ដោយៈ ម៉ាណេត
ភ្នំពេញៈ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន៥០% គិតត្រឹមថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១ ហើយតាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
មន្ទីរសាធារណការរាជធានីភ្នំពេញបានឱ្យដឹងទៀតថា គម្រោងស្ពាននេះនឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរ ក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME 2023 នាពេលខាងមុខ។
ស្ពានបេតុង ដែលស្ថាបនានៅអម ជាមួយស្ពានបាឡេ នៅមុខឃ្លាំងសាំងនេះមានប្រវែង៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀប នឹងកម្រាលស្ពានប្រវែង៣៤ម៉ែត្រ។
សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន៤ គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ គន្លងធ្វើចរាចរ២ខ្សែទៅ ២ខ្សែមក កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា១០.៥ម៉ែត្រ កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរ។
ស្ពាននេះ សាងសង់ដោយក្រុមហ៊ុនOCIC ដោយប្រើរយៈពេល២៨ខែ និងប្រើប្រាស់ថវិកាសាងសង់ចំនួន៣៥លានដុល្លារអាមេរិក។ ស្ពាននេះមានតួនាទីសំខាន់ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញនិងជាសមិទ្ធផលថ្មីមួយទៀត ជាចំណងដៃសម្រាប់រាជធានីភ្នំពេញ៕