មេដឹកនាំចិន និងសហភាពអឺរ៉ុបចូលរួមជាមួយគ្នាក្នុងកិច្ចប្រជុំកំពូលសុខាភិបាលពិភពលោក

0

ដោយៈសុខុម

ប្រទេសចិន: ប្រទេសជាសមាជិកសំខាន់ៗ នៃសហភាពអឺរ៉ុប និងមហាយក្សចិន បានចូលរួមជាមួយគ្នា ក្នុងកិច្ចប្រជុំកំពូលសុខាភិបាលពិភពលោក (Global Health Summit) របស់ G20 កាលពីថ្ងៃសុក្រ ទី២១ ឧសភា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា ការចូលរួមក្នុងកិច្ចប្រជុំនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីសភាសហភាពអឺរ៉ុប បង្កកការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងវិនិយោគចិន-សហភាពអឺរ៉ុប ដែលធ្វើឱ្យទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុប “ល្អក់កករកាន់តែខ្លាំង”។

ក្រុមអ្នកសង្កេតការណ៍ចិនជឿថា រដ្ឋាភិបាលនៃបណ្ដាប្រទេស ជាសមាជិកសហភាពអឺរ៉ុប បានមើលឃើញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយប្រទេសចិន គឺជាអ្វីដែលអនុលោម ទៅតាមផលប្រយោជន៍របស់អឺរ៉ុប ខណៈភាគីទាំង២មានការមូលមតិគ្នាកាន់តែទូលំទូលាយ លើពហុភាគីនិយម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ពិភពលោក រួមទាំងបញ្ហាសុខាភិបាលសាធារណៈផងដែរ ទោះបីជាខ្វែងគំនិតគ្នាខាងនយោបាយក៏ដោយ។

នៅទីបំផុត ស្ថាប័ន និងរដ្ឋាភិបាលកាន់តែច្រើន នៅក្នុងសហភាពអឺរ៉ុប នឹងដឹងពីការប្រើប្រាស់បញ្ហាសិទ្ធិមនុស្សធ្វើជាលេស ដើម្បីរារាំងកិច្ចសហប្រតិបត្តិការជាមួយប្រទេ​សចិន។

យោងតាមសារព័ត៌មាន Global Times ឱ្យដឹងថា ក្រុមអ្នកវិភាគនិយាយថា “សេដ្ឋកិច្ចរបស់សហគមន៍អឺរ៉ុប មិនអាចងើបឡើងវិញដោយពិតប្រាកដ ប្រសិនជាគ្មានប្រទេសចិននោះឡើយ ហើយកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ ក៏មិនអាចកើតឡើងដោយគ្មានប្រទេសចិននោះដែរ”។

គិតត្រឹមម៉ោងចុះផ្សាយព័ត៌មាននេះ សេតវិមានមិនបានប្រកាសថា តើប្រធា​នាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះឬក៏អត់នោះទេ។

កិច្ចប្រជុំកំពូល ដែលប្រព្រឹត្តទៅនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីនេះ គឺជាព្រឹត្តិការណ៍ពិសេស ដែលក្រុមប្រទេសG20 ធ្វើជាប្រធាន ហើយរៀបចំដោយប្រទេសអ៊ីតាលី ក្រោមកិច្ចសហការជាមួយគណៈកម្មការអឺរ៉ុប។

ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដែលទទួលបានការអញ្ជើញពីនាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen គ្រោងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និងថ្លែងសុន្ទរកថាតាម Video Conference ពីទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រម្សិលមិញ។

លទ្ធផលដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះគឺ “សេចក្តីប្រកាសទីក្រុងរ៉ូម” នៃគោលការណ៍ ដែលនឹងក្លាយជាគោលការណ៍ណែនាំដ៏មានឥទ្ធិពល សម្រាប់កិច្ចសហប្រតិបត្តិការពហុភាគីបន្ថែមទៀត និងវិធានការរួម ដើម្បីទប់ស្កាត់វិបត្តិសុខាភិបាលពិភពលោកនាពេលអនាគត និងសម្រាប់ការប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការកសាងពិភពលោក ដែលមានប្រព័ន្ធសុខាភិបាលកាន់តែរឹងមាំ កាន់តែមានសុវត្ថិភាព កាន់តែមានយុត្តិធម៌ និងកាន់តែមាននិរន្តរភាព។

កិច្ចប្រជុំកំពូលនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសចិន និងអឺរ៉ុប ហើយភាគីទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការ យ៉ាងទូលំទូលាយផ្នែកបម្រែប ម្រួលអាកាសធាតុ ការការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ក៏ដូចជាការទប់ស្កាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរផងដែរ។

លោក Cui Hongjian ប្រធានដឺប៉ាតេម៉ង់សិក្សាអំពីអឺរ៉ុបនៃវិទ្យាស្ថានចិន ដើម្បីការសិក្សាអំពីអន្តរជាតិ China Institute of International Studies បានប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃសុក្រម្សិលមិញនេះថា កិច្ចប្រជុំកំពូលនេះ ឆ្លុះបញ្ចាំងពីការមូលមតិគ្នាកាន់តែទូលំទូលាយរវាងភាគីទាំង២ លើការប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា របស់ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here