ដោយៈ ប៊ី
ភ្នំពេញៈ ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានលើកឡើងថា នៅក្នុងស្ថានភាពនៃការរឹតបណ្តឹង និងបង្ការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យដឹកជញ្ជូននៅកម្ពុជាអាចមានការយឺតយ៉ាវបន្តិចបន្តួច តែមិនមានការកកស្ទះក្នុងការដោះដូរផ្ទេរទំនិញ ឬការកកស្ទុះកុងតេន័រនៅតាមព្រំដែនច្រើននោះឡើយ។
ប្រធានសមាគមភស្តុភារកម្មកម្ពុជា លោកឧកញ៉ាស៊ិន ចន្ធីបានថ្លែងប្រាប់នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២១ នេះថា ជុំវិញនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងនេះ កម្ពុជាក៏ដូចប្រទេសជិតខាង គឺមានការរឹតបណ្តឹងដូចគ្នា ដើម្បីចៀសវាងការរីករាលដាលនៃជម្ងឺនេះកាន់តែខ្លាំង។
លោកឧកញ៉ាបានបន្តថា នៅក្នុងដំណាក់កាលនៃការរឹតបណ្តឹងនេះដែរ ចំពោះវិស័យដឹកជញ្ជូន អាចនឹងមានការយ៉ាតយ៉ាវបន្តិចបន្ទួច ព្រោះនៅពេលទំនិញមកដល់ព្រំដែន ទាំងអ្នករៀបចំសំណុំបែបបទ និងអ្នកបើកបរ ត្រូវធ្វើតេស្តជាមុន ក្នុងនោះពេលទំនិញចូលមកដល់កម្ពុជា នឹងមានការយឺតយ៉ាវបន្តិចបន្តួចថែមទៀត។
លោកឧកញ៉ាបានឱ្យដឹងថា បច្ចុប្បន្ន មានការត្រួតពិនិត្យនៅតាមគោលដៅរបស់ខេត្តដែលបានបិទខ្ទប់នីមួយៗ មុននឹងឲ្យដឹកជញ្ជូនទៅចែកចាយទីផ្សារក្នុងស្រុក តែទោះបីយ៉ាងណាការរឹងបណ្តឹងនេះ មិនមានបញ្ហាចោទខ្លាំងដល់ថ្នាក់កកស្ទះទំនិ ញនៅតាមព្រំដែន ឬការកកស្ទះដល់ការខូចខាតគុណភាពទំនិញនោះឡើយ។
ជាមួយគ្នានេះដែរ លោកនី កាណប្រធានសម្ព័ន្ធសមាគមដំឡូងមីខេត្តបាត់ដំបងបានលើកឡើងថា ពាក់ព័ន្ធនឹងការចេញកសិផល ចាប់ពីមានការការរឹតត្បិតតាមច្រកព្រំដែនមក ការនាំចេញកសិផលមានការយឺតយ៉ាវខ្លះៗ តែមិនមានការកកស្ទុះដល់ថ្នាក់មិនបាននាំចេញនោះឡើយ ជាក់ស្តែងការនាំចេញដំឡូងមី ដែលនៅសល់ក្នុងស្តុកទុកលក់ក្នុងពេលបច្ចុប្បន្ននេះ ទោះបីមានការបិទខ្ទប់ខេត្តនៅតាមព្រំដែន តែការនាំចេញកសិផល គឺមានការនាំចេញប្រហាក់ប្រហែលនាពេលកន្លងមកផងដែរ។
លោកបន្តថា ចំពោះការរឹតបណ្តឹងនេះ ទោះបីមានការយឺតយ៉ាវក្នុងការផ្ទេរទំនិញចេញ-ចូលខ្លះៗ តែយើងបានចូលរួមក្នុងការទប់ស្កាត់កុំឲ្យជម្ងឺកូវីដ-១៩ រីករាលដាលកាន់តែខ្លាំងថែមទៀត។
ពាក់ព័ន្ធការនាំចេញ-ចូលនេះ នាសប្តាហ៍កន្លងមក សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី២ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ”នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ពិគ្រោះ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងឧស្សាហកម្មបម្រើការនាំចេញ វិស័យមិនមែនកាត់ដេរ ផ្នែកឯកជនដែលមានការប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពរ របស់ផ្នែកឯកជនទាំងអស់ ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ៕