កម្ពុជា អាមេរិក នៅតែបន្តពួតដៃគ្នាដើម្បីលើកកំពស់ការងារក្នុងវិស័យឧស្សាហកម្មកម្ពុជា

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងអាមេរិកនៅតែបន្តធ្វើការរួមគ្នា ដើម្បីលើកកំពស់គុណភាពក្នុងវិស័យការងារនៅកម្ពុជា ដែលជាផ្នែកមួយយ៉ាងសំខាន់ជម្រុញការរីកចម្រើន ក្នុងវិស័យឧស្សាហកម្ម។

លោកបណ្ឌិតអ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខា ជាមួយលោកWilliam Conklin នាយកកម្មវិធីរបស់មជ្ឈមណ្ឌលអាមេរិកកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ ( ACILS)  ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ កក្កដា ២០២១នេះថា “សហរដ្ឋអាមេរិកនៅតែជាដៃគូសំខាន់ ជាមួ​យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យការងារនៅក្នុងប្រទេសកម្ពុជា”។

លោករដ្ឋមន្រ្តីបន្តថា “អនុស្សរណៈរវាងកម្ពុជា និងមជ្ឈមណ្ឌល ACILS  នឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយបន្តទៀត សម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង អង្គការ ACILS ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា”។

លោកអ៊ិត សំហេងបានបន្ថែម តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ យើងនឹងរួមគ្នាពង្រឹងការអនុវត្ត គោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ សំដៅឆ្លើយតបទៅនឹងគោលបំណងដែលបានកំណត់ក្នុងអនុស្សរណៈ ដែលនឹងចុះហត្ថលេខារួមគ្នានេះ។

លោកក៏បានសម្តែងនូវការកោតសសើរ លើសមិទ្ធិផលគួរឱ្យកត់សម្គាល់ ដែលទទួលបានពីកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌនៃការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នានេះនាពេលកន្លងមកមាន ដូចជា ការរៀបចំទស្សនកិច្ចសិក្សាត្រីភាគីទៅសហរដ្ឋអាមេរិកចំនួន២លើក នៅក្នុងខែសីហា និងខែតុលា ឆ្នាំ២០១៨ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាពរបស់សហជីព នៅក្នុងវិស័យសណ្ឋាគារនិងកាស៊ីណូ ពាក់ព័ន្ធនឹងវិធីសាស្ត្រចរចាជាសមូហភាព ការអប់រំផ្នែកសុវត្ថិភាពចរាចរក្នុងពេលធ្វើដំណើរដល់កម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែ​ក​ជើង ពិសេសសារអប់រំកម្មករឱ្យយល់ដឹង និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ការផ្ដល់ជំនួយបច្ចេកទេសតាមរយៈសហជីព ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព និងការពង្រឹងសមត្ថភាពសហជីព តាមយៈការរៀបចំវគ្គបណ្ដុះបណ្ដាលនានាដែលពាក់ព័ន្ធនឹងវិស័យច្បាប់ ជាពិសេសច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីបេឡាជាតិសន្តិសុខសង្គម និងបទបញ្ញាត្តិផ្សេងៗ ។

លោក William Conklin នាយកកម្មវិធីនៃមជ្ឈមណ្ឌលACILS បានមើលឃើញពីកិច្ចសហប្រតិបត្តិរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ACILSដែលបានប្រឹងប្រែងរួមកិច្ចការជាមួយគ្នា សម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរ។

លោករំពឹងថា តាមយៈការបន្តអនុស្សរណៈនេះ ភាគីទាំងពីរនឹងបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិត និងរួមចំណែកក្នុងការលើកម្ពស់សិទ្ធិ លក្ខខណ្ឌការងារ និងសុខដុមរមនានៅកន្លែងការងារ ជាពិសេសការឆ្លើយតប ទៅនឹងស្ថានភាពក្នុងកំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩ ។

កម្ពុជាបានសហការ យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តការផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ តាមរយៈកិច្ចសហការនេះ កម្ពុជាបានខិតខំពង្រឹងការអនុវត្តលក្ខខណ្ឌការងារល្អប្រសើរ ដែលឆ្លើយតបទៅនឹងកង្វល់របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកបញ្ជាទិញធំៗរបស់សហរដ្ឋអាមេរិក សហជីព និយោជក កម្មករនិយោជិត។ ហើយកម្ពុជានៅតែរក្សាបានទីផ្សារ និងកិត្យានុភាពទំនិញដែលផលិតនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here