ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈគណកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានកែលំអរឆ្នេរជាង២១គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
គិតមកទល់បច្ចុប្បន្ន ក្រៅពីឆ្នេរជាង២១គីឡូម៉ែត្រនេះ រដ្ឋាភិបាលក៏បាននិងកំពុង លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជុំវិញឆ្នេ រប្រមាណជិត២០កន្លែង នៅខេត្តព្រះសីហនុ ក្នុងទិសដៅដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមក្រោយវិបត្តិកូវីដ។
គណកម្មាធិការឆ្នេរ បានបង្ហាញវឌ្ឍនភាពការងារទាំងនេះ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញកាលពីសប្តាហ៍មុននេះ។
ទាក់នឹងការងាររៀបចំឆ្នេរ ការងារធំគឺបែងចែកជា២ គឺការរៀបចំកែលម្អឆ្នេរសមុទ្រ ប្រវែងសរុប១៨ ៨៧៤ ម៉ែត្រ ចាប់ពីឆ្នេរសុខាដល់ឆ្នេររាម ឱ្យមានសោភណភាពឡើងវិញ នឹងទី២ ការបើកឆ្នេរសមុទ្រថ្មី ចំនួន៣ទីតាំង ដែលមានប្រវែងសរុប៣១៣៤ ម៉ែត្រ។
ឆ្នេរសមុទ្រ៣ទីតាំង នេះរួមានឆ្នេរពយតាមួង ប្រវែង១០៣៤ម៉ែត្រ ឆ្នេរពយអូរឈើទាល ប្រវែង ២៤២ម៉ែត្រ និងឆ្នេរពយជំទាវម៉ៅ ប្រវែង ១ ៨៥០ ម៉ែត្រ។
ក្រៅពីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទាំង៣៤ខ្សែ រដ្ឋាភិបាលបាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធវិញ១១ខ្សែបន្ថែមទៀតផងដែរ ដែលកំពុងអភិវឌ្ឍដោយរដ្ឋាភិបាល។
លើសពីនេះ គណកម្មាធិការក៏បានស្ថាបនាផ្លូវអាទិភាពថ្មីចំនួន៣ខ្សែ ប្រវែងសរុបជាង២៤០០ ម៉ែត្រ ស្ពាន៨ ទីតាំង និងស្ដារអូរធម្មជាតិ៦កន្លែង។
គណកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងមានក្រសួងពាក់ព័ន្ឋជាច្រើនទៀតដូចជា ក្រសួងបរិស្ថាន ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងទេសចរណ៍ជាដើម៕