ដោយៈ ម៉ាណេត
ភ្នំពេញៈ ប្រទេសកម្ពុជារំពឹងទុកថា នឹងទទួលបានវិនិយោគិនជាច្រើនពីប្រទេសកូរ៉ខាងត្បូង បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងត្រូវបានអនុវត្តនាពេលខាង ខណៈទំនាក់ទំនងពាណិជ្ជកម្មវាងប្រទេសពីរកំពុងមានភាពល្អប្រសើរ។
លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូងនៅតែល្អប្រសើរ ព្រោះការនាំចេញ និងការនាំចូលនៅតែមានកំណើន ហើយនាពេលឆាប់ៗខាងមុខនេះ ឈានទៅដល់ការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងអាចទាក់ទាញវិនិយោគិនអន្តរជាតិ ជាច្រើនបន្ថែមមកកាន់កម្ពុជា។
ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលគ្រោងនឹងអនុវត្តន៍នាពេលឆាប់ៗខាងមុខនេះ លោកឧកញ៉ាលឹម ហេង បានថ្នែងដូច្នេះថា “ខ្ញុំជឿថាកម្ពុជានឹងមានការវិនិយោគពីកូរ៉េក៏ច្រើន ពីបណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងៗក៏ច្រើនផងដែរ ព្រោះគាត់ (វិនិយោគិន) ត្រូវការនាំចេញទៅកូរ៉េ”។
លោកឧកញ៉ាបានថ្លែងបន្តថា និយាយរួម ក្រុមហ៊ុននៅក្នុងតំបន់អាស៊ាន និងក្រុមហ៊ុនពីប្រទេសផ្សេងៗ ដែលផលិតនាំចេញទៅកូរ៉េ នឹងអាចមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញកូរ៉េ ដោយរួចពន្ធ។ ហើយក្រុមហ៊ុនទាំងនោះ ក៏អាចវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅចិន ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដោយមានការរួចពន្ធផងដែរ។ នេះបង្ហាញថា ការវិនិយោគនៅកម្ពុជានឹងមានកំណើននាថ្ងៃអនាគត។
លោកឧកញ៉ាបានថ្លែងថា នាពេលអនាគត នឹងមានការកើនឡើងលើផ្នែកពាណិជ្ជកម្ម ហើយវាត្រឹមផ្នែកពាណិជ្ជកម្មទេ ប៉ុន្តែវិស័យនយោបាយក៏នឹងមានភាពកាន់តែល្អប្រសើរផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងនេះអាចនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ។
លោកស៊ាង ថៃអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ការលើកលែងពន្ធ និងរបាំងពាណិជ្ជកម្មដទៃទៀត នឹងត្រូវបានកាត់បន្ថយ ហើយពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់។
យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមិថុនា ពាណិជ្ជកម្មទ្វេភាគីមានតម្លៃ៤៥១លានដុល្លារអាមេរិក កើនឡើង៦,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខ។
កម្ពុជាបាននាំចេញទំនិញចំនួន១៥៩លានដុល្លារ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ធ្លាក់ចុះ១,៦ភាគរយ ក្នុងរយៈពេល៦ខែដើមឆ្នាំ។ ការនាំចេញរបស់កូរ៉េខាងត្បូងមកកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ២៩២លានដុល្លារកើនឡើង ១១,៩ ភាគរយ។
លោកឧកញ៉ាលឹម ហេងបានថ្លែងថា កាលពីប៉ុន្មានឆ្នាំមុន យើងនាំចេញទៅកូរ៉េ ភាគច្រើនវាយនភ័ណ្ឌ ប៉ុន្តែបច្ចុប្បន្ន មានការនាំចេញផលិតផលកសិកម្ម ដែលក្រុមហ៊ុនជាច្រើនពីកូរ៉េ បានមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដើម្បីនាំចេញ៕