តំបន់ទីបេតិ៍ដាក់ឱ្យដំណើរការចំណតអាកាសយានដ្ឋានធំបំផុតប្រចាំតំបន់អាស៊ីខាងត្បូង

0

ដោយៈ សុខុម

ប្រទេសចិន: អាកាសយានដ្ឋានក្រុងឡាសា Lhasa Gonggar Airport នៅតំបន់ស្វយ័តទីបេតិ៍ នាភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅបានសម្ពោធដាក់ឱ្យដំណើរការចំណតទី៣ (Terminal 3) ទើបសាងសង់រួចថ្មីៗរបស់ខ្លួនដែលធំបំផុតនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន The Edge Market ចុះផ្សាយនៅថ្ងៃទី៩ ខែសីហា នេះ។

កាសែតចិន Global Times បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅដោយដកស្រង់សម្ដីក្រុមអ្នកជំនាញថា នេះជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ដែលជួយបង្កើនសមត្ថភាពដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ហើយប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិសម្រាប់អាស៊ីខាងត្បូង។

អាកាសយានដ្ឋានខាងលើនេះនិយាយថា ជាមួយនឹងចំណតថ្មីនេះ ខ្លួនមានសមត្ថភាពដឹកអ្នកដំណើរបាន៩លាននាក់ និងទំនិញចំនួន៨០០.០០០តោនក្នុងមួយឆ្នាំៗ។ អាកាសយានដ្ឋាននេះស្រូបទាញបានអ្នកដំណើរបានជាង៧៥%ក្នុងចំណោមអាកាសយានដ្ឋានទាំងអស់នៅតំបន់ទីបេតិ៍។

គម្រោងពង្រីកអាកាសយានដ្ឋានដែលបានចាប់ផ្តើមជាង៣ឆ្នាំមុននេះ រួមមានទាំងចំណតទំហំ៨៨,០០០ម៉ែត្រការ៉េដែលធំជាងចំណតចាស់ដល់ទៅជាង៣ដង ប៉មគ្រប់គ្រងចរាចរណ៍ហោះហើរតាមផ្លូវអាកាសមួយ អគារទំនាក់ទំនងថ្មី និងសាលរក្សាទុកទំនិញផងដែរ។

គម្រោងពង្រីកអាកាសយានដ្ឋានក្រុងឡាសា Lhasa Gonggar Airport នេះបានចាប់ផ្ដើមនៅខែធ្នូ ឆ្នាំ២០១៧ ជាមួយនឹងទំហំវិនិយោគ៦០៣លានដុល្លារអាមេរិក។

លោក Liu Zongyi អគ្គលេខាធិការនៃមជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់កិច្ចសហប្រតិបត្តិការចិន-អាស៊ីខាងត្បូង (Research Center for China-South Asia Cooperation) នៅវិទ្យាស្ថានក្រុងសៀងហៃ សម្រាប់ការសិក្សាអន្តរជាតិ (Shanghai Institutes for International Studies) បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទីបេតិ៍ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសជាមួយនឹងគម្រោងអាកាសចរណ៍ស៊ីវិល ផ្លូវដែក និងផ្លូវហាយវ៉េជាច្រើន។

លោកបានប្រាប់កាសែតចិន Global Times កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា “តាមការរំពឹងទុក ចំណតអាកាសយានដ្ឋានថ្មីនេះនឹងជួយកសាងតំបន់នេះឱ្យក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិប្រចាំអាស៊ីខាងត្បូង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here