អ្នកជំនាញព្យាករណ៍ថា អចលនទ្រព្យក្នុងស្រុកនឹងមានកំណើនទិញលក់នៅឆមាស ទី២ ឆ្នាំ ២០២១នេះ

0

ដោយៈរតនៈ
ភ្នំពេញៈប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានព្យាករណ៍ថា អចលនទ្រព្យក្នុងស្រុកនឹងមានកំណើន ទិញលក់នៅឆមាសទី២ឆ្នាំ ២០២១នេះ ខណៈដែលវិនិយោគិនបរទេស នឹងចាប់ផ្ដើមចូលមកកម្ពជាបណ្ដើរៗនៅក្នុងឆ្នាំ ២០២២។

ក្នុងសន្និសិទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពទីផ្សារអចលនវត្ថុក្នុងកំឡុងកូវីដ-១៩ នាព្រឹកថ្ងៃទី២០ ឧសភានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម មានប្រសាសន៍ថា នៅចុងឆមាសទី១ឆ្នាំ២០២១គឺមានការផ្ទុះឡើងវិញជំងឺកូវីត១៩ តាមរយៈព្រឹត្តិការណ៍ ២០កុម្ភៈ ដែលធ្វើឲ្យការទិញលក់អចលនទ្រព្យនៅកម្ពុជា ហាក់មានការរាំងស្ទះ។

ប៉ុន្តែលោកច្រឹក សុខនីម ព្យាករណ៍ថា ចរន្តនៃការទិញ លក់ អចលនទ្រព្យនៅកម្ពុជា នឹងមានកំនើនឡើងវិញ នៅក្នុងឆមាសទី២នៃឆ្នាំ២០២១នេះ។

លោកពន្យល់ថា “មូលហេតុដែលចរន្តនៃការទិញ លក់ អចលនទ្រព្យនៅកម្ពុជាមិនអាចងើបឡើងវិញបាន ដោយសារតែមិនទាន់អាចគ្រប់គ្រងបាន នូវការរីករាលដាលជំងឺកូវីត១៩”។លោកបន្តថា “ប៉ុន្តែប្រសិនបើរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងបានហើយនោះ ជាពិសេសចំនួនអ្នកចាក់វ៉ាក់សាំងការពារកាន់តែច្រើន វិស័យទិញដូរអចលនទ្រព្យនេះនឹងងើបឡើងវិញ ព្រោះទាំងអតិថិជន និងអ្នកវិនិយោគបារម្ភពីសុខភាព និងសុវត្ថិភាពរបស់ពួកគាត់”។

លោកច្រឹក សុខនីមបានបន្តថា នៅក្នុងប្រទេសកម្ពុជា គឺមានសក្ដានុពលខ្ពស់សម្រាប់វិស័យទិញលក់អចលនទ្រព្យ ហើយរកនូវប្រាក់ចំណូលខ្ពស់ពីវិស័យអចលនទ្រព្យបើធៀបនឹងប្រទេសក្នុងតំបន់។

លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាលសមាគមCVEAបានមានប្រសាសន៍ឲ្យដឹងផងដែរថា និន្នាការវិនិយោគ ការទិញលក់ ក្នុងវិស័យនេះនឹងងើបឡើងវិញលឿន ដោយសារកម្ពុជា នៅតែមានឱកាសរកបានផលចំណេញពីការវិនិយោគ ពិសេសអ្នកវិនិយោគនៅក្នុងវិស័យនេះនៅតែរកបានផលចំណេញ និងទទួលបានជោគជ័យ លើកលែងតែការទិញប៉ះចំអចលនទ្រព្យដែលមានបញ្ហា។

លោកបន្តថា “អ្នកវិនិយោគអន្តរជាតិនឹងចូលមកកាន់តែច្រើន ហើយពេលបញ្ចប់វិបត្តិនេះ វិស័យអចលនទ្រព្យនឹងស្ទុះងើបលឿនជាងមុនពេលមានវិបត្តិផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here