ជំនួយប្រមាណ២៨០លានដុល្លារពីរដ្ឋាភិបាលជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋមន្រ្តីការបរទេស បានលើកឡើងថា ជំនួយរបស់ប្រទេសជប៉ុន ដែលគ្របដណ្តប់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខភាព និងការអប់រំ ក្នុងចំណោមវិស័យជាច្រើនផ្សេងទៀត បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងធនធានមនុស្សនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងដូច្នេះនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពី ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនប្រមាណ៣.៣លានដុល្លារអាមេរិកថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១។

លោកបានលើកឡើងថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយដែលបានផ្តល់មកជាបន្តបន្ទាប់របស់ប្រទេសជប៉ុន ដល់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ និងការគាំទ្រឥតឈប់ឈររបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍរយៈពេលវែងនៅប្រទេសកម្ពុជា។

លោកបានបន្ថែមថា “ជប៉ុនក៏កំពុងគាំទ្រយ៉ាងខ្លាំងក្លាដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយឥតសំណងជាង៥០លានដុល្លារ និងប្រាក់កម្ចីប្រមាណ២៣០លានដុល្លារ”។

ទាំងការផ្ដល់ជំនួយឥតសំណងជាង៥០លានដុល្លារ និងប្រាក់កម្ចីប្រមាណ២៣០លានដុល្លារសរុបមានទឹកប្រាក់ប្រមាណ៣៣០លានដុល្លារ។

លោកបានថ្លែងបន្តថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ការមកដល់របស់វ៉ាក់សាំងជើងទីមួយនៃវ៉ាកសាំងសរុបចំនួន ១លានដូស ដែលជាជំនួយរបស់ជប៉ុន ត្រូវបានស្វាគមន៍ដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងនាមប្រជាជនកម្ពុជា សម្តេចតេជោ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងបានពិពណ៌នាការបរិច្ចាគនេះថាជាភ័ស្តុតាងថ្មី ដែលឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ជ្រាលជ្រៅ និងការទទួលខុសត្រូវដ៏ធំធេងរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រប្រទេសដែលមានធនធាន និងលទ្ធភាពនៅមានកម្រិត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “ជំនួយរបស់ប្រទេសជប៉ុននេះ ដែលគ្របដណ្តប់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខភាព និងការអប់រំ ក្នុងចំណោមវិស័យជាច្រើនផ្សេងទៀត បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងធនធានមនុស្សនៅកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here