ដោយៈសុខុម
អន្តរជាតិៈ អត្រាការប្រាក់នឹងធ្លាក់ចុះទាបរយៈពេលវែងនៅទ្វីបអឺរ៉ុប នៅពេលដែលក្រុមធនាគារិកនៃធនាគារកណ្តាលអឺរ៉ុប (ECB) បន្ថែមក្រដាសប្រាក់រាប់ទ្រីលានដុល្លារ ដែលពួកគេបានបោះពុម្ពរួចទៅហើយ ចូលទៅក្នុងទីផ្សារដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
ធនាគារកណ្តាលអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ទី២២ កក្កដា បានឱ្យសញ្ញាថា ខ្លួននឹងរក្សាអត្រាការប្រាក់ឱ្យនៅទាបរយៈពេលវែង បន្ទាប់ពីផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួន ចំពោះអត្រាតម្លៃ ដែលនឹងអនុញ្ញាតឱ្យក្រុមអ្នកធ្វើគោលនយោបាយ បន្តផ្គត់ផ្គង់ក្រដាសប្រាក់ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ច រហូតដល់ពួកគេមានទំនុកចិត្តថា អតិផរណានឹងធ្លាក់ចុះមកនៅត្រឹម២% ហើយនឹងនៅទ្រឹងក្នុងអត្រានោះ។
លោក Andrew Kenningham ប្រធានក្រុមអ្នកជំនាញសេដ្ឋអឺរ៉ុប ប្រចាំក្រុមហ៊ុនពិគ្រោះ & ស្រាវជ្រាវផ្នែកសេដ្ឋកិច្ច Capital Economics បានលើកឡើងថា “មានការបញ្ជាក់អះអាងថា ធនាគារកណ្តាលអឺរ៉ុប នឹងរក្សាទុកការកំណត់គោលការណ៍របស់ខ្លួនដដែលដោយគ្មានការផ្លាស់ប្តូរ ហើយនឹងបន្តអនុវត្តគោលនយោបាយធូររលុង រយៈពេលវែងជាងអ្វី ដែលត្រូវបានប្រកាសតាមរយៈសេចក្ដីថ្លែងការណ៍មុនៗ”។
*កំណត់សម្គាល់
ធនាគារកណ្តាលអឺរ៉ុប បានប្រកាសកាលពីដើមខែនេះថា ខ្លួនបានបោះបង់ចោលគោលនយោបាយចាស់របស់ខ្លួនឡើយ នៅក្នុងការកំណត់អតិផរណាឱ្យមកនៅ “ក្រោម ប៉ុន្តែជិត២%” ជាគោលដៅមួយដែលវិនិយោគិន និងអ្នកជំនាញសេដ្ឋកិច្ចជាច្រើនយល់ថាមានភាពមិនច្បាស់លាស់ និងបង្កការភាន់ច្រឡំ។
ប៉ុន្តែក្រោយមក ស្រាប់តែធនាគារនេះបានកំណត់គោលដៅអតិផរណាថ្មី ក្នុងអត្រា២%សម្រាប់រយៈពេលមធ្យម។
ការផ្លាស់ប្ដូរនេះធ្វើឡើង នៅពេលធនាគារកណ្ដាលអឺរ៉ុប បន្តប្រមូលទិញប័ណ្ណបំណុល (Bond) ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងស្រោចស្រង់សេដ្ឋកិច្ច។
តើការប្រមូលទិញនោះច្រើនកម្រិតណា? គម្រោងសាកល្បងគឺចំនួន១,៤ទ្រីលានដុល្លារ! ធនាគារកណ្ដាលអឺរ៉ុប បានទិញប័ណ្ណបំណុលចំនួន១,៤ទ្រីលានដុល្លារ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដែលជាផ្នែកមួយនៃកម្មវិធីរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្នដែលបង្កឡើងដោយវិបត្តិកូវីដ-១៩។
ប៉ុន្តែការប្រមូលទិញគឺច្រើនជាងនេះទៀត! ធនាគារកណ្តាលអឺរ៉ុប នៅតែបន្តទិញប័ណ្ណបំណុលក្នុងអត្រា៩៤ពាន់លានដុល្លារ ក្នុងមួយខែក្នុងនាមជាជំនួយសង្គ្រោះបន្ទាន់ ដោយការទិញ សរុបមានចំនួន២,២ទ្រីលានដុល្លារ ដែលទទួលបានការអនុញ្ញាតក្រោមកម្មវិធីនេះ។
ចំនួននោះ គឺបន្ថែមពីលើការទិញប័ណ្ណបំណុល២៤ពាន់លានដុល្លារ ក្នុងមួយខែដែលធនាគារកណ្ដាលអឺរ៉ុប ជាអ្នកទិញក្រោមកម្មវិធីស្ដារសេដ្ឋកិច្ច ដាច់ដោយឡែកមួយមានឈ្មោះថា Asset Purchase Program (កម្មវិធីទិញទ្រព្យសកម្ម) ដែលត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៤។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា នឹងមានឱកាសសិក្សាស្វែងយល់បន្ថែមទៀត អំពីអនាគតនៃកម្មវិធីទិញប័ណ្ណបំណុលនេះ បន្ទាប់ពីកិច្ចប្រជុំរបស់ធនាគារកណ្ដាលអឺរ៉ុប ដែលគ្រោងរៀបចំឡើងនៅក្នុងខែកញ្ញា ឬខែធ្នូ ចុងឆ្នាំ២០២១ នេះ៕