ដោយ សុខុម
ហ្សាការតា: ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើប Aeon Mall ដែលស្ថិតក្រោមក្រុមហ៊ុនផ្សារទំនើបដ៏ធំ Aeon របស់ប្រទេសជប៉ុន បានពន្យារពេលគម្រោងសាងសង់ផ្សារទំនើបមួយរបស់ខ្លួននៅក្នុងទីក្រុងយ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារដោយយោធា។ នេះបើយោងតាមសារព័ត៌មាន The Jakarta Post ចុះផ្សាយកាលពីសប្ដាហ៍កន្លងទៅ។
ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើបនេះគ្រោងចាប់ផ្ដើមការសាងសង់នៅរដូវក្ដៅនេះ ប៉ុន្តែស្ថានភាពមិនប្រាកដប្រជាបានធ្វើឱ្យប៉ះពាល់ដល់គម្រោងនេះក្រោយរដ្ឋប្រហារដោយយោធាកាលពីខែកុម្ភៈ នៅក្នុងប្រទេសជាសមាជិកអាស៊ាន មួយនេះ។
ក្រុមហ៊ុន Aeon Mall បានបង្កើតការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុកមួយដើម្បីបើកផ្សារទំនើបមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០២៣។
ប្រភពដែលស្និទ្ធនឹងគម្រោងអភិវឌ្ឍន៍នេះបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនជប៉ុន មួយនេះមិនគិតចង់ដកខ្លួនចេញពីគម្រោងនេះឡើយ ប៉ុន្តែនឹងធ្វើការកែសម្រួលខ្លះលើផែនការរបស់ខ្លួនដើម្បីសម្របទៅនឹងទិន្នាការរបស់អ្នកប្រើប្រាស់ និងស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។
រដ្ឋាភិបាលមីយ៉ាន់ម៉ា បានអនុម័តគម្រោងពាក់ព័ន្ធមួយដែលមានទំហំវិនិយោគ១៨០លានដុល្លារកាលពីឆ្នាំមុន៕