ដោយៈ ម៉ាណេត
ភ្នំពេញៈ សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group របស់កូរ៉េខាងត្បូងសម្រេចពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត និងពង្រីកខ្លួនជាធនាគារពាណិជ្ជ បន្ទាប់ពីកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយ DGB Financial Group ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោកឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានថ្លែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ថា នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ លោក និងសហការីបានចូលរួមជាអធិបតីក្នុងកម្មវិធីសម្ពោធ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគាំពារស្រ្តីបរទេសក្នុងទីក្រុងថេហ្គូ ជាមួយ ប្រធានសម្ព័ន្ធប្រធានDGB Financial Group និងអភិបាលខណ្ឌសហ្គូ ដោយមជ្ឈមណ្ឌលនេះ មានការឧបត្ថមពីធនាគារ DGB Daegu Bank។
ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌល លោកបានថ្លែងថា “ខ្ញុំបានលើកឡើងដោយមោទនភាពអំពីសមិទ្ធផលថ្មីនេះបន្ថែមទៀត នៃកិច្ចការងារការទូតសេដ្ឋកិច្ចរវាងស្ថានទូតកម្ពុជា និងសម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group បន្ទាប់ពីបានចុះMOU ជាមួយគ្នាកន្លងមក”។
លោកក៏បានឆ្លៀតជួបពិភាក្សាការងារដោយឡែកជាមួយនឹងប្រធានសម្ព័ន្ធ DGB Financial Group និងអគ្គនាយកធនាគារ DGB Daegu Bank អំពី ការវិនិយោគបន្ថែមនៅប្រទេសកម្ពុជា លើវិស័យហិរញ្ញវត្ថុ ការបញ្ចុះអត្រាការប្រាក់ពិសេសសម្រាប់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ការផ្ដល់ឱកាសការងារដល់និស្សិតកម្ពុជាដែលបានរៀនចប់នៅប្រទេសកូរ៉េ ដើម្បីបម្រើការងារនៅក្នុងធនាគារ និងការឧបត្ថមគាំទ្រផ្នែកមនុស្សធម៌ទាំងនៅកម្ពុជា និងប្រទេសកូរ៉េ ដល់ប្រជាជនកម្ពុជា។
លោកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានថ្លែងដូច្នេះថា “លទ្ធផល សម្ព័ន្ធ DGB សម្រេចពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត និងពង្រីកខ្លួនជាធនាគារពាណិជ្ជ ហើយបានជ្រើសរើសអគ្គនាយកធនាគារជាជនជាតិខ្មែរ ធនាគារ សម្រេចបញ្ចុះអត្រាការប្រាក់ពិសេសប្រមាណ៤ភាគរយសម្រាប់ប្រជាជនខ្មែរនៅប្រទេសកូរ៉េ”។
លោកបានថ្លែងបន្តថា ការជ្រើសរើសបុគ្គលិកខ្មែរបន្ថែមទៀតដើម្បីបំពេញការងារនៅក្នុងធនាគារ និងបានឧបត្ថមថវិកា ២ម៉ឺនដុល្លាអាមេរិក ដល់ការគម្រោងផ្សព្វផ្សាយវិស័យអប់រំសម្រាប់យុវជននៅកម្ពុជា។
ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូងមានទំហំទឹកប្រាក់សរុប ៣៧៧ លានដុល្លារ ក្នុងរយៈពេលប្រាំខែឆ្នាំ២០២០ កើនឡើង៦,១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
យោងតាមរបាយការណ៍ពីសហគមន៍ពាណិជ្ជកម្មអន្តរជាតិកូរ៉េ ចាប់ពីខែមករា ដល់ខែឧសភា ការនាំចេញទំនិញរបស់ប្រទេសកម្ពុជាទៅទីផ្សារកូរ៉េខាងត្បូង មានទំហំទឹកប្រាក់ ប្រមាណ១៣៩លានដុល្លារ ថយចុះ ០,៤ភាគរយ ធៀបនឹងរយៈពេលប្រាំខែឆ្នាំមុន។ ក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជានាំចូលទំនិញពីកូរ៉េខាងត្បូង មានទំហំទឹកប្រាក់សរុប២៣៧លានដុល្លារ កើនឡើង១០,២ភាគរយ៕