ក្រសួងទេសចរណ៍ចាប់ផ្តើមជំរុញជំនាញទេសចរណ៍ដល់មូលដ្ឋាន

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជាបានចាប់ផ្តើមបញ្រ្ជាប និងពង្រីកចំណេះដឹងលើ​វិស័យនេះដល់មូលដ្ឋាន តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងគ្រូបង្គោលស្ម័គ្រ​ចិត្ត ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះកាន់តែមាននរន្តរភាព។

មានប្រសាសន៍នៅក្នុងពិធីសំណេះ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមជ័យលាភីចំនួន១៣០០នាក់ ផ្នែកបដិសណ្ឋារកិច្ច និង​សេវាកម្មម្ហូបអាហារ និងភេសជ្ជៈនាព្រឹក​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការចូលរួមចែករំលែកចំណេះ របស់គ្រូបង្គោលផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងអភិវឌ្ឍអាជីពក្នុងជំនាញវិជ្ជាជិវៈទេសចរណ៍នៅកម្ពុជាឱ្យកាន់ តែល្អប្រសើរឡើងដើម្បីប្រកួតប្រជែងការងារនៅក្នុងតំបន់ និងអន្តរជាតិ។

លោកបន្តថា គ្រូបង្គោលទាំងនេះជាគ្រូបង្គោល ដែលនឹងចូលរួមបណ្តុះបណ្តាល រួមមានម្ចាស់អាជីវកម្ម ថ្នាក់គ្រប់គ្រង់ក្នុងមូលដ្ឋានសេវាកម្មទេសចរណ៍ នៅរាជធានីភ្នំពេ​ញ ដែលបានទទួលការបណ្តុះបណ្តាល គរុកោសល្យការបណ្តុះបណ្តាលជំនាញបច្ចេក​ទេ​សពីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ តាមរយៈកិច្ចសហ​ប្រតិបត្តិការជាមួយក្លឹបគ្រូបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍ (Tourism Trainers Club)។ លោកបន្តថា មូលដ្ឋានអាជីវកម្មទេសចរណ៍សេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ អាចទំនាក់ទំនងគ្រូចល័តខាងលើ ដើម្បីចែករំលែកបទពិសោធន៍ និងសម្របសម្រួលការបណ្តុះបណ្តាលជំនាញអាស៊ាន ក្នុងក្របខ័ណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាលគ្នាទៅវិញ ទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)។

លោកជួប រតនា ប្រធានផ្នែកស្តង់ដា និងវាយតម្លៃគ្រូបង្គោលអាស៊ានបានអោយដឹងដែរថា ក្រសួងទេសចរណ៍បានដាក់ចុះ ជាពិសេសបានគិតគូរដល់ការពង្រឹង និងទទួលស្គាល់ជំនាញរបស់អ្នកកំពុងបម្រើការងារសេវាកម្មអាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍ តាមរយៈការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពជាក់ស្តែង ដែលសក​ម្មភាពនេះ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រដែលបានដាក់ចុះ រួមមាន ឆ្នាំ២០២០ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន៥០ភាគរយឆ្នាំ២០២៥ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍កម្ពុជាបានចំនួន១០០ភាគរយ ដោយចូលរួមជម្រុញផ្សព្វផ្សាយយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ”។

ជាមួយនឹងកំណើនទេសចរជាតិ និងអន្តរជាតិដ៏ខ្លាំងក្លា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ បានបង្កើតការងារផ្ទាល់បានប្រមាណ៦២ម៉ឺននាក់ ស្មើនឹង១២.៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានប្រមាណ ជិត១លាននាក់ និង២០២៥ជិត១.២លាននាក់ និង ឆ្នាំ២០៣០ បានចំនួន២លាននាក់ ដោយមិនគិតពីការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here