វិភាគ: ហេតុអ្វីបានជាមហាយក្សចិននិងអាស៊ានជំរុញការអភិវឌ្ឍផ្លូវសូត្រឌីជីថល?

0

ដោយៈ សុខុម

ប៉េកាំង: ទិន្នន័យទូទាំងពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើនយ៉ាងឆាប់រហ័ស។ នេះបើយោងតាមសារព័ត៌មាន The Straits Times ចុះផ្សាយកាលពីថ្ងៃទី២៥ កក្កដា។

ក្រុមហ៊ុនអាល្លឺម៉ង់ Statista ដែលជាស្ថាប័នទិន្នន័យអន្តរជាតិបានលើកឡើងថា ចំនួនទិន្នន័យដែលបានបង្កើតទូទាំងពិភពលោកឈានដល់៥៩ទ្រីលានជីហ្គាបៃ (GIGABYTE) ក្នុងឆ្នាំ២០២០ ហើយអាចកើនឡើងប្រហែល៣៥ដងនៅឆ្នាំ២០៣៥។

សារព័ត៌មាន The Straits Times ចុះផ្សាយកាលពីថ្ងៃទី២៥ កក្កដា។តម្លៃសេដ្ឋកិច្ចដែលបង្កើតឡើងដោយទិន្នន័យក៏កំពុងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ យោងតាមការព្យាកររបស់ក្រុមហ៊ុនអាមេរិក International Data Corporation (IDC) ក្នុងឆ្នាំ២០១៩ បង្ហាញថា ទីផ្សារទិន្នន័យសកលនឹងមានអ្នកដើរតួនាទីសំខាន់៣នៅត្រឹមឆ្នាំ២០២៥ ដោយទីផ្សារទិន្នន័យរបស់មហាយក្សចិន មានចំណែកប្រហែល២៨% សហរដ្ឋអាមេរិក មានចំណែកប្រហែល១៧.៥% ហើយតំបន់អឺរ៉ុប តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក មានចំណែកសរុបប្រហែល២៧,៦%។

បណ្ដាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍ដែលមានមូលដ្ឋានលើ Platform ឌីជីថលក៏កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សដែរ និងក្លាយជាអ្នកផ្តាច់មុខតាមរយៈការគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅដំណាច់ឆ្នាំ២០១៩ មានអាជីវកម្មតាម Platform ឌីជីថលឈានមុខគេចំនួន៧៤លើពិភពលោក ដោយក្នុងនោះចំនួន៣៥ក្រុមហ៊ុនជារបស់សហរដ្ឋអាមេរិក និងចំនួន៣០ជារបស់មហាយក្សចិន។ ទោះជាយ៉ាងណា ជាក់ស្ដែងណាស់ថា សហរដ្ឋអាមេរិក គឺមានចំណែកធំជាងឆ្ងាយណាស់ទាក់ទងនឹងតម្លៃក្នុងទីផ្សារ ដោយ Platform ឌីជីថលនានារបស់ហរដ្ឋអាមេរិក មានចំណែកស្មើនឹង៧៤,១%នៃចំនួនសរុបទូទាំងពិភពលោក ខណៈ Platform ឌីជីថលរបស់មហាយក្សចិន មានចំណែកតែ២២,៥%។

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចទិន្នន័យ (data economy) បានធ្វើឱ្យលេចចេញនូវការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងទម្រង់ថ្មីៗ។ បណ្ដាប្រទេស និងក្រុមហ៊ុនសហគ្រាសអាចវិភាគ និងធ្វើការព្យាករបានអំពីនិន្នាការម៉ាក្រូសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសដទៃទៀតដោយផ្អែកលើការប្រមូល និងការផ្ទៀងផ្ទាត់ទិន្នន័យយ៉ាងច្រើនសន្ធឹកសន្ធាប់។ ទោះជាយ៉ាងណា ជាមួយនឹងការលេចឡើងនូវការគាំពារទិន្នន័យ ប្រទេសកាន់តែច្រើនឡើងកំពុងងាកទៅជ្រើសរើសការការពារទិន្នន័យ ការរឹតបន្តឹងការទទួលបានទិន្នន័យ និងបង្កើតគោលនយោបាយនិយ័តកម្មជាដើម។

នៅខែមេសា ឆ្នាំ២០២០ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (US Agency for International Development) បានបញ្ចេញយុទ្ធសាស្ត្រឌីជីថលដំបូងមិនធ្លាប់មានរបស់ខ្លួនដែលស្វះស្វែងបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលអន្តរជាតិ (international digital ecosystem) ដឹកនាំដោយសហរដ្ឋអាមេរិក តាមរយៈជំនួយឌីជីថលដែលប្រើប្រាស់ “គុណតម្លៃរបស់សហរដ្ឋអាមេរិក” ជាបទដ្ឋានសម្រាប់ជំនួយបរទេសផ្នែកឌីជីថល ហើយព្យាយាមកសាងសម្ព័ន្ធភាពឌីជីថលអន្តរជាតិដែលផ្តោតលើសហរដ្ឋអាមេរិក។

