ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថានកំពុងវាយតម្លៃ និងសិក្សារ៉ុករកប ច្ចេកវិទ្យាថ្មីៗ ដើម្បីយកទៅប្រើប្រាស់ ធ្វើឱ្យផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អនុវត្តទៅដោយរលូន មានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថាន ។
អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន លោកវ៉ាន់ មុនីនាថ បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គម្រោងនេះនឹងជួយពង្រឹងសមត្ថភាពធនធានមនុស្ស ក៏ដូចជារិះរកដំណោះស្រាយ និងបច្ចេកវិទ្យថ្មីៗនានា ដើម្បីធ្វើឱ្យការអភិវឌ្ឍ ចំណេញដល់សេដ្ឋកិច្ច បរិស្ថាន វប្បធម៌ និងសង្គម។
លោកបន្តថា “ផែនការសកម្មភាព នឹងផ្តោតសំខាន់ លើការកាត់បន្ថយឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន ដោយគ្រប់គ្រងយ៉ាងម៉ត់ចង់លើ វិស័យថាមពលដំណើរការឧស្សាហកម្ម ការប្រើប្រាស់ទឹក ការបញ្ចេញសំណល់ និងការងារផ្សេងៗទៀត ក្នុងគ្រប់ដំណើរការអភិវឌ្ឍខេត្តព្រះសីហនុ”។
លោកបន្តថា និយាយជារួម ផែនការមេដ៏ធំមួយនេះ ត្រូវតែធ្វើឡើងដោយមានភាពបៃតង និងផ្ដល់ប្រយោជន៍ដល់គ្រប់ផ្នែក។
ផែនការមេជំរុញឱ្យខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបានរដ្ឋាភិបាលប្រកាសមួយរយៈធំមកហើយ។
កាលពីខែមិថុនា កន្លងមកនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យថ្មីមួយ បង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង ដាក់រដ្ឋមន្រ្តីជើងចាស ៣រូប ធ្វើការរួមគ្នាពន្លឿនការងារនេះ៕
បច្ចុប្បន្ន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក៏កំពុងប្រមូលរូបថតពីលើអាកាស នៅខេត្តព្រះសីហនុហើយ ដើម្បីប្រើប្រាស់ជាឯកសារជំនួយក្នុងពេលរៀបចំផែនការមេផងដែរ៕