វិភាគៈអ្វីទៅជាយន្តការពហុភាគីនិយម និងមានសារៈសំខាន់ដូចម្តេច?           ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)

0

ភ្នំពេញៈ អត្ថបទ​នេះ​មាន​គោលបំណង​ពិភាក្សា​អំពី​អ្វី​ទៅ ​ដែល​គួរតែ​ជា​ពហុភាគី​និយម និង​អ្វីដែល​មិនគួរ​ជា​ពហុភាគី​និយម ហើយ​លើក​ពី​សារៈសំខាន់​នៃ​ពហុភាគី​និយម​សម្រាប់​មនុស្សជាតិ​។

នៅពេល​យើង​ពិភាក្សា​អំពី​ពហុភាគី​និយម ​យើង​ត្រូវ​ត្រឡប់​ទៅរក​ព្រឹត្តិការណ៍​ពិភពលោក​ និង​តំបន់​ជា​ប្រវត្តិសាស្ត្រ​ឡើងវិញ​ ហើយ​សួរថា ហេតុអ្វី​បានជា​អង្គការ​សហប្រជាជាតិ​ត្រូវបាន​បង្កើត​? ហេតុអ្វី​បានជា​អាស៊ាន​ត្រូវបាន​បង្កើតឡើង​? ហេតុអ្វី​អាស៊ាន​មាន​សមាជិក១០?។

ប្រសិនបើ​យើង​មិន​បិទខ្ទប់​ខ្លួនឯង ​ទៅនឹង​គំនិត​មនោគមន៍វិជ្ជា​ ឬ​ភូមិសាស្ត្រ​នយោ​បាយ​ទេ ​យើង​អាច​ទទួលបាន​ចម្លើយ​សាមញ្ញ​សម្រាប់​មនុស្ស​គ្រប់គ្នា​។ នោះ​គឺថា ស្ថាប័ន​ពហុភាគី​ត្រូវបាន​បង្កើតឡើង​ ពីព្រោះ​យើង​ចង់បាន​សន្តិភាព​ភាពសុខដុម ​ការអភិវឌ្ឍ​សេរីភាព​ចេញពី​ភាពវេទនា និង​ភាពក្រីក្រ​ និង​ការចង់បាន​អនាគត​ភ្លឺស្វាង​សម្រាប់​មនុស្ស​ជំនាន់ក្រោយ​។

គោលការណ៍​ និង​គោលបំណង​របស់​អង្គការ​ពហុភាគី​ទាំងអស់ ​តែងតែ​មាន​គោលដៅ​រួមទាំង​នេះ ​សម្រាប់​មនុស្សជាតិ​ដោយ​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​។ បន្ទាប់ពី​ឆ្លងកាត់​សង្គ្រាមលោក​ មហា​បំផ្លិចបំផ្លាញ​ចំនួន​២លើក ពិភពលោក​យើង​បាន​សម្រេច​ចិត្ត​អង្គុយ​តុ​ចរចា ខិតខំ​ត្រិះរិះ​ពិចារណា​រក​វិធី​បង្កើត​យន្តការ​នានា ដែល​យើង​អាច​គ្រប់គ្រង​អស្ថិរភាព ភាពមិន​ទៀងទាត់​ហានិភ័យ​នៃ​ជម្លោះ​ និង​ការមិន​ទុក​ចិត្ត​គ្នា និង​កាត់បន្ថយ​ ឬ​លុបបំបាត់​នូវ​ភាពវេទនា​ទាំងឡាយ ដែល​មនុស្សលោក​អាច​ជួបប្រទះ​។

ទោះបី​ជា​មាន​ឧត្តមគតិ​រួម​ក៏ដោយ ប៉ុន្តែ​ពិភពលោក​នៅតែ​មាន​គម្លាត​លើ​វិធីសាស្ត្រ​អនុវត្ត​ន៍។

