កិច្ចសហប្រតិបត្តិការក្របខ័ណ្ឌមេគង្គ-ឡានឆាងកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសសមាជិក

0

ដោយៈ សាវុធ

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងក្រប ខ័ណ្ឌមេគង្គ-ឡានឆាង មានគោលបំណងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាសមាជិក រួមមានចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងប្រទេសវៀតណាម។

លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទបានឱ្យដឹងកាលពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២១ថា កិច្ចសហប្រតិបត្តិការក្នុងក្រប ខ័ណ្ឌមេគង្គ-ឡានឆាង មានគោលបំណងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាសមាជិក រួមមាន ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងប្រទេសវៀតណាម។

លោកបានបន្តថា “កិច្ចសហប្រតិបត្តិការនេះ គាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ជាពិសេសធ្វើសមាហរណកម្មនិងបំពេញ បន្ថែម ជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន និងជាយន្តការអនុតំបន់មេគង្គដើម្បីកសាង “សហគមន៍នៃអនាគតសន្តិភាព និងវិបុលភាពរួមគ្នា” ក្នុងចំណោមប្រទេសជាសមាជិក”។

លោកបានបន្តថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពចំនួន៥ ដែលនៅក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាននៃវិស័យអាទិភាពទី៥ ស្តីពី កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។

ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ បានរៀបចំបង្កើតក្រុមការងារបច្ចេកទេស ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើវិស័យកសិកម្ម។ កិច្ចប្រជុំក្រុមការងារបានរៀបចំឡើងចំនួន៣លើករួចមកហើយ ដោយមានការចូលរួមពីក្រុមការងារ នៃសមាជិកតាមប្រទេសនីមួយៗ។

-កិច្ចប្រជុំក្រុមការងារចម្រុះលើកទី១ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើវិស័យកសិកម្ម បានប្រព្រឹត្ត ទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងណាន នីង ខេត្តក្វាងស៊ី ប្រទេសចិន រៀបចំដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារ ណរដ្ឋប្រជាមានិតចិន។

– កិច្ចប្រជុំក្រុមការងារចម្រុះលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើវិស័យកសិកម្ម បានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ប្រទេសកម្ពុជា រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជា។

– កិច្ចប្រជុំក្រុមការងារចម្រុះលើកទី៣ នៃកិច្ចសហប្រតិ បត្តិការមេគង្គ-ឡានឆាងលើវិស័យកសិកម្ម បានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ រៀបចំដោយក្រសួងកសិកម្ម និងព្រៃឈើនៃប្រទេសឡាវ។

លោកវេង សាខុនបានបន្តទៀតថា តាមរយៈនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបង្កើតជាមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាងកម្ពុជាទទួលបានគម្រោងអនុវត្តចំនួន៥៥គម្រោង មានថវិកាសរុប ២១ លានដុល្លារអាមេរិក ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលអនុវត្តគម្រោងចំនួន៦មានថវិកាអនុវត្តសរុបចំនួនជាង២,៦លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here