ដោយៈ ប៊ី
ភ្នំពេញៈ មន្រ្តីអ្នកនាំពាក្យនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានបញ្ជាក់ថា អ្នកបម្រើការងារ ឬកម្មករនិយោជិតនៃវិស័យឯកជនទាំងអស់ ដែលជាសមាជិក ប.ស.ស នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលចូលនិវត្តន៍ដូចទៅនឹងមន្រ្តីរាជការដែរ នៅពេលដែលរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន គ្រោងនឹងដាក់ឲ្យអនុវត្តន៍ផ្លូវការនៅដើមឆ្នាំ២០២២ខាងមុខ។
លោកហេង សុផាន់ណារិទ្ធប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យរបស់បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅថ្ងៃទី៥ សីហា ឆ្នាំ២០២១នេះ ថា ជាគម្រោងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ គ្រោងដាក់ឲ្យដំណើរការតាំងពីឆ្នាំ២០១៩ ប៉ុន្តែដោយសារមានការរីករាលដាលនៃជំងឺកូវីដ១៩ ទើបពន្យាពេលរហូតដល់ឆ្នាំ២០២២។
លោកបានថ្លែងដូច្នេះថា ប្រាក់សោធនសម្រាប់វិស័យឯកជនគឺយើងគ្រោងដាក់ឲ្យអនុវត្តន៍នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ ពីព្រោះថាយើងបានរៀបចំលិខិតបទដ្ឋាន អនុក្រឹត្យ លិខិតបទដ្ឋានគតិយុត្តនានារួចរាល់ហើយ”។
លោកបានថ្លែងបន្តថា យើងគ្រោងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៩ ប៉ុន្តែដោយសារមានជំងឺរីករាលដាលនៃជំងឺកូវីដ១៩គឺពន្យាពេលរហូត ហើយនៅក្នុងនេះយើងបានប្រជុំក្រុមប្រឹក្សាភិបាល យើងបានពិភាក្សានិងស្នើសុំឲ្យដាក់អនុវត្តនៅក្នុងឆ្នាំ២០២២ខាងមុខ) ពាក់ព័ន្ធរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនខាងលើ នៅព្រឹកថ្ងៃនេះក្រសួងកិច្ចការនារី បានសហការជាមួយអង្គការ អាហ្វីដា រៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករជាស្រ្តីដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ ហ្សូម។
នៅក្នុងកិច្ចប្រជុំនោះ ក៏មានធ្វើបទបង្ហាញ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម ដែលក្នុងនោះរួមមាន៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលមានវិសាលភាពគ្របដណ្តប់លើវិស័យឯកជន និងវិស័យសាធារណៈ រួមទាំងអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ជាពិសេសសម្រាប់ សមាជិក ប.ស.ស ជាស្រ្តីសម្រាលកូន ទាំងក្នុងនិងក្រៅប្រព័ន្ធទាំងអស់ ក៏បាននឹងកំពុងទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។
កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីក្របខ័ណ្ឌ និងវិធានការផ្នែកគោលនយោបាយស្តីពីកិច្ចគាំពារសង្គម ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានការញ្ជើញចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងមន្ទីរកិច្ចការនារីទាំង២៥រាជធានី/ខេត្ត តំណាងអង្គការ អាហ្វីដា (APHEDA), អង្គការ អហ្វហ្វាម (Oxfam) និងតំណាងសហជីពនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបប្រមាណជាង១០០នាក់៕