ដំណឹងល្អៈប្រទេសអ៊ីស្រាអ៊ែលកំពុងពិសោធន៍ថ្នាំលេបបង្ការជំងឺកូវីដ១៩ ជិតបានជោគជ័យហើយ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនមួយរបស់ប្រទេសអ៊ីស្រាអ៊ែល គ្រោងនឹងក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលចាប់ផ្តើមសាកល្បងថ្នាំលេបគ្រាប់សម្រាប់ បង្ការជំងឺកូវីដ-១៩ជោគជ័យហើយ។

ក្រុមហ៊ុនOravax Medical ជាបុត្រសម្ព័ន្ធរបស់ Oramed Pharmaceuticals មានមូលដ្ឋាននៅទីក្រុងហ្ស៊េរុយសាឡិម បានទទួលភ្លើងខៀវឲ្យចាប់ផ្តើមការសិក្សា ពីក្រុមប្រឹក្សាត្រួតពិនិត្យស្ថាប័ន នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sourasky ក្នុងទីក្រុងតេលអាវីវ។

បច្ចុប្បន្ន ក្រុមការងារ កំពុងរង់ចាំការយល់ព្រមពីក្រសួងសុខាភិបាល ដែលត្រូវបានគេរំពឹងថា នឹងសម្រេចក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។

នាយកប្រតិបត្តិក្រុមហ៊ុនOramed លោក Nadav Kidronបានមានប្រសាសន៍ឲ្យ​ដឹងថា វ៉ាក់សាំងលេបតាមមាត់ នឹងមានតម្លៃថោក និងកាន់តែងាយស្រួល ហើយមានល្បឿនលឿនក្នុងការផលិតជាងវ៉ាក់សាំងចាក់។

លើសពីនេះទៅទៀត វាអាចចែកចាយបានយ៉ាងងាយស្រួល ដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។

លោកបន្តថា “វ៉ាក់សាំងកូវីដជាប្រភេទថ្នាំគ្រាប់នេះ នឹងយកឈ្នះឧបសគ្គដែលមនុស្សពិបាក ក្នុងការចេញក្រៅទៅចាក់វ៉ាក់សាំង ដោយអ្នកទាំងនោះ នឹងអាចយកថ្នាំគ្រាប់ទៅលេបនៅផ្ទះរៀងៗខ្លួនបាន”។

ក្រុមអ្នកស្រាវជ្រាវកំពុងជ្រើសរើសអ្នកស្ម័គ្រចិត្ត ដែលមិនទាន់ទទួលវ៉ាក់សាំងចំនួន២៤នាក់ ដើម្បីឲ្យមកលេបថ្នាំនេះ ដោយពាក់កណ្តាលឲ្យលេបថ្នាំ ក្នុងម្នាក់ចំនួន១គ្រាប់ និងពាក់កណ្តាលទៀតឲ្យលេប២គ្រាប់។

ក្រុមការងារ នឹងធ្វើការវិភាគអំពីសុវត្ថិភាព ហើយបន្ទាប់មក យកសំណាកឈាមរបស់អ្នកចូលរួមដើម្បីវាស់កម្រិត អង់ទីគ័រ។

ប្រសិនបើលទ្ធផលបង្ហាញថាជោគជ័យ ការសាកល្បងនឹងបន្តទៅ ដំណាក់កាលចុងក្រោយ។

ការវវិវត្តន៍ប្រសើរផ្នែកវេជ្ជសាស្រ្តនេះ ជាដំណឹងល្អមួយសម្រាប់អ្នកខ្លាចម្ជុល ដែលស្ទាក់ស្ទើរ មិនហ៊ានទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here