ដោយៈម៉ាណេត
អន្តរជាតិៈ ការងើបឡើងយ៉ាងលឿននៃឥទ្ឋិពលសេដ្ឋ នយោបាយ និងយោធាចិនយ៉ាងលឿនក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានធ្វើឲ្យមេដឹកនាំពិភពលោក ពិសេសសហរដ្ឋអាមេរិកភ័យញ័រខ្លួន និងរិះរកគ្រប់វិធី ដើម្បីបង្អាក់ដំណើររបស់មហាយក្សនេះកុំឲ្យឆ្ពោះទៅមុខលឿនពេក។
ជាលទ្ឋផលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មេដឹកនាំអាមេរិករាប់ចាប់តាំងពីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងដូណាល់ ត្រាំ និងលោកប្រធានាធិបតីចូ បៃដិនតែងតែលើកឡើងជារឿយៗ ម្តងហើយម្តងទៀត ដើម្បីរិះរកវិធីទប់ទល់ឥទ្ឋិពលរបស់មហាយក្សចិន។
តើអ្នកវិភាគពីនយោបាយ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយមើលឃើញដូចម្តេចលើបញ្ហានេះ?
ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុត របស់ពិភពលោកនៅឆ្នាំ២០២៨ ដែលមានរយៈត្រឹមតែ៥ឆ្នាំ លឿនជាងការប៉ាន់ស្មានលើកមុន ដោយសារតែការស្ទុះងើបឡើងវិញពីវិបត្តិកូវិដ១៩ របស់ប្រទេសទាំងពីរមានភាពខុសគ្នា ប៉ុន្តែវាហាក់ដូចមិនមានភាពងាយស្រួលនោះទេ សម្រាប់ចិនក្នុងការសម្រេចបានគោលដៅ ក្លាយមហាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើពិភពលោក។
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់អង់គ្លេស (CEBR) បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំថា “មួយរយៈកាលមួយ ប្រធានបទដ៏សំខាន់មួយនៃសេដ្ឋកិច្ចសកលគឺការតស៊ូខាងសេដ្ឋកិច្ច និងអំណាចរវាងសហរដ្ឋអាមេរិក និងចិន”។
របាយការណ៍បានបន្តថា “វិបត្តិកូវីដ១៩ និងការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ច ពិតជាបានផ្តល់ប្រយោជន៍ដល់ប្រទេសចិន”។ CEBR បានឱ្យដឹងថា “ការគ្រប់គ្រងដ៏ប៉ិនប្រសប់នៃជំងឺរាតត្បាត”របស់ប្រទេសចិន ជាមួយនឹងការបិទទ្វារប្រទេសយ៉ាងតឹងរឹង និងកំណើនសេដ្ឋកិច្ចរយៈពេលវែង នៅភាគខាងលិចប្រទេស មានន័យថា លទ្ធផលនៃសេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពប្រសើរឡើង”។
បន្ទាប់ពីចេញរបាយការណ៍នេះ កាលពីចុងឆ្នាំ២០២០ ប្រទេសសេដ្ឋកិច្ចធំៗចំនួន៤ បានបើកកិច្ចប្រជុំលើកដំបូង អំពីភាពតានតឹងជាមួយប្រទេសចិន ដែលបង្ហាញថា វាហាក់ដូចជា ការបង្កើតកិច្ចសហកិច្ចសហប្រតិបត្តិការ ដើម្បីរាំងខ្ទប់ការហក់ឡើងរបស់ចិនទៅរកការក្លាយប្រទេសមហាសេដ្ឋកិច្ច និងនយោបាយលើពិភពលោក។
រដ្ឋាភិបាលសហរដ្ឋអាមេរិក និងឥណ្ឌាប្រកាសថា មេដឹកនាំអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី បានជួបគ្នាតាមវីដេអូកាលពីពេលថ្មីៗនេះ ដែលជាកិច្ចពិភាក្សាលើកដំបូងរវាងប្រមុខរដ្ឋ នៃក្រុមប្រទេស «Quad» ខណៈភាពតានតឹងរវាងប្រទេសទាំង៤ ជាមួយចិនកំពុងតែកើនឡើង។
