ដោយៈសុខុម
សិង្ហបុរី: យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី៦ សីហា នេះឱ្យដឹងថា ប្រទេសសិង្ហបុរីនឹងស្វាគមន៍វត្តមានសណ្ឋាគារប្រណីត បែបអភិជនថ្មីមួយនៅឆ្នាំ២០២៣ ខាងមុខនេះ។
ម៉ាកយីហោសណ្ឋាគារប៊ូទិកដ៏ល្បីល្បាញ The Standard បានប្រកាសថា គម្រោងសណ្ឋាគារថ្មីរបស់ខ្លួនខាងលើនេះ នឹងស្ថិតនៅទីតាំងដែលមានហាងឆេងខ្ពស់ តាមប ណ្ដោយមហាវិថី Orange Grove Road ទល់មុខសណ្ឋាគារប្រណីតShangri-La Singapore។
សណ្ឋាគារនេះ នឹងត្រូវរចនាឡើងតាមខន់សិប (Concept) របស់ The Standard ទាំងស្រុងមិនថា អាហារ & ភេសជ្ជៈ និងកម្មវិធីសិល្បៈ & វប្បធម៌ រួមជាមួយអាងហែលទឹកគ្មានគែម (Infinity Pool) និងបារជាប់មាត់អាងទឹក ដែលត្រូវបានហ៊ុមព័ទ្ធដោយទីធ្លាលម្អដោយរុក្ខជាតិខៀវស្រងាត់លំដាប់អភិជនដ៏គួរឱ្យទាក់ទាញ។
គម្រោងសណ្ឋាគារនេះ ស្ថិតក្នុងចំណោមសណ្ឋាគារតែមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវបានសាងសង់ឡើង ពីជាន់ផ្ទាល់ដីឡើងទៅលើ នៅតាមបណ្ដោយដងវិថី Orange Grove Road។ ទីតាំងសណ្ឋាគារថ្មីនេះ ស្ថិតនៅកៀកនឹងឧទ្យាន Singapore Botanic Gardens ដែលអ្នកដើរតែមួយភ្លែតដល់។
ម៉ាកយីហោសណ្ឋាគារThe Standard ត្រូវបានបង្កើតឡើងនៅក្រុង West Hollywood រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៩ ហើយបានពង្រីកខ្លួនទៅកាន់ក្រុងមួយចំនួនទៀតរបស់សហរដ្ឋអាមេរិក ដូចជា ទីក្រុងញូវយ៉ក និងក្រុងម៉ៃអាមី (Miami) ព្រមទាំងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ហើយពេលនេះកំពុងតែពង្រីកខ្លួនមកកាន់ទីក្រុងសំខាន់ៗនៅតំបន់អាស៊ីអាគ្នេយ៍។
តួយ៉ាង គម្រោងសណ្ឋាគារThe Standard, Hua Hin នៅហួហ៊ីន (Hua Hin) ប្រទេសថៃ គម្រោងបើកសម្ពោធនៅខែវិច្ឆិកា ឆ្នាំ២០២១ ចំណែកឯគម្រោងសណ្ឋាគារ The Standard, Bangkok Mahanakhon នៅក្រុងបាងកក គ្រោងបើកសម្ពោធនៅក្នុងឆ្នាំ២០២២។
លោក Amar Lalvani នាយកប្រតិបត្តិក្រុមហ៊ុន Standard International បានថ្លែងថា “សិង្ហបុរី ជារដ្ឋបុរី (ប្រទេសមានតែក្រុង) ដ៏មានសក្ដានុពល និងមានវប្បធម៌សម្បូរបែបដែលត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកភាពច្នៃប្រឌិត និងបែបផែនរបស់ The Standard។ លោកបន្តថា “សិង្ហបុរី បានក្លាយជាមជ្ឈមណ្ឌល ដ៏មានសារៈសំខាន់ និងប្រកបដោយភាពច្នៃប្រឌិត មិនគួរឱ្យជឿនៅអាស៊ី ហើយយើងពិតជារំភើបរករាយណាស់ចំពោះការអភិវឌ្ឍនេះ”។
គម្រោងសណ្ឋាគារ The Standard Singapore នឹងត្រូវទទួលអភិវឌ្ឍដោយ Invictus Developments ជាក្រុមហ៊ុនវិនិយោគលើសណ្ឋាគារប៊ូទិក ដែលកាន់កាប់ដោយគ្រួសាររបស់អ្នកជំនួញឥណ្ឌូនេស៊ី ឈ្មោះ Bachtiar Karim៕