វៀតណាមរួចផុតពីការគំរាមកំហែងដាក់ទណ្ឌកម្មពន្ធរបស់អាមេរិកជុំវិញការអនុវត្តរូបិយប័ណ្ណរបស់ខ្លួន

0

ដោយៈ សុខុម

វ៉ាស៊ីនតោន: ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានបញ្ជាក់កាលពីថ្ងៃសុក្រ ទី២៣ កក្កដា ថា ខ្លួនបានសម្រេចឈប់ចាត់វិធានការដាក់ទណ្ឌកម្មពន្ធប្រឆាំងប្រទេសវៀតណាម ហើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា នេះ។

នេះអាចចាត់ទុកថាជាលាភក្នុងគ្រោះរបស់វៀតណាម បន្ទាប់ពីធនាគារកណ្តាលរបស់វៀតណាម បានព្រមព្រៀងដោយធ្វើកិច្ចសន្យាជាមួយក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ថាឈប់គ្រលុកតម្លៃរូបិយប័ណ្ណដុង របស់ខ្លួនដើម្បីកេងផលប្រយោជន៍នាំចេញ។

តាមរយៈសេចក្តីថ្លែងការណ៍ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បញ្ជាក់ថា ខ្លួនយល់ថា កិច្ចព្រមព្រៀងរវាងក្រសួងរតនាគារសហរដ្ឋអាមេរិក និងធនាគារកណ្ដាលវៀតណាម “ផ្ដល់នូវដំណោះស្រាយជាទីពេញចិត្តចំពោះបញ្ហាដែលត្រូវបើកការស៊ើបអង្កេត ដូចនេះមិនចាំបាច់មានវិធានការពាណិជ្ជកម្មឡើយនៅពេលនេះ”។

ធនាគារកណ្ដាលវៀតណាម កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះបានព្រមព្រៀងធ្វើកិច្ចសន្យាជាមួយលោកស្រី Janet Yellen រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក ថានឹងជៀសវាង “ការទម្លាក់តម្លៃឱ្យថោក” នូវរូបិយប័ណ្ណដុង របស់ខ្លួន ហើយសន្យាធ្វើឱ្យគោលនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់របស់ខ្លួនកាន់តែមានតម្លាភាពជាងនេះ។

កិច្ចព្រមព្រៀងនេះធ្វើឡើងប៉ុន្មានខែក្រោយពីសហរដ្ឋអាមេរិក ដាក់សម្ពាធលើប្រទេសវៀតណាម ជុំវិញការអនុវត្តរូបិយប័ណ្ណរបស់ខ្លួន និងការបំប៉ោងអតិរេកពាណិជ្ជកម្មអាមេរិក។ រដ្ឋការរបស់លោក ដូណាល់ ត្រាំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃការកាន់អំណាចរបស់ខ្លួនបានប្រកាសថា ប្រទេសវៀតណាម ជាប្រទេសគ្រលុកតម្លៃរូបិយប័ណ្ណ ហើយបានគំរាមដាក់ទណ្ឌកម្មពន្ធលើការនាំចូលពីប្រទេសវៀតណាម ដោយសារតែរឿងនេះ។

លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា កម្មករនិយោជិត និងក្រុមហ៊ុនសហគ្រាសអាមេរិក នឹងកាន់តែរឹងមាំ នៅពេលដៃគូរបស់យើងផ្ដល់តម្លៃរូបិយប័ណ្ណរបស់ពួកគេដោយភាពត្រឹមត្រូវ និងធ្វើការប្រកួតប្រជែងដោយភាពយុត្តិធម៌”។

លោកស្រីបានបន្ថែមថា “ដើម្បីបោះជំហានឆ្ពោះទៅមុខដោយធ្វើការសម្របសម្រួលជាមួយក្រសួងរតនាគារ យើងនឹងធ្វើការរួមគ្នាជាមួយប្រទេសវៀតណាម ដើម្បីធានាបាននូវការអនុវត្ត ហើយយើងនឹងបន្តត្រួតពិនិត្យការអនុវត្តរូបិយប័ណ្ណរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗដទៃទៀត”។

តម្លៃរូបិយប័ណ្ណដុង របស់វៀតណាម បានបិទការជួញដូរក្នុងអត្រា២៣.០០៥ដុង ស្មើនឹង១ដុល្លារអាមេរិក កាលពីថ្ងៃសុក្រ ទី២៣ កក្កដា បើធៀបនឹង២៣,១៩ដុង ស្មើនឹង១ដុល្លារអាមេរិក កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ជាថ្ងៃដែលការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បើកការស៊ើបអង្កេតរបស់ខ្លួនជុំវិញតម្លៃរូបិយប័ណ្ណនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here