រដ្ឋាភិបាលរកបានចំណូលដុលជាង៧២៦លានដុល្លារពីការនាំចេញស្រូវអង្ករ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ កម្ពុជាទទួលបានចំណូលដុល ចំនួន៧២៦,៩៤លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញស្រូវអង្ករ ខណៈការនាំចេញអង្ករក្នុងខែទីមួយ នៃឆមាសទី២ ឆ្នាំ២០២១ ចាប់ផ្តើមរើបឡើងបន្តិច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធបានឱ្យដឹងថា ជារួមការនាំចេញអង្ករសរុប ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ បានចំនួន៣០៩៨៦៥ តោន គិតជាទឹកប្រាក់ចំនួន២២៣.៨៥លានដុល្លាសហរដ្ឋអាមេរិក ហើយការនាំចេញស្រូវបានចំនួនជាង២លានតោន គិតជាទឹកប្រាក់ចំនួនជាង៥០៣.០៩លានដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ សហព័ន្ធបានឱ្យដឹងថា ការនាំចេញអង្ករក្នុងខែទីមួយ នៃឆមាសទី២ ឆ្នាំ២០២១ ចាប់ផ្តើមងើបឡើងបន្តិច ខណៈរយៈពេល៧ខែ កម្ពុជានាំចេញអង្ករបាន៣០ម៉ឺនតោនទទួលចំណូល២២៣លានដុល្លារ។

សហព័ន្ធស្រូវអង្ករបានឱ្យថា ក្នុងខែកក្កដា ឆ្នាំ២០២១នេះ ការនាំចេញអង្កររបស់កម្ពុជា បានចំនួន២៩,៤១៥ តោនគិតជាទឹកប្រាក់ចំនួន២១.១៨លានដុល្លារ មានការកើនឡើងចំនួន៣.៥៣% បើធៀបទៅនឹងបរិមាណនាំចេញ ក្នុងខែកក្កដា ឆ្នាំ២០២០ ឬ កើន ១១.១០% បើធៀបទៅបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ២០១៩។

ទោះបីជា ស្ថានភាពនៃកង្វះទូកុងតែន័រនៅតែបន្ត តម្លៃកប៉ាល់ទៅកាន់ទីផ្សារនៅក្នុងសហគមន៍អ៊ឺរ៉ុបនៅតែបន្តឡើងថ្លៃ តែស្ថានភាពទីផ្សារតម្រូវបានជំរុញ ឱ្យការនាំចេញអង្ករកម្ពុជា ចាប់ផ្តើមដំណើរការ ជាពិសេសការបំពេញការនាំចេញ លើកិច្ចសន្យាដែលខកខាន ឬពន្យារពេលកន្លងមក។

សម្រាប់ខែកក្កដានេះ ការនាំចេញអង្ករក្រអូបប្រណិតបានចំនួន៤៥% អង្ករក្រអូបធម្មតា( សែនក្រអូប) ៣៥%, អង្ករស បាយទន់១៧% ហើយអង្ករចំហុយបានចំនួន៣% ដែលអង្ករទាំងនោះចំនួន៣៦.២១% ទៅកាន់សហគមន៍អឺរ៉ុប ៣៦.១៣%នាំទៅកាន់ប្រទេសចិន ៧.៨៨%ទៅកាន់ទីផ្សារសហគមន៍អាស៊ាន និង ១៩.៧៩%ទៅកាន់ទីផ្សារផ្សេងៗចំនួន ២២ គោលដៅដូចជា ហ្កាប៊ុង អូស្ត្រាលី អង់គ្លេស ញ៉ូហ្សេលេន..ជាដើម។

សម្រាប់ការនាំចេញស្រូវ ជាពិសេសស្រូវប្រាំង ដែលបាននិងកំពុងប្រមូលផល ក្នុងខែកក្កដា នេះបានចំនួន៣២៥,៤២៨តោន គិតជាទឹកប្រាក់ចំនួនប្រមាណ៧៨លានដុល្លាសហរដ្ឋអាមេរិក។ ការនាំចេញស្រូវក្នុងខែកក្កដា ឆ្នាំ២០២១ នេះមានការកើនឡើងគួរឱ្យកត់សំគាល់ ទោះបីជាមានការរាំងស្ទះខ្លះ ដោយសាវិធានការសុវត្ថិភាពប្រឆាំងកូវីដ១៩ នៅតាមព្រំដែនជាមួយប្រទេសវៀតណាម ត្រូវបានរឹតបន្តឹងក៏ដោយ។

ប្រទេសកម្ពុជាបាន និងកំពុងប្រមូលផលស្រូវប្រាំងជុំទី២ ចន្លោះពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ លើផ្ទៃដី៥៦៣,៣៩៤ហិកតា ហើយរំពឹងនឹងទទួលបានទិន្នផល ប្រមាណ២.៨២លានតោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here