សម្ដេចតេជោសម្រេចបិទខ្ទប់ភូមិសាស្ត្រក្នុងខេត្តចំនួន៨ និងបិទព្រំដែនកម្ពុជាថៃដើម្បីទប់ស្កាត់មេរោគកូវីដប្រភេទ Delta

0

ដោយៈវឌ្ឍនៈ

ភ្នំពេញ: ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី បានសម្រេចបិទខ្ទប់ ភូមិសាស្ត្រខេត្តចំនួន៨នៅតាមព្រំដែនកម្ពុជា ក្នុងនោះរួមមានខេត្តកោះ​កុង ពោធិ៍សាច់ បាត់ដំបង ខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។

នៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយសម្ដេ​ចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីបាននៅព្រលប់ថ្ងៃទី២៨កក្កដា ២០២១នេះឱ្យដឹងថា ការបិទខ្ទប់ នឹងធ្វើឡើងចាប់ពីម៉ោងសូន្យថ្ងៃទី២៩ កក្កដា ២០២១នេះរហូតដល់ថ្ងៃទី១២ខែសីហា ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្ដាលមកពីមេរោគកូវីដ១៩ប្រភេទដែលតា ។

នៅក្នុងសេចក្តីប្រកាសប្រការ២ឱ្យដឹងថា ភូមិសាស្រ្ត ដែលត្រូវបានបិទខ្ទប់អាចត្រូវបានបែងចែកជាតំបន់ក្រហម និងតំបន់លឿងទុំ ឬតំបន់លឿង អាស្រ័យតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ ក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ ។

សេចក្តីសម្រេចបានបញ្ជាក់ថា អភិបាលខេត្តនៃខេត្ត ដែលត្រូវបានបិទខ្ទប់ ត្រូវដាក់ចេញវិធានហាមឃាត់ ឬវិធានការរឹតត្បិតជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ត្របិទខ្ទប់ ឬការធ្វើដំណើរចេញចូល ឆ្លងកាត់ព្រំប្រទល់ភូមិសាស្ត្រខេត្ត ដែលត្រូវបានបិទខ្ទប់ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងបម្រាមគោចរ ស្របតាមអនុក្រឹត្យចុះនៅថ្ងៃទី៣១ខែមីនា ២០២១ ស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដានៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការទំនាក់ទំនងជាបន្ទាន់ជាមួយភាគីថៃ ដើម្បីបិទព្រំដែនជាបណ្ដោះអាសន្ន សម្រាប់អ្នកដំណើរចេញចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេស ដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ករណីអ្នកជំងឺសង្គ្រោះបន្ទាន់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការគ្នាដើម្បីផ្សព្វ​ផ្សាយព័ត៌មាន អំពីការអនុវត្តវិធានការបិទខ្ទប់ សម្រាប់បណ្ដាខេត្តកម្ពុជា ដែលមានព្រំប្រទល់ជាមួយព្រះរាជាណាចក្រថៃឡង់ដ៏ ព្រមទាំងសម្របសម្រួលជាមួយនឹងអាជ្ញាធរថៃ ដើម្បីផ្ដល់ការគាំទ្រចាំបាច់នានា ដល់ពលករខ្មែររស់នៅប្រទេសថៃ ក៏ដូចជា សម្របសម្រួលជាមួយពលករកម្ពុជារស់នៅប្រទេសថៃ ដែលមានបំណងវិលត្រលប់មកប្រទេសកម្ពុជាវិញឱ្យពន្យារពេល នៃការវិលត្រលប់របស់ខ្លួន រហូតដល់ការបិទខ្ទប់នេះត្រូវបានបញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here