រដ្ឋាភិបាលកំពុងពន្លឿនគម្រោងរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការនិងដឹកជញ្ជូន

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងពន្លឿនការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញការងារ។

ការជំរុញរៀបចំផែនការមេបច្ចេកវិទ្យានេះ ត្រូវបានឡើងក្នុងប្រជុំលើកទី១ រវាងលោកឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន (MPWT ICT MASTER PLAN) និងក្រុមហ៊ុន VIETTEL ដើម្បីរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយកាលពីម្សិលមិញ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញដល់គ្រប់ភាគីពាក់ព័ន្ធឱ្យយល់ពីគោលបំណង និងគោលដៅនៃការបង្កើតផែនការមេបច្ចេកវិទ្យា ក៏ដូចជាប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូនឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញការងាររវាងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងគម្រោងនេះ ក៏ដូចជាដើម្បីប្រកាសសមាសភាពគណៈកម្មការរៀបចំផែនការមេបច្ចេកវិទ្យា និងក្រុមការងារបច្ចេកទេសផងដែរ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ការងារបច្ចេកវិទ្យាមានសារសំខាន់ណាស់ ពោលគឺមិនថាប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ទេ បច្ចុប្បន្ននេះសុទ្ធតែបានយកចិត្ត ទុកដាក់លើការងារបច្ចេកវិទ្យាទាំងអស់ ពីព្រោះការងារនេះមានការវិវត្តន៍យ៉ាងឆាប់រហ័សពីដំណាក់កាល មួយទៅដំណាក់កាលមួយ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះបានអនុម័តក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ និងកំពុងរៀបចំបញ្ចប់ក្រប ខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២១-២០៣០ ផងដែរ។

លោករដ្ឋលេខាធិការបានបន្ថែមថា ដើម្បីអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យ ចាំបាច់ត្រូវមានតួអង្គពាក់ព័ន្ធសំខាន់ៗចូលរួម ជាពិសេស រាជរដ្ឋាភិបាល វិស័យឯកជន និងការចូល រួមរបស់បងប្អូនប្រជាពលរដ្ឋ។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការបានកត់សម្គាល់ផងដែរថា កម្ពុជានឹងក្លាយទៅជារាជរដ្ឋាភិបាលឌីជីថល នៅពេលសម្រេចបាននូវការរៀបចំគោលនយោបាយបន្ទាន់មួយទៀត គឺគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ក្នុងគោលដៅជំរុញឱ្យក្រសួង-ស្ថាប័ន ដែលផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវអនុវត្តការផ្តល់ការសេវារបស់ខ្លួនតាមរយៈបច្ចេកវិទ្យាអនឡាញ។

ជាមួយគ្នានេះផងដែរ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ធ្ងរថា ផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យ សាធារណការ និងដឹកជញ្ជូននេះ គឺជាផែនការមេរួមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមិនសំដៅ ទៅលើផែនការមេបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋាន ឬអង្គភាពណាមួយក្រោមឱវាទក្រសួងនោះទេ។

លោកបានសម្តែងនូវសុទិដ្ឋិនិយមថា ផែនការមេបច្ចេកវិទ្យានេះ នឹងដំណើរការទៅដោយរលូន ស្របតាមទស្សនៈវិស័យរបស់លោកទេសរដ្ឋមន្ត្រី ដែលមានគោលបំណងជំរុញឱ្យគ្រប់អគ្គនាយកដ្ឋាន និងអង្គភាព ចំណុះឱ្យក្រសួងទាំងអស់អាចផ្ដល់សេវាតាមប្រព័ន្ធអនឡាញនាពេលខាងមុខ។

លោករដ្ឋលេខាធិការ បានពន្យល់ត្រួសៗអំពីពាក្យគន្លឹះមួយចំនួនទាក់ទងនឹងបច្ចេកវិទ្យា ក្នុងនោះមានដូចជា ប្រជាពលរដ្ឋឌីជីថល សំដៅទៅលើប្រជាពលរដ្ឋដែលប្រើបច្ចេកវិទ្យាក្នុងការងារទូទៅប្រចាំថ្ងៃរបស់ខ្លួន សង្គមឌីជីថល សំដៅទៅលើការទំនាក់ទំនងគ្នាក្នុងសង្គម ដែលប្រើបច្ចេកវិទ្យា ឧស្សាហកម្ម៤.០សំដៅទៅលើវិស័យឧស្សាហកម្មណា ដែលពង្រឹងការងារផលិតកម្ម សេវាកម្ម និងការងារដឹកជញ្ជូនរបស់ខ្លួនដោយប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងស្មាតស៊ីធី (Smart City) សំដៅទៅលើការងារអភិវឌ្ឍន៍នគររូបនីយកម្ម និងសំណង់ បូកជាមួយនឹងការងារបច្ចេកវិទ្យា និងប្រព័ន្ធបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ(ITS) ដែលក្រសួងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមនេះ។

ទាក់ទងនឹងការវិវត្តន៍ចុងក្រោយនៃការប្រើប្រាស់បច្ចេកវិទ្យា លោករដ្ឋលេខាធិការ បានសង្កេតឃើញថា នៅកម្ពុជាមានរីកចម្រើនច្រើនទាក់ទងនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ពិសេសតាមហ្វេសប៊ុក និងតេឡេក្រាម រវាងអ្នកប្រើប្រាស់និងអាជីវករ នៅក្នុងបរិបទប្រទេសជាតិកំពុងឆ្លងកាត់គ្រាលំបាកពីជំងឺកូវីដ-១៩នេះ ដែលស្ថានការនេះបានបង្ខំឱ្យពួកគាត់ចាំបាច់ត្រូវចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការទំនាក់ទំនងសង្គម បើមិនដូច្នោះទេ ពួកគាត់មិនអាចទិញទំនិញបានឡើយ។

ផែនការមេបច្ចេកវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូននេះ រួមមានបួនផ្នែកសំខាន់គឺ៖ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការផ្ដល់សេវាសាធារណៈ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់វិស័យសាធារណៈ ការគាំទ្ររដ្ឋបាលផ្ទៃក្នុង និងការតភ្ជាប់ប្រព័ន្ធទិន្នន័យទាំងក្នុង ក្រៅស្ថាប័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here