ដោយៈលក្ខិណា
ភ្នំពេញៈ ទោះបីជាកម្ពុជាជួបវិបត្តិកូវីដ១៩ ដោយអូសបន្លាយប្រមាណជាងកន្លះឆ្នាំមកនេះក្ដី តែកម្ពុជានៅតែទទួលបានចំណូលពីពន្ធដារ និងពន្ធគយរាប់ពាន់លានដុល្លារសម្រាប់ដោះស្រាយការចំណាយរបស់ខ្លួនដដែល។
ជាក់ស្ដែងកក្នុងរយៈពេល៧ខែ កម្ពុជាទទួលបានចំណូលពន្ធដារ និងពន្ធគួប្រមាណ៣.០៦១លានដុល្លារអាមេរិក នឹងរំពឹងថាដល់ដំណាច់ឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានចំណូលពន្ធទាំងពីរ យ៉ាងហោចណាស់៥ពាន់លានដុល្លារអាមេរិក ។ នេះបើតាមប្រសាសន៍សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីថ្លែងកាលថ្ងៃទី១សីហា២០២១ កន្លងទៅនេះ ។
សម្ដេចមានប្រសាសន៍ថា “ទោះបីជាចំណូលពន្ធទាំងពីរនេះ បានថយចុះបន្តិចមែនក្ដី ប៉ុន្តែចំណូលចរន្តទាំងនេះ នៅតែអាចរក្សាបានក្នុងមួយខែ ជាមធ្យម៤០០លានដុល្លារអាមេរិកដែលអាចទ្រទ្រង់ដល់ការចំណាយនានាបានទៀតផង”។
សម្ដេចមានប្រសាសន៍បន្ថែមថា ទោះបីជាកម្ពុជាបានបង្កើនការចំណាយទៅលើការទប់ស្កាត់កូវីដ១៩ ច្រើនជាងរាល់ឆ្នាំក្ដី តែកម្ពុជានៅតែប្រើប្រាស់ថវិកាសន្សំរបស់ខ្លួនដដែល ដោយមិនទាន់យកថវិកា និងមាសដែលផ្ញើនៅខាងក្រៅប្រទេស មកប្រើប្រាស់នៅឡើយទេ ហើយក៏មិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ដួលរលំនោះដែរក្នុងបរិបទកូវីដ១៩នេះ។
យ៉ាងណាក្ដីប្រមុខរដ្ឋាភិបាលទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះ នឹងមិនអាចសម្រេចបាន តាមការព្យាករណ៍កាលពីចុងឆ្នាំ២០២០នោះទេ ខណៈមេរោគរាតត្បាតនេះនៅបន្តកើនឡើង ។
លោកវង្សី វិស្សុតរដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានលើកឡើងថា បើសិនជាកូវីដ១៩នៅបន្តអូសបន្លាយបន្តទៀត ច្បាស់ណាស់ វានឹងប៉ះពាល់ដល់ការព្យាករសេដ្ឋកិច្ចរបស់កម្ពុជា ដែលព្យាករទុកកាលពី២០២០មែន ខណៈវិស័យច្រើនជាច្រើន នៅតែបន្តរងផលប៉ះពាល់ពីជំងឺនេះ។
លោកបន្តថា “យ៉ាងណាក្ដី តាមរយៈចំណូលពន្ធ តាមរយៈទំហំទឹកប្រាក់នាំចេញរបស់កម្ពុជាយើងអាចនិយាយថា សេដ្ឋកិច្ចកម្ពុជានឹងមិនដួលរលំ នៅក្នុងវិបត្តិកូវីដ១៩ឡើយ”៕