លោកឧកញ៉ាលឹម ហេងៈបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើងជារៀងរាល់ឆ្នាំ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានអះអាងថា បរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទួរស័ព្ទកាលពីរសៀលថ្ងៃទី១៦ សីហាកន្លងមកថា តាមរយៈការដាក់ចេញនូវគោលនយោបាយ កំនែទម្រង់ជាបន្តបន្ទាប់ បានធ្វើឲ្យកម្ពុជា កាត់បន្ថយបានច្រើននូវការិយាធិបតេយ្យ ដែលធ្វើឲ្យបរិយាកាសវិនិយោគកាន់តែប្រសើរឡើងជារៀងរាល់ឆ្នាំ។

លោកបន្តថា “គោលនយោបាយកំណែទម្រង់់ជាច្រើន បានកាត់់បន្ថយការិយាធិបតេយ្យ ព្រោះការិយាធិបតេយ្យនឹងធ្វើឲ្យមានលិខិតស្នាមច្រើន និងមានតម្លៃថ្លៃលើសេវាកម្ម ដែលនាំឲ្យមានបញ្ហាប្រឈម ក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង”។លោកបន្តថា “មើលឃើញបញ្ហានេះហើយ ទើបសម្តេចតេជោបានដាក់ចេញគោលនយោបាយកាត់បន្ថយការិយាធិបតេយ្យ ​​តាមរយៈការបង្កើតវេទិការវាងរដ្ឋ និងវិស័យឯកជន ការផ្តួចផ្តើមបង្កើតរដ្ឋាភិបាលឌីជីថលជាដើម”។

លោកឧកញ៉ាលឹម ហេងបានបន្តថា ជាមួយគ្នានេះច្បាប់វិនិយោគថ្មី ដែលនឹងអនុម័តដោយរដ្ឋសភាជាតិ និងឡាញប្រហត្តលេខាពីព្រះមហាក្សត្រ ដើម្បីដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ នឹងជួយទាក់ទាញអ្នកវិនិយោគអន្តរជាតិជាច្រើនកាន់តែច្រើន ព្រោះ​ច្បាប់វិនិយោគថ្មីនេះនឹងផ្តល់ការគាំពារ និងលើកទឹកចិត្តអ្នកវិនិយោគមកកម្ពុជា កាន់តែច្រើនថែមទៀត។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារកម្ពុជាធ្លាប់បានមានប្រសាសន៍ថា អ្នកវិនិយោគអន្តរជាតិ មុនចូលទៅវិនិយោគនៅប្រទេសណាមួយ ពួកគេតែងតែសិក្សាលើមូលដ្ឋានបីជាសំខាន់ដូចជា ទី១ ស្ថេរភាពនយោបាយរយៈពេលវែង ទី២ ស្ថេរភាពសង្គម និងទី៣ ការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសនោះ ពិសេសច្បាប់បទដ្ឋានគតិយុត្តិ ដែលលើកទឹកចិត្ត និងមិនបង្កភាពស្មុគស្មាញដល់អ្នកវិនិយោគ។

លោកបន្តថា “កម្ពុជាបានបំពេញនូវលក្ខខ័ណ្ឌទាំងបីយ៉ាងល្អប្រសើរ ដែលអាចទាក់ទាញអ្នកវិនិយោគ អន្តរជាតិមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ លោកបន្តថា “ការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ក៏ធ្វើឲ្យកម្ពុជាទាក់ទាញការវិនិយោគពីអន្តរជាតិផងដែរ ព្រោះអ្នកវិនិយោគពួកគេសហវែងរកប្រាក់ចំណេញ ហេតុនេះពួកគេនឹងសម្លឹងរកប្រទេសមានចំណូលខ្ពស់ ដោយសារអំណាចទិញមានការកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here