ដោយៈ ម៉ាណេត
ស្វាយរៀងៈ ផែនការអភិវឌ្ឍនៅក្នុងខេត្តស្វាយរៀង នៅតែបន្តបោះជំហានទៅមុខជានិច្ច ដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើន ទោះជាស្ថានភាពជំងឺកូវីដ១៩ នៃព្រឹត្តិការសហគមន៍២០កុម្ភៈ មិនទាន់មានភាពធូរស្រាលនៅឡើយ ខណៈគម្រោងធំៗជាច្រើនបាននិងកំពុងវិនិយោគនៅខេត្តមួយនេះ។ នេះបើយោងតាមការលើកឡើងរបស់លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ។
លោកម៉ែន វិបុលបានលើកឡើងដូចនេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រាំងទន្លេវ៉ៃគោ ផ្នែកខាងលិចប្រវែង៨១៥ម៉ែត្រ ស្ថិតក្នុងក្រុងស្វាយរៀង ដើម្បីរៀបចំក្រាលការ៉ូឡា សួនច្បារកន្លែងបំពាក់សម្ភារៈហាត់ប្រាណទីសាធារណៈ ទីតាំងវេទិការអ៉ុទូក និងការរៀបចំភ្លើងបំភ្លឺ លម្អរនាពេលរាត្រី។
លោកបានថ្លែងបន្តថា “សព្វថ្ងៃនេះខេត្តស្វាយរៀង មានសមិទ្ធផលធំៗជាច្រើន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បនេះ”។
លោកបានបន្ថែមថា ជាក់ស្តែងច្រាំទន្លេវ៉ៃគោ បាននឹងកំពុងបោះជំហានស្ថាបនាទៅមុខពេលនេះ ដែលនេះគឺបានចូលរួមយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សោភ័ណ្ឌភាព ក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រង មិនត្រឹមតែប៉ុណ្ណោះបានចូលរួមចំណែក ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ សុខមាលភាពសង្គម ដូចជាផ្ដល់នូវទីតាំង សមស្រប សម្រាប់ការទស្សនាការប្រណាំងទូក ជាទីកម្សាន្តលំហែអារម្មណ៍ និងហាត់កីឡារបស់ប្រជាពលរដ្ឋ យុវជន យុវនារី មកកម្សាន្តនៅទីនេះផងដែរ។
ដោយឡែក កាលពីដើមខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ លោកសុខ ចិន្តាសោភារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំគណៈប្រតិភូ CDC បំពេញទស្សនកិច្ចការងារ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់រោងចក្រ របស់ក្រុមហ៊ុន Cart Tire Co., Ltd និងក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd នៅខេត្តស្វាយរៀង។
ក្រុមហ៊ុន Cart Tire Co., Ltd ជាក្រុមហ៊ុនមកពីប្រទេសចិន និងធ្លាប់បានវិនិយោគនៅប្រទេសវៀតណាមតាំងពីឆ្នាំ២០១១ ហើយនៅឆ្នាំ២០២១នេះ ក្រុមហ៊ុនបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បង្កើតរោងចក្រផលិតសំបកកង់យានយន្តក្នុងទុនវិនិយោគប្រមាណ៣៥០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ៥០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង ៤.០០០កន្លែងជូនដល់ដល់កម្មករនិយោជិត។
ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២១ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល ក្នុងទុន វិនិយោគប្រមាណ៤៧.៧លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៣៥ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង ២ ០០០កន្លែង។
លោកសុខ ចិន្តាសោភាបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន Cart Tire Co., Ltd ដែលនឹងបញ្ជាទិញកៅស៊ូក្នុងស្រុក ១០០% សម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើម ក្នុងការផលិតសំបកកង់យានយន្ត ដោយនៅឆ្នាំទី១ ក្រុមហ៊ុននឹងត្រូវការកៅស៊ូប្រមាណ ៥០ ០០០តោន ហើយនៅឆ្នាំទី៥ តម្រូវការនឹងកើនឡើងរហូតដល់១៥០,០០០តោន ស្មើនឹងប្រមា ណ៤៣%នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុបឆ្នាំ២០២០។
ដោយឡែកលោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ពិចារណាទិញវត្ថុធាតុដើមក្នុងស្រុក ព្រោះការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកនឹងធ្វើឱ្យក្រុមហ៊ុន អាចនាំចេញដោយបង់ពន្ធក្រោមអត្រា ០% ឬអត្រាទាប៕