មូលដ្ឋានសំខាន់ៗចំនួន៧នឹងជម្រុញខេត្តកោះកុងអាចពង្រីកសក្តានុពលរបស់ខ្លូនកាន់តែខ្លាំងនាពេលអនាគត

0

ដោយៈគង់ សូរិយា

កោះកុងៈ តំបន់ឆ្នេរកម្ពុជា កំពុងរៀបចំរះឡើងវិញ ក្រោយវិបត្តកូវីដ១៩ ដែលស័ក្តិសមនឹងអ្វី ដែលជាការប្រសិទ្ឋនាមរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានហៅតំបន់ឆ្នេរនៃខេត្តទាំង៤ ជា”តារារៈនាទិសនារតី”។

ធ្លាប់ជាខេត្តដាច់ស្រយាល គ្មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ តែគេនឹកឃើញបទចំរៀង​របស់លោកស៊ីន ស៊ីសាមុត “បុប្ឆាកោះកុង”បានធ្វើឲ្យខេត្តនេះ នៅតែដក់ក្នុងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ហេដ្ឋារចនាសម្ព័ន្ឋ
ប៉ុន្តែជាមួយនឹងការដាក់ចេញគោលនយោបាយត្រឹមត្រូវ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ខេត្តកោះកុងមានការអភិវឌ្ឍយ៉ាងលឿនស្លេវ ដោយបច្ចុប្បន្នខេត្តនេះមានព្រលាន​យន្តហោះអន្តរជាតិថ្មីមួយ ដែលនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២១ខាងមុខ។

ជាមួយគ្នានេះក្រុមហ៊ុន Bangkok Airway បាន និងកំពុងសហការជាមួយក្រុមហ៊ុនលី យ៉ុងផាត់គ្រុប ដើម្បីរៀបចំព្រលានយន្តហោះថ្មីមួយទៀត នៅតំបន់កោះប៉ោ ដែល​មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីក្រុងយោធពលខេមរភូមិន្ទ។

លើសនេះនេះប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងជម្រុញការពង្រីផ្លូវជាតិលេខ៤៨ ជាពីរគន្លងសំរាប់រថយន្តទៅមកផងដែរ ជាពិសេសការតភ្ចាប់ជាប្រវត្តិសាស្រ្តនូវភូមិភាគពាយ័ព្យ មកកាន់តំបន់នារតី។

ផ្លូវជាតិលេខ១០
វាជាផ្លូវប្រវត្តិសាស្រ្តមួយ ដែលតភ្ជាប់ភូមិភាគពាយ័ព្យ មកកាន់តំបន់ឆ្នេរ ដោយផ្លូវនេះបានចាកចេញពីស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ខេត្តពោធិសាត់ និងមកបញ្ចប់នៅខេត្តកោះកុង។

ផ្លូវនេះដើរតួនាទីសំខាន់បួន​ ដូចជា ទី១ ជួយសម្រួលការធ្វើដំណើរ និងសមាហរណកម្មផ្ទៃក្នុងប្រទេស ទី២ ជួយសម្រួលការដឹកជញ្ជូនកសិផលពីភូមិភាគពាយ័ព្យទៅកាន់កំពង់ផឬទឹកជ្រៅ ក្នុងខេត្តកោះកុង ដើម្បីនាំចេញទៅកាន់ប្រទេសចិន ទី៣ ជួយសម្រួលលំហូរភ្ញៀវទេសចរណ៍៍ជាតិ និងអន្តរជាតិ និងទី៤ ជួយលើកកំពស់សេដ្ឋកិច្ច សង្គមរបស់ប្រជាជនក្នុងតំបន់។

អាកាសយានដ្ឋានតារាសាគរ
នាយឧត្តមសេនីយ៏ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការ ដ្ឋានអាកាសចរស៊ីវិលកាលពីពេលថ្មីៗនេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដើម្បីពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ។

គោលបំណងនៃបេសកម្មចុះ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងរួមមាន ទី១- ពិនិត្យលើរបាយការណ៍នៃការសាងសង់ រាយកាណ៍ដោយក្រុមហ៊ុន Union Development Group ទី២- ការចុះពិនិត្យទីតាំងគម្រោងសាងសង់ ទី៣- ពិភាក្សា និងផ្លាស់ប្តូរព័ត៍មានរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារអាកាសយានដ្ឋាន Union Development Group ស្តីពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន និង៤-បញ្ហាផ្សេងៗ។

អាកាសយានដ្ឋានះអន្តរជាតិ ដែលអាចទទួលការចុះចតនេះ នឹងពង្រីកមុខមាត់និងលើកស្ទួយសេដ្ឋកិច្ចខេត្តកោះកុង និងសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរថែមទៀត ដែល​តាមផែនការព្រលានយន្តហោះនេះ នឹងអនុញ្ញាត្តឲ្យក្រុមហ៊ុនអាកាសចរណ៍នានាហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ខាងមុខនេះ។

យោងតាមលោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា បន្ទាប់ពីផ្អាកពន្យាពេលដោយសារវិបត្តិ ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២១នេះ។

