ដោយៈគង់ សូរិយា
ភ្នំពេញៈ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា នេះហើយ។
តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ វ៉ាក់សាំងរបស់សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន១លានដូសដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា។ នៅថ្ងៃទី៣០ ខែកក្កដា នេះ នឹងដឹកមកដល់មួយចំនួន ហើយមួយចំនួនទៀតគ្រោងដឹកមកដល់ថ្ងៃទី២ ខែសីហាខាងមុខនេះ។
ស្ថានទូតអាមេរិកប្រចាំាំកម្ពុជាបានប្រកាសថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រ ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹង ងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។
លោកភារធារីស្ថានទូតអាមេរិក Ben wohlauer និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក និងអង្គការ UNICEF នឹងមានវត្តមានក្នុងពិធីនោះដែរ។
ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៣ បានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ក្នុងនោះចិនផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន១លានដូស និងអាមេរិក១លានដូស៕