អ្នកវិនិយោគចាប់ផ្តើមអភិវឌ្ឍខុនដូ ដោយងាកចេញពីតំបន់កណ្ដាលក្រុង

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បើនិយាយអំពីការអភិវឌ្