្រូវតែពង្រឹងគុណភាពផលិតផលរបស់ខ្លួនបន្ថែមដើម្បីអាចឈានជើងចូលទីផ្សារនៃប្រទេសចិន។
លោកបានបន្ថែមថា តាមពិតកម្ពុជាមានផលិតផលជាច្រើនដែលអាចនាំចេញទៅចិនបានព្រោះមានតម្រូវការខ្ពស់ តែដោយសារតែរបាំងនៃភូតគាមអនាម័យ ទើបធ្វើឱ្យកម្ពុជាត្រូវរាំងស្ទះក្នុងការនាំចេញ ហើយក៏ត្រូវការពិនិត្យល្អិតល្អន់ពីសំណាក់អ្នកជំនាញចិនផងដែរ។
វិស័យកសិកម្មរបស់កម្ពុជា ក៏មានវិនិយោគិនជាច្រើនបាននិងកំពុងបណ្ដាក់ទុនវិនិយោគដើម្បីកែច្នៃនិងនាំចេញទៅកាន់ទីផ្សារប្រទេសចិនវិញ ក្នុងនោះក៏មានចេកអំបូង ដំឡូងមី និងផលិតផលកសិកម្មផ្សេងទៀត ។ហើយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាចិន និងទាក់ទាញវិនិយោគិនបន្ថែមមកបណ្ដាក់ទុនវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ការវិនិយោគរបស់ចិន មានច្រើនណាស់នៅអាស៊ីនិងពិភពលោក ហើយបើនិយាយពីការវិនិយោគអចលនទ្រព្យវិញ ការវិនិយោគជនជាតិចិនចូលចិត្តកសាងបណ្ដុំសហគមន៍របស់គេ។
លោកបានបន្តថា នៅក្នុងប្រទេសកម្ពុជា តំបន់ពីរដែលជនជាតិបានចាប់ផ្ដើមកសាងសហគមន៍របស់គេ គឺនៅក្នុងខេត្តព្រះសីហនុនិងនៅរាជធានីភ្នំពេញ រួមទាំងផ្នែកខ្លះនៃខេត្តកោះកុង (តារាសាគរ)៕