ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានថ្លែងថា គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជាឲ្យទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងពិធីប្រគល់ និងទទួលឯកសារគោលនយោបាយដំឡូងមី នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះថា ឯកសារគោលនយោបាយដំឡូងមីផ្តល់នូវចក្ខុវិស័យ និងវិធីសាស្រ្តរៀបចំខ្សែសង្វាក់តម្លៃសំខាន់ៗ ដើម្បីឲ្តដំណាំនេះទទួលបានទិន្នផល និងមានតម្លៃខ្ពស់ចឆ្លើយតបទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ការរៀបចំឯកសារគោលនយោបាយនេះ មានការសហការជាមួយអង្គការសហប្រជាជាតិ យូអ៊ិនឌីភី (UNDP) និងស្ថាប័នពាក់ព័ន្ធ ធ្វើការចងក្រងឯកសារដ៏មានសារៈសំខាន់នេះឡើង ដើម្បីបម្រើការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា ដែលជាដំណាំសក្តានុពលទី២ បន្ទាប់ពីដំណាំស្រូវ និងជាផលិតផលអាហារប្រចាំសតវត្សរ៍ទី២១។
លោកបណ្ឌិត រីឆាត ម៉ាស្ហល សេដ្ឋវិទូនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានថ្លែងថា គោលនយោបាយដំឡូងមី នឹងប្រែក្លាយដំឡូងមីទៅជាដំណាំដែលផ្តល់ទិន្នផល និងប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាកសិករក្រីក្រ និងជាផលិតផលដែលបម្រើការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តគោលនយោបាយ រចនាសម្ព័ន្ធអភិបាលកិច្ច ត្រូវបានបង្កើតឡើង ហើយខ្សែសង្វាក់តម្លៃដំឡូងមី ត្រូវបានបែងចែកជាផ្នែកៗ ដើម្បីតភ្ជាប់ជាមួយវិស័យអទិភាពផ្សេងទៀត។
កាលពីឆ្នាំ២០១៧កម្ពុជាបានក្លាយជាប្រទេស ដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗ ទាំង១០នៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី៤០០ពាន់ហិកតា ដល់៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង១៣លានតោន។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានកំពុងប្រឹងប្រែងជំរុញការនាំចេញផលិតផលដំឡូងមី ទៅកាន់ប្រទេសចិន ដោយសារតែប្រទេសទាំងពីរបានចុះហត្ថលេខាលើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យ និងអនាម័យ ហើយបានកំពុងសិក្សាពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្មទីផ្សារនាំចេញ៕