ដំំណឹងល្អៈរដ្ឋសភាអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិនហើយ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋសភាបានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិនហើយ នាព្រឹកថ្ងៃទី១៥ មិថុនានេះ ខណៈមន្រ្តីពាណិជ្ជកម្មបានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ផលប្រយោជន៍៍ជាច្រើនដល់កម្ពុជា។

សម្តេចពញ្ញាចក្រីហេង សំរិនប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំនេះ តាមរយៈប្រព័ន្ឋវីដេអូ ដោយអង្គប្រជុំក៏បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ជាមួយគ្នានេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ជូនដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន នឹងផ្តល់ផលប្រយោជន៍ច្រើនសំរាប់កម្ពុជា ដោយកម្ពុជាអាចពង្រីកទំហំពាណិជ្ជកម្មទៅកាន់ប្រទេសចិន និងធ្វើឲ្យកម្ពុជាអាចទាក់ទាញក្រុមហ៊ុនចិន អាមេរិក អឺរ៉ុបច្រើនមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទំនិញទៅកាន់ប្រទេសចិនដោយរួចពន្ឋ។

លោកបន្តថា “បើកម្ពុជាធ្វើបានល្អ កម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលផលិតទំនិញរបស់ចិន ដើម្បីចែកចាយទៅកាន់់បណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាច្រើនទៀតនៅលើពិភពលោក”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here