ដោយៈគង់ សូរិយា
ព្រះសីហនុៈ នៅទីបំផុត ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេចបានវឌ្ឈនភាពរបស់ខ្លួនយ៉ាងប្រសើរ ដោយ ច្រកចេញនៃស្ពានបម្លាស់ទិសទី១នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានសម្រេចរួចរាល់ហើយ ដែលយានជំនិះអាចធ្វើដំណើរចេញ ឬចូលតាមផ្លូវល្បឿនលឿន។
ការបើកឲ្យធ្វើចរាចរបាននេះ ជាការជួយសម្រួលក្នុងការដឹកជញ្ជួនឲ្យមានភាពងាយស្រួល និងឆាប់រហ័ស។ នេះបើយោងតាមទំព័រផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។
យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ៥១,៣៥ភាគរយហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
ទោះបីជាប្រទេសកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូជំនះនូវស្ថានភាពដ៏លំបាកនេះបាន។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ១៩០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