គំរោងអភិវឌ្ឍន៍តារាសាគរ
ទោះជារងទណ័្ឌកម្មពីសហរដ្ឋអាមេរិក ក៏គម្រោងតារាសាគរក្នុងខេត្តកោះកុង មិនបង្អង់ល្បឿននៃផែនការអភិវឌ្ឍន៍របស់ខ្លួននោះទេ។

គំរោងដែលទទួលបានដីសម្បទាន ពីរាជរដ្ឋាភិបាលកម្ពុជាជាង៤០,០០០ហិកតានេះ កំពុងបំពេញតម្លៃឲ្យខេត្តនេះយ៉ាងធំសម្បើម ដែកគម្រោងនេះ​មានផែនការអភិវឌ្ឋន៍តំបន់កម្សាន្ដ និងលំហែរបែបធម្មជាតិកម្រិតខ្ពស់ តារាសាគរស្តាឌ្រីម ឡេកធូរីសឹមថោន(Dara Sakor Stardream Lake Tourism Town)របស់ក្រុមហ៊ុនUnion City Development Group បានចាប់ផ្ដើមប្រកាសបើកដំណើរការ ព្រមទាំងជំរុញការអភិវឌ្ឍ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកប៉ាក សុខុម ធ្លាប់បានមានប្រសាសន៍ថា គម្រោងនឹងនេះមានលក្ខខណៈពិសេស និងអំណោយផលសម្រាប់ទូរគមនាគមន៍ ពោលគឺ អាចធ្វើដំណើរចេញពីតារាសាគរទៅរាជធានីភ្នំពេញ ដោយចំណាយពេលត្រឹមតែ៣ម៉ោងកន្លះនិងទៅ ខេត្តព្រះសីហនុត្រឹមតែ២ម៉ោង នៅពេលគម្រោងផ្លូវល្បឿនលឿនសាងសង់រួច។

លោកបន្ថែមថា “នៅពេលខាងមុខនេះ ភ្ញៀវទេសចរនឹងមកតំបន់តារាសាគរតាមរយៈជើងហោះហើរ និងតាមការចុះចតយានដ្ឋានតារាសាគរ ដែលគ្រោងដាក់ដំណើរការសាកល្បងនៅឆ្នាំ២០២១ ខាងមុខនេះ”។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការបានស្នើសុំដល់ក្រុមហ៊ុន Union City Development Group ឲ្យក្រុមហ៊ុនបណ្តុះបណ្តាល ជនជាតិខ្មែរឲ្យបានច្រើន ក៏ដូជាបង្កើនសកម្មភាពពង្រីករមណីយដ្ឋាន ឲ្យកាន់តែច្រើនថែមទៀតដើម្បីបំម្រើវិស័យទេចរណ៍។

តំបន់ទេសចរណ៍ដ៏អាថ៌កំបាំងជាច្រើន
ជាមួយនឹងអំណោយផល នៃផែនការអភិវឌ្ឍន៍ពីរដ្ឋាភិបាល វិស័យឯកជន ខេត្តកោះកុង មានធនធានធម្មជាតិដ៏អាថ៌កំបាំង និងមានសក្តានុពលដ៏ធំសម្បើមផ្នែកអេកូទេសចរណ៍ ដោយមានកោះ ទឹកជ្រៅ ព្រៃភ្នំ ដងព្រែក ដៃសមុទ្រត្រពាំងរូងដ៏ស្រស់ស្អាត ខេត្តនេះ ក៏មិនទាន់ទាក់ទាញការវិនិយោគលើធនធានធម្មជាតិ និងប្រើប្រាស់ធនធានធម្មជាតិឲ្យអស់សក្តានុពលនៅឡើយទេ។

អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកស្រីភូថង មិថុនាធ្លាប់បានមាន​ប្រ​សាសន៍ថា ខេត្តកោះកុង ជាខេត្តមួយមានសក្តាពនុពលធម្មជាតិ ដ៏សម្បូរបែបសម្រាប់ធ្វើការអភិវឌ្ឍន៍ទេសចរណ៍ និងឧស្សាហកម្ម។ បច្ចុប្បន្ននេះ ខេត្តកោះកុងមានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគ ក្នុងនោះដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន យូញៀន ឌីវើឡុបមេន គ្រុប គឺជាដៃគួអភិវឌ្ឍន៍ដ៏ធំជាងគេនៅក្នុងខេត្តកោះកុង ដោយបានអភិវឌ្ឍន៍ជាតំបន់វិស្សមកាលតារាសាគរ ទីលានវាយកូនហ្គោល កំពង់ផែសមុទ្រទឹកជ្រៅ និងព្រលានយន្តហោះខ្នាតអន្តរជាតិដែលបាននឹងកំពុងសាងសង់ ហើយនឹងចាប់ផ្តើមដាក់ឲ្យដំណើរការនាពេលឆ្នាំ២០២១ ខាងមុខនេះ។