កាលពីខែមិថុនា ឆ្នាំមុន កងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចគ្នានៅតាមបណ្ដោយបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC) ដែលជាតំបន់ព្រំដែនមានជម្លោះ នៅជួរភ្នំហិមាល័យ បណ្ដាលឱ្យទាហានទាំងសងខាងស្លាប់ បន្ទាប់ពីការប្រយុទ្ធគ្នាដោយដៃ ដំបង និងខែល។ ក្រៅពីនេះ ចំណុចក្ដៅរវាងក្រុងប៉េកាំង និងក្រុងញូវដេលី រួមមានជម្លោះពាណិជ្ជកម្ម និងបច្ចេកវិទ្យាផងដែរ។
ប្រទេសជប៉ុន និងចិន នៅតែមានភាពតានតឹងជុំវិញ ប្រជុំកោះមានជម្លោះសេនកាគូឬតាវយូ។ ក្រុងប៉េកាំង បានបង្កើនវត្តមានរបស់នាវាឆ្មាំសមុទ្ររបស់ខ្លួន នៅជិតប្រជុំកោះសមុទ្រចិនខាងកើតមួយនេះ ដែលជាកោះគ្មានមនុស្សរស់នៅ។ រដ្ឋាភិបាលជប៉ុនក៏បានបង្ហាញការព្រួយបារម្ភចំពោះច្បាប់ចិនថ្មី ដែលអនុញ្ញាតឱ្យនាវាឆ្មាំសមុទ្រធ្វើការបាញ់ប្រហារទៅលើនាវាបរទេស។
ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីបានធ្លាក់ចុះ បន្ទាប់ពីចិនដាក់កម្រិតលើការនាំចូលផលិតផលអូស្ត្រាលីដូចជាធ្យូងថ្ម ស្រាទំពាំងបាយជូរ សាច់គោ និងស្រូវសាលីជាដើម ខណៈពេលដែលអូស្ត្រាលី បានទាមទារឱ្យមានការបើកការស៊ើបអង្កេត រកប្រភពជំងឺកូវីដ១៩នៅចិន។
ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក បានបង្កើនចំនួនបេសកកម្មកងទ័ពជើងទឹក និងអាកាសរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង និងច្រានចោលការកាន់កាប់របស់ចិនលើផ្លូវទឹកដ៏ធំនេះ។ អាមេរិកក៏បានបង្កើនការគាំទ្រ ចំពោះកោះតៃវ៉ាន់ ដែលចិនចាត់ទុកថា ជាដែនដីអធិបតេយ្យរបស់ខ្លួន។
សហរដ្ឋអាមេរិកគឺនៅសហរដ្ឋអាមេរិក។ មិនខុសពីលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន (Joe Biden) ដែលបានឡើងកាន់តំណែងមិនទាន់មួយខែផងនោះ ធ្លាប់បាននិយាយថា លោកនឹងមិនចាត់វិធានការភ្លាមៗ ដើម្បីលុបចោលកិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទី១ ដែលប្រធានាធិបតីដូណាល់ត្រាំបានចុះហត្ថលេខាជាមួយប្រទេសចិននោះទេ។
លោក Biden បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតខាងលើថា “ខ្ញុំនឹងមិនចាត់វិធានការភ្លាមៗទេ ហើយការអនុវត្តដូចគ្នាចំពោះពន្ធគយ។ ខ្ញុំនឹងមិនលម្អៀងលើជំរើសរបស់ខ្ញុំទេ”។
ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសចិនបានយល់ព្រម បង្កើនការទិញផលិតផល និងសេវាកម្មរបស់អាមេរិក យ៉ាងតិច២០០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ និង២០២១។
កិច្ចព្រមព្រៀងដំណាក់កាលទី១ ដែលបានចុះហត្ថលេខាកាលពីដើមឆ្នាំនេះ ក៏នឹងបន្សល់នូវការដាក់ពន្ធ ២៥ភាគរយ លើទំនិញឧស្សាហកម្ម និងគ្រឿងបន្លាស់ចិនចំនួន២៥០ពាន់លានដុល្លារ ដែលប្រើប្រាស់ដោយក្រុមហ៊ុនផលិតអាមេរិក និងពន្ធសងសឹករបស់ចិនលើទំនិញអាមេរិកមានតម្លៃ១០០ពាន់លានដុល្លារ៕