ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានសិក្សារកឃើញនូវធនធានធម្មជាតិ និងជីវៈចម្រុះជាច្រើននៅក្នុង “បឹកកាដេ” ស្ថិតក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបានដាក់បឹងធម្មជាតិនេះ ជាតំបន់ការពារធម្មជាតិ។
យោងតាមព៌តមាន ដែលបានបង្ហោះលើផេកផ្លូវការរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា បឹងកាដេជាតំបន់ដីសើមមួយកន្លែង ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងឃុំជីនីក ឃុំរកាខ្នុរ និងឃុំឈូក នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ បឹងនេះសំបូរទៅដោយធនធានធម្មជាតិជាច្រើនសន្ធឹកសន្ធាប់ រួមមាន ព្រៃលិចទឹក៧៥ប្រភេទ មច្ឆជាតិចំនួន៥៦ប្រភេទ សត្វស្លាបចំនួន៦៤ប្រភេទ ល្មូនចំនួន២០ប្រភេទ ថនិកសត្វចំនួន០៩ប្រភេទ និងសិប្បីសត្វចំនួន១០ប្រភេទ ព្រមទាំងមានវត្តមានបណ្ដុំ តែដើមចាប្រមាណ១០០ហិកតា និងបណ្ដុំតែផ្ដៅ និងល្ពាក់ប្រមាណ៥០ហិកតា ដែលមានសក្ដានុពលសម្រាប់អភិរក្សសេនេទិច និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិផងដែរ។
ក្នុងការចុះសិក្សានេះ ក្រុមមន្រ្តីជំនាញ ក៏បានរកឃើញបញ្ហាប្រឈមមួយចំនួន ដូចជា ការលួចទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការលួចប្រើឧបករណ៍នេសាទខុសច្បាប់ សកម្មភាពបរបាញ់សត្វព្រៃ និងការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មជាដើម។
ដើម្បីការពារធនធានធម្មជាតិទាំងនេះអោយបានគង់វង្ស នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តត្បូងឃ្មុំ និងតាមរយៈប្រព័ន្ធZOOM នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានអភិរក្សរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការដាក់តំបន់បឹងកាដេ ផ្ទៃដីទំហំ១៦៤៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាតំបន់ការពារធម្មជាតិ។
កិច្ចប្រជុំនេះបានដឹកនាំដោយលោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ មកពីក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរស្ថាប័នពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកក្រូចឆ្មារ និងឃុំពាក់ព័ន្ធ សរុបចំនួន៥០រូប។
សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាប្រមូលធាតុចូល និងមតិគាំទ្រគ្រប់ស្ថាប័នក្នុងការដាក់បញ្ជូល “តំបន់បឹងកាដេ” ជាតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះ អង្គសិក្ខាសាលាក៏បានស្តាប់នូវបទបង្ហាញ ស្តីពីស្ថានភាពជីវៈចម្រុះ និងសក្តានុពលរបស់តំបន់បឹងកាដេ និងដំណើរការដាក់បញ្ចូលតំបន់បឹងកាដេ ជាតំបន់ធម្មជាតិ ដែលរៀបរៀងដោយនាយកដ្ឋានអភិរក្ស តំបន់ដីសើមទឹកសាប។ ជាលទ្ធផលអង្គសិក្ខាសាលា មានការមានការឯកភាពក្នុងការដាក់បញ្ចូលបឹងកាដេ ជាតំបន់ការពារធម្មជាតិ៕