ដោយៈតារា
ភ្នំពេញៈ ប្រជាពលរដ្ឋដែលទិញផ្ទះបង់រំលស់ និងអ្នកទិញផ្ទះទុកធ្វើអាជីវកម្ម ដើម្បីលក់រកចំណេញនៅតាមបុរី បច្ចុប្បន្នមានម្ចាស់ផ្ទះមួយចំនួន កំពុងជួបប្រឈមរកលក់ផ្ទះទៅឲ្យម្ចាស់បុរីវិញ ដើម្បីជាដំណោះស្រាយការជាប់គំាងអំពីបញ្ហាលុយកាក់។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា មុនបញ្ហាប្រឈម និងក្នុងស្ថានភាពនៃការរីករាលដាល ជម្ងឺកូវីដ ១៩ នេះ មានប្រជាពលរដ្ឋជាច្រើនបានទិញបុរីសម្រាប់ការរស់នៅ ក្នុងនោះប្រជាពលរដ្ឋមួយចំនួនបានទិញបង់រំលស់ និងប្រជាពលរដ្ឋមួយចំនួនទៀត គឺទិញដើម្បីធ្វើអាជីកម្ម បច្ចុប្បន្នអ្នកទិញផ្ទះពីបុរីមួយចំនួន ក្នុងនោះអ្នកខ្លះកំពុងជួបប្រឈមនិងបញ្ហា។
លោកបន្តថា “អ្នកបញ្ហាប្រឈមបញ្ហានេះ ភាគច្រើនពួកគាត់ជាទិញផ្ទះបង់រំលស់ជាមួយម្ចាស់បុរី ការទិញបង់រំលស់ជាមួយម្ចាស់បុរីនេះ គឺក្នុងគោលបំណងទិញសម្រាប់លក់រកចំណេញ ដល់ជួបបញ្ហាក្នុងការបង់ប្រាក់ត្រឡប់ទៅទិញ មានចំនួនទឹកប្រាក់ច្រើន គឺបង្ខំឲ្យពួកគាត់លក់ទៅឲ្យម្ចាស់ដើមវិញ”។ លោកបញ្ជាក់ថា “ជុំវិញបញ្ហាការលក់ទៅឲ្យម្ចាស់បុរីនេះ គឺនៅក្នុងចំណែកណាមួយប៉ុណ្ណោះ តែបើសង្កេតមើលទិដ្ឋភាពជារួមបញ្ហាទីផ្សារវាប្រឈមនោះ វាមិនទាន់ដល់នោះឡើយ។
ជាមួយគ្នានេះ លោកបណ្ឌិត គឺ សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជាលើកឡើងថា ប្រជាពលរដ្ឋដែលទិញផ្ទះនៅតាមបុរី ភាគច្រើនពួកគាត់មិនមានដើមទុនសម្រាប់តម្កល់ទុក ដើម្បីដោះស្រាយនៅពេលជួបបញ្ហានោះទេ គឺមួយចំនួនធំពួកគាត់ខ្ចីលុយពីធនាគារ ដូច្នេះនៅពេលមានវិបបត្តិ ពួកគាត់បង្ខំលក់ផ្ទះចេញទៅវិញនេះ គឺជាសញ្ញាណនៃការជាប់គាំងវិស័យអចលទ្រព្យជាបណ្តើរៗផងដែរ ។
តាមការបង្ហាញរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវិស័យសំណង់ ត្រូវបានប៉ាន់ស្មានថាមានកំណើនត្រឹមអត្រា១,៤ភាគរយ ក្នុងឆ្នាំ២០២១ ជាកំនើនទាបជាងការព្យាករពីដើមឆ្នាំ ដែលត្រូវបានរំពឹងថានឹងមានកំណើន២,៩ភាគរយ ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តធ្លាក់ចុះ ជាងការរំពឹងទុកនៃសកម្មភាពសំណង់ថ្លៃខ្ពស់ និងសំណង់បម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ខណៈដែលសកម្មភាពសំណង់លំនៅឋានថ្លៃទាប និងមធ្យម ត្រូវបានរំពឹងថាបន្តកំណើនក្នុងអត្រាទាប៕