ដោយៈ ប៊ី
ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជារបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិក ក្រុមហ៊ុននានា របស់វៀតណាម រយៈពេល១ខែ ដោយអនុត្ដចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិចុះថ្ងៃ១៣ ខែកក្កដា ជម្រាបទៅកាន់ឯកឧត្ដម ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម។
ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែននេះ អាចធ្វើឡើងទៅបាន សម្រាប់តែអ្នកជំងឺ ដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្រ្ដីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ជប់ការសិក្សា ឬករណីមានការអនុញ្ញាតពិសេសពិរាជរដ្ឋាភិបាល។
លិខិតខាងលើ បានឱ្យដឹងថា ចំពោះបុគ្គលិក និងកម្មការជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្ដាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្ដាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុង ពេលនៃការផ្អាកការចេញចូលបណ្ដោះអាសន្ននេះ។
ជាមួយគ្នានេះ សូមឯត្ដម សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឲ្យអាជ្ញាធរនៃប្រទេសទាំងពីរ ជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូននាំចេញ និងនាំចូលទំនិញនានាដោយអនុវត្ដឲ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាលនៃប្រទេសទាំងពីរ៕