ដោយ សុជាតា
ភ្នំពេញៈ ខណ្ឌជ្រោយចង្វារ ត្រូវបានមើលឃើញថា ដោយអ្នកជំនាញអចលនទ្រព្យ ជាតំបន់មួយមានការរីកលូតលាស់យ៉ាងខ្លាំង ទាំងគម្រោងអភិវឌ្ឍទីក្រុងរណបថ្មី និងបុរីរីកដូចផ្សិត តាមបណ្តោយផ្លូវជាតិលេខ៦អា។
ខណ្ឌជ្រោយចង្វារបានបែងចែកជា ៥ សង្កាត់ ដែលមានដូចជា សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក សង្កាត់បាក់ខែង សង្កាត់កោះដាច់ និងមាន ២២ ភូមិសរុបនៅក្នុងសង្កាត់ទាំង៥ នេះ។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខណ្ឌជ្រោយចង្វារ មានការអភិវឌ្ឃន៍យ៉ាងរហ័ស និងមានសក្ដានុពលខ្លាំង ដោយសារតំបន់នេះ មានការអភិវឌ្ឍលឿនជាងតំបន់ផ្សេងៗទៀតដែលនៅរាជធានីភ្នំពេញ។ មានគម្រោងពាណិជ្ជកម្មជាច្រើន រួមទាំងគម្រោងផ្ទះរស់នៅជាច្រើនផងដែរបានផុសឡើង និងបានសាងសង់នៅជ្រោយចង្វារ។ វាបានប្រែក្លាយទៅជាតំបន់មួយ ដែលមានមនុស្សរស់នៅច្រើនកុះករជាងមុន និងក្រុងដែលមានភាពជឿនលឿន មានគម្រោងអភិវឌ្ឃន៍រួមទាំងអាគារធំៗជាច្រើន។
តំបន់នេះមិនត្រឹមតែជាតំបន់ ដែលបានសក្ដានុពលខ្លាំង ក្នុងការអភិវឌ្ឍន៏ផ្នែកពាណិជ្ជកម្មនោះទេ វាក៏ជាតំបន់ដ៏ល្អសម្រាប់ការរស់នៅ។ មានចំនួនអ្នកស្នាក់នៅជនជាតិបរទេសជាច្រើន បានវិនិយោគលើខុនដូ ឬអាផាតម៉ិនលក់ នៅជ្រោយចង្វារគឺមានតម្លៃចាប់ពី ៦៨,០០០ដុល្លារ ទៅ ២៣៨,០០០ ដុល្លារ។
ចំនែកតម្លៃខុនដូ ឬអាផាតមិនជួលវិញគឺមានតម្លៃចាប់ពី៤០០ ដុល្លារ ទៅ២០០០ ដុល្លារក្នុងមួយយូនីតប្រចាំខែ ដែលតម្លៃនេះអាស្រ័យទៅតាមចំនួនបន្ទប់ និងគ្រឿងបរិក្ខាប្រើប្រាស់នានា។ សម្រាប់វីឡានៅជ្រោយចង្វារវិញគឺមានតម្លៃចាប់ពី១០០,០០០ ដុល្លារ ទៅ១លានដុល្លារអាមេរិក និងមានតម្លៃជួលក្នុងមួយខែចាប់ពី១០០០ ដុល្លារ ទៅ៣៥០០ ដុល្លារ។
ដូចគ្នានេះដែរ សម្រាប់ប្រភេទផ្ទះល្វែងបែបអាជីវកម្ម គឺមានតម្លៃចាប់ពី៥៥,០០០ ដុល្លារ ទៅ៣៨០,០០០ ដុល្លារ ឬតិចជាង២៥០០ ដុល្លារសម្រាប់ការជួលក្នុងមួយខែ។
លើសពីនេះ នៅតំបន់ជ្រោយចង្វារ ថែមទាំងមានកន្លែងសម្រាប់លេងកម្សាន្ត និងតំបន់ទេសចរណ៍ជាច្រើនថែមទៀតផងដែរ។ ក្នុងនោះមានកោះដាច់ ជាកោះដ៏ស្រស់ស្អាតសំបូរទៅដោយសូត្រ និងសិប្បកម្មតម្បាញ។ បន្ថែមពីនេះទៅទៀត កន្លែងដែលទាក់ទាញអ្នកទេសចរណ៍ ដែលទើបតែបានសាងសង់ហើយថ្មីៗនេះគឺ វិមានឈ្នះ-ឈ្នះដែលមានកម្ពស់រហូតទៅដល់៥៤ ម៉ែត្រ និងសាងសង់នៅលើដីដែលមានទំហំ៨ ហិចតា ទល់មុនពហុកីឡាដ្ឋានមរតកតេជោ ដែលត្រៀមរៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខផងដែរ។
លោកឧកញ៉ា នូន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានបញ្ជាក់ថា តំបន់ជ្រោយចង្វារគឺជាតំបន់ ដែលមានសក្តានុពលខ្លាំង សម្រាប់ការអភិវឌ្ឍន៍ ជាតំបន់ដ៏ល្អសម្រាប់ការរស់នៅ និងវិនិយោគ។
លោកបន្តថា “វាបានប្រែក្លាយពីតំបន់ជាយក្រុង ដែលមិនសូវមានមនុស្សចាប់អារម្មណ៍ និងមានសភាពស្ងប់ស្ងាត់ ទៅជាទីក្រុងរណបមួយ ដែលមានការវិនិយោគ និងការអភិវឌ្ឍន៍ជាច្រើន”។ លោកបន្តថា “តំបន់នេះ ក៏បានប្រែក្លាយទៅជាកន្លែងរស់នៅមួយដែលមានភាពទំនើប ទាន់សម័យ និងជាតម្រូវការរបស់មនុស្សជាច្រើន”។
លោកឧកញ៉ានួន រិទ្ធីបានបន្តថា តំបន់ជ្រោយចង្វារ បានរីកលូតលាស់យ៉ាងលឿន និងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី ដែលបញ្ជាក់បានថា តំបន់នេះជាតំបន់ដែលមានសក្តានុពលខ្លាំងក្លាក្នុងការអភិវឌ្ឍន៍។ ជាមួយនឹងកាវិនិយោគ ដែលនឹងចូលមកជាបន្តបន្ទាប់ និងការអភិវឌ្ឍន៍បានត្រឹមត្រូវតំបន់នេះ នឹងប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងទីក្រុងរណបមួយដ៏សំខាន់មួយនៅរាជធានីភ្នំពេញ៕