ដោយសារតែមានទំនាក់ទំនងល្អ ជាមួយប្រទេសចិននោះ កាលពីឆ្នាំ២០១៩ កន្លងមក នេះខេត្តកោះកុង និងខេត្តជីលីន ក៏បានចុះហត្ថេលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរវាងមន្ទី ទេចរណ៍ខេត្តកោះកុង ជាមួយមន្ទីវប្បធម៌ និងទេចរណ៍ខេត្តជីលីន នៅក្នុងទឹកដីខេត្តកោះកុង។

លោកស្រីអភិបាលខេត្តក៏បានឱ្យដឹងថា រដ្ឋបាលខេត្តកោះកុង បានកំពុងទាក់ទងនិងបានរៀបចំឯកសារស្តីពី អនុស្សរណៈនៃយោគយល់គ្នា រវាងខេត្តកោះកុងជាមួយ នឹងខេត្តយូណាន និងចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តកោះកុង និងក្រុងវៃណាន ខេត្តសានស៊ីរបស់ប្រទេសចិន ដើម្បីជំរុញនិងលើកស្ទួយឲ្យមានការរីកចម្រើនច្រើនផងដែរ។

ឧស្សាហកម្មកាស៊ីណូ
ដោយសារមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ខេត្តកោះកុងមានអំណោយផលមួយទៀតលើការធ្វើពាណិជ្ជកម្ម ទេសចរណ៍និងល្បែងកំសាន្ត ដូចជាកាស៊ីណូជាដើម។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនវិនិយោគកាស៊ីណូរបស់ហុងកុង Century Entertainment International Holdings បានបង្ហាញព័ត៌មានច្បាស់ការណ៍ថា ក្រុមហ៊ុនសម្រេចចិត្តប្តូរទិសដៅវិនិយោគរបស់ខ្លួនពីក្រុងព្រះសីហនុ សម្តៅទៅខេត្តកោះកុងជំនួសវិញ។

ក្រុមហ៊ុន Century Entertainment នឹងផ្លាស់ប្ដូរតំបន់ប្រតិបត្តិការតុល្បែងពីទីតាំងកំណើតរបស់ខ្លួនស្ថិតនៅក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់សណ្ឋាគារមួយនៅក្នុងស្រុកតារាសាគរ ខេត្តកោះកុងវិញ។

ជាមួយនឹងគោលបំណងនៃការផ្លាស់ប្តូរនេះ ប្រធានក្រុមហ៊ុន និងជាស្ថាបនិកក្រុមហ៊ុន Century Entertainment លោក Ng Man Sun ធ្លាប់បានបង្ហាញពីផែនការផ្លាស់ប្តូរទីតាំងពីសណ្ឋាគារ Sunshine Bay Hotel នៅក្នុងខេត្តព្រះសីហនុ ទៅកាន់សណ្ឋាគារ Ming Guan ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដូចគ្នា។

ម្ចាស់កាស៊ីណូរូបនេះ ទទួលបានការផ្តល់ជូនដ៏ពិសេស ពីអចលនទ្រព្យនៅស្រុកតារាសាគរ ខេត្តកោះកុងជំនួសវិញ។ ទីតាំងថ្មីនេះមានផ្ទៃក្រឡាសរុប ១០,៥០០ ម៉ែត្រការ៉េ ដែលអាចតម្លើងតុល្បែងចំនួន ៤០ តុ លំដាប់វីអាយភីចំនួន ៥៥ និងស្លុតម៉ាស៊ីន ៨០ ដោយក្នុងនោះក៏មានការបង្កើតភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រី។
ទោះជាយ៉ាងណាគំរោងកាស៊ីណូ និងគំរោងជាច្រើនទៀតបានផ្អាក ដោយសារវិបត្តិជំងឺកូវីដ១៩។

ព្រលានយន្តហោះនៅកោះប៉ោ
ក្រៅពីព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងនឹងមានព្រេលានយន្តហោះមួយទៀត ដែលគ្រោងវិនិយោគទឹកប្រាក់៤០លានដុល្លារអាមេរិក ដោយការសហការវាងក្រុមហ៊ុនលី យ៉ុងផាត់គ្រុង និងក្រុមហ៊ុនអាកាសចរណ៍ Bangkok Airlway។

ព្រលានយន្តហោះថ្មីនេះ នឹងមានទីតាំងនៅលើកោះប៉ោ ស្ថិតក្នុងឃុំបាក់ខ្លង ក្រុងខេមរៈភូមិន្ទ។
ព្រលានយន្តហោះនេះ ទំនងជាមិនមែនជាព្រលានកម្រិតអន្តរជាតិទេ ដោយសារទំហំទុនវិនិយោគត្រឹម៤០លានដុល្លារអាមេរិក ប៉ុន្តែយ៉ាងណាក៏ដោយយើងមិនអាចទាក់​ទងសុំការបំភ្លឺពីអ្នកឧកញ៉ាលី យ៉ុងផាត់អគ្គនាយកក្រុមហ៊ុនលី យ៉ុងផាត់គ្រុបបានទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here