សង្គម​ខ្លះ​កំពុងតែ​ខិតខំ​ស្វែងរក​ភាព​ល្អឥតខ្ចោះ​។ សង្គម​ខ្លះទៀត​កំពុងតែ​ត្រដរខ្យល់​នៅឡើយ សូម្បីតែ​បំពេញតម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​។

នៅពេល​ដែល​សង្គម​ទាំងនេះ ​មាន​ទំនាក់ទំនង​គ្នា​ទៅវិញ​ទៅមក ពួកគេ​ត្រូវបាន​បែងចែក​ដោយ​គម្លាត​អំណាច​ មនោគមន៍វិជ្ជា ​ឧទាហរណ៍ ​ដូច​ក្នុង​សម័យ​សង្គ្រាមត្រជាក់ និង​អភិក្រម​នានា ​ដែល​រដ្ឋ​នីមួយៗ​ប្រកាន់យក​នៅក្នុង​អភិបាលកិច្ច​ និង​មាគ៌ា​អភិវឌ្ឍន៍​របស់​ពួកគេ​។

អន្តរកម្ម​ទាំងនេះ ​បាន​បង្កើត​ជា​ការតតាំង​ដាក់គ្នា​ទៅវិញ​ទៅមក ​នៅក្នុង​ចំណោម​រដ្ឋ ក៏ដូចជា​នៅក្នុង​យន្តការ​ពហុភាគី​និយម​។

ពេលខ្លះ​ពហុភាគី​និយម​អាច​រំឭក​យើង​ឡើងវិញ​ អំពី​អ្វីដែល​មនុស្សជាតិ​ត្រូវការ ប៉ុន្តែ​ពេលខ្លះ​ពហុភាគី​និយម​ ក៏ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជំរុញ​ដល់​ការតស៊ូ និង​តតាំង​រវាង​រដ្ឋ​ដោយ​ផ្អែកលើ​ការបែងចែក​ភូមិសាស្ត្រ​នយោបាយ និង​មនោគមន៍វិជ្ជា​។

យោងតាម​បទពិសោធ​ដ៏ជូរចត់​របស់​កម្ពុជា ពហុភាគី​និយម​មិនគួរ​ផ្តល់​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ​ ដល់​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត ​ដែល​បានសម្លាប់​មនុស្ស​ជាង​២​លាន​នាក់​ឡើយ​។ ​ពហុភាគី​និយម​មិនគួរ​ដាក់​ទណ្ឌកម្ម​ការទូត​ និង​សេដ្ឋកិច្ច​រយៈពេល​១២​ឆ្នាំ ​ទៅលើ​អ្នក​រស់រាន​មាន​ជីវិត​ពីរ​បប​ប៉ុលពត​ឡើយ​។

ពហុភាគី​និយម​មិនគួរ​ជា​ក្បាលម៉ាស៊ីន​ ដើម្បី​គាំទ្រ ពង្រីក​ និង​អូសបន្លាយ​សង្គ្រាម​ដោយ​តួអង្គ​តំណាង ហើយ​គាំទ្រ​ដល់​ភាគី​ណាមួយ ​នៅក្នុង​ជម្លោះ​នយោបាយ​ ឬ​ជម្លោះទឹកដី​ឡើយ​។

ពហុភាគី​និយម​មិនគួរ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះទេ​ នៅពេល​ដែល​ប្រជាជន​កំពុងតែ​រង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។ ពហុភាគី​និយម​គួរតែ​ដាក់​សន្តិភាព​ និង​ស្ថិរភាព​ខ្ពស់ជាង​អ្វីៗ​ទាំងអស់ ​ហើយ​មិនគួរ​ត្រូវបាន​កំណត់ ​ដោយ​ការដាក់​ឆន្ទៈ​ខាង​មនោគមន៍វិជ្ជា​ ឬ​ភូមិសាស្ត្រ​នយោបាយ​ទៅលើ​អ្នកដទៃ​ឡើយ​។

LEAVE A REPLY

Please enter your comment!
Please enter your name here