ការអះអាងមួយចំនួនដែលបានធ្វើក្នុងយុទ្ធសាស្រ្តខាងលើនេះបានបង្កការភាន់ច្រឡំដូចជា “ការជួយបណ្ដាប្រទេសជាដៃគូឱ្យឯករាជ្យម្ចាស់ការលើខ្លួនឯង” ដែលតាមពិតយុទ្ធសាស្ត្រមានគោលបំណងកសាងសម្ព័ន្ធភាពឌីជីថលអន្តរជាតិដើម្បីរក្សាផលប្រយោជន៍របស់សហរដ្ឋអាមេរិក ដោយផ្អែកលើកម្លាំងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ប៉ុណ្ណោះ។

នៅពីក្រោយខ្នងទីផ្សារទិន្នន័យ និងផលប្រយោជន៍ដ៏ធំរបស់ខ្លួនក្នុងសេដ្ឋកិច្ចទិន្នន័យសហភាពអឺរ៉ុប ធ្វើជាព្យាយាមបង្ហាញចំណុលល្អនៅក្នុងការបង្កើតច្បាប់ឌីជីថលអន្តរជាតិ ហើយបែរជាបង្កើតឧបសគ្គដល់ទីផ្សារទិន្នន័យរបស់ខ្លួនទៅវិញតាមរយៈការដាក់ចេញចេញសេចក្តីព្រាងច្បាប់ “យាមមាត់ទ្វារ” ដោយបង្កើនថវិការបស់ខ្លួនសម្រាប់វិស័យឌីជីថល ហើយចាប់ផ្តើមការស្រាវជ្រាវអំពីស្តង់ដារអ៊ីនធឺណិតល្បឿនលឿន 6G ឬ 6G Standard ជាមួយនឹងគោលបំណងសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរយៈពេលវែងនៅក្នុងវិស័យឌីជីថល។

បណ្តាញបច្ចេកវិទ្យា Quadrilateral Security Dialogue ដែលត្រូវបានបង្កើតឡើងនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី នៅថ្ងៃទី៩ ខែកុម្ភៈ អាចនាំឱ្យមានការប្រែប្រួលថ្មីៗក្នុងទិដ្ឋភាពឌីជីថលអន្តរជាតិ។ អ្នកចូលរួមក្នុងបណ្ដាញនេះរួមមានមហាវិទ្យាល័យ National Security College នៃសាកលវិទ្យាល័យ Australian National University មជ្ឈមណ្ឌល Centre for a New American Security របស់សហរដ្ឋអាមេរិក វិទ្យាស្ថាន National Graduate Institute for Policy Studies របស់ជប៉ុន និងមូលនិធិ Observer Research Foundation របស់ឥណ្ឌា។

ជាមួយនឹងការបង្កើតបណ្តាញបច្ចេកវិទ្យា Quad បណ្ដាញ Dialogue Security Dialogue កំពុងងាកចេញពីសន្តិសុខធម្មតាជាបណ្ដើរៗ ដោយងាកទៅផ្ដោតជាសំខាន់លើឌីជីថល បណ្តាញ និងវិស័យសន្តិសុខថ្មីៗផ្សេងទៀតដែលក៏នឹងជួយធ្វើឱ្យយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក កាន់តែរឹងមាំផងដែរតាមរយៈការរួមបញ្ចូលវិស័យឌីជីថល។

បណ្ដាប្រទេសឌីជីថលធនតូច និងមធ្យម ក៏បានចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល (Digital Economy Agreement) និងកិច្ចព្រមព្រៀងរូបិយប័ណ្ណឌីជីថល (Digital Currency Agreement) ផងដែរដើម្បីកសាងសម្ព័ន្ធភាពឌីជីថលបន្ទាប់បន្សំដែលងាកចេញពីមហាយក្សចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ការចុះកិច្ចព្រមព្រៀងបែបនេះ តំណាងឱ្យដំណាក់កាលថ្មីមួយសម្រាប់សម្ព័ន្ធភាពសេដ្ឋកិច្ចពិភពលោក។ បណ្តាញនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលដឹកនាំដោយសិង្ហបុរីត្រូវបានបង្កើតឡើង។ ហើយទន្ទឹមនេះក៏មានការអំពាវនាវឥតឈប់ឈរឱ្យបង្កើតភាពជាដៃគូឌីជីថលបន្ទាប់បន្សំផងដែរ។

បច្ចុប្បន្ន តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដ៏ធំមួយសម្រាប់ការប្រកួតប្រជែងផ្នែកឌីជីថល ដោយតំបន់អាស៊ីអាគ្នេយ៍ ជាចំណុចក្ដៅដែលបណ្ដាមហាអំណាចធំៗផ្ដោតជាសំខាន់ដោយសារតែសក្តានុពលដ៏ធំធេងនៃសេដ្ឋកិច្ចឌីជីថលរបស់តំបន់នេះដែលក្នុងនោះមហាយ្សចិន ដើរតួនាទីយ៉ាងសំខាន់។ សម្រាប់ហេតុផលភូមិសាស្ត្រនយោបាយ អាស៊ីអាគ្នេយ៍ គឺមិនអាចខ្វះបានឡើយសម្រាប់យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងការបង្កើតភាពជាដៃគូឌីជីថលបន្ទាប់បន្សំ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលពិភពលោកផងដែរ ព្រោះវានឹងក្លាយជាទីផ្សារឌីជីថលធំបំផុតទី៤ នៅលើពិភពលោកបន្ទាប់ពីមហាយក្សចិន សហរដ្ឋអាមេរិក និងអឺរ៉ុប។

នៅពេលការប្រកួតប្រជែងឌីជីថលជាសកលកាន់តែតានតឹងខ្លាំងឡើង ក្របខ័ណ្ឌអភិបាលកិច្ចឌីជីថលដ៏ល្អគឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍទាំងថ្នាក់ពិភពលោក និងថ្នាក់តំបន់ដែលជាចំណុចដ៏សំខាន់នៃការកសាងផ្លូវសូត្រឌីជីថលចិន-អាស៊ាន (China-Asean Digital Silk Road)។

មហាយក្សចិន កំពុងតែពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលរបស់ខ្លួនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបានបង្កើតយន្តការពិភាក្សាថ្នាក់រដ្ឋមន្ត្រីមួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលជាមួយប្រទេសថៃ បានចុះអនុស្សារណៈនៃការយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) ជាមួយប្រទេសវៀតណាម និងប្រទេសកម្ពុជា និងបានចាប់ផ្តើមការចរចាជុំវិញអនុស្សារណៈយោគយល់ទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកដែនជាមួយប្រទេសម៉ាឡេស៊ី ជាដើម។

មហាយក្សចិន ក៏ចូលរួមយ៉ាងសកម្មផងដែរនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ដោយបានបង្កើតក្រុមហ៊ុន Alibaba Cloud នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១៨ និងពង្រីកខ្លួននៅឆ្នាំ២០២០។ ក្រៅពីនេះ បណ្ដាក្រុមហ៊ុនចិន បានចាប់ដៃគូសហការជាមួយបណ្ដាក្រុមហ៊ុនក្នុងតំបន់អាស៊ាន តាមរយៈការវិនិយោគ ការច្របាច់បញ្ចូលគ្នា និងការទិញយកក្រុមហ៊ុន។ មហាយក្សចិន គឺជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រាប់បណ្ដាក្រុមហ៊ុនទើបបង្កើតថ្មីៗក្នុងតំបន់អាស៊ាន ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆមាសទី១ ដើមឆ្នាំ២០១៩។

កត្តាមួយក្នុងចំណោមកត្តាសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាន គឺកិច្ចសហប្រតិបត្តិការទិន្នន័យឆ្លងដែន ដែលអាចដើរតួនាទីជាកម្លាំងចលករសម្រាប់ជំរុញការរួមបញ្ចូលយុទ្ធសាស្ត្រដ៏ធំរបស់ពួកគេ។ ដូចនេះ មហាយក្សចិន និងអាស៊ីអាគ្នេយ៍ គួរតែចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថល ខណៈមហាយក្សចិន និងអាស៊ាន បានបង្កើតយន្តការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងឌីជីថលថ្នាក់តំបន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឌីជីថលក្នុងទម្រង់សមាហរណកម្មឧស្សាហកម្ម និងពាណិជ្ជកម្មដែលដឹកនាំដោយអាស៊ាន។

នៅអាស៊ីបូព៌ា មហាយក្សចិន រួមជាមួយអាស៊ាន និងប្រទេសសិង្ហបុរី អាចនឹងរៀបចំកញ្ចប់រូបិយប័ណ្ណឌីជីថលថ្នាក់តំបន់ដែលរួមបញ្ចូលរូបិយប័ណ្ណឌីជីថលនៃសាធារណរដ្ឋកូរ៉េ ជប៉ុន និងសិង្ហបុរី ផងដែរដើម្បីជួយសម្រួលដល់រំហូរមូលធន និងទិន្នន័យ និងដើម្បីកសាងគំរូអភិបាលកិច្ចឌីជីថលថ្មីមួយនៅក្នុងតំបន់។

នៅពេលអនាគត ការទូតពហុភាគីក៏អាចត្រូវបានប្រើប្រាស់តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) និងកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយចិន-សហភាពអឺរ៉ុប (China-EU Comprehensive Agreement on Investment) សម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគី ចិន-អាស៊ាន-អឺរ៉ុប។ នោះគឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើសេដ្ឋកិច្ចឌីជីថល និងអភិបាលកិច្ចរបស់ខ្លួន។ បណ្តាប្រទេសដូចជាជប៉ុន និងសាធារណរដ្ឋកូរ៉េ ក៏អាចត្រូវបានដាក់បញ្ចូលផងដែរដើម្បីពង្រីកគំរូកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា លើសេដ្ឋកិច្ចឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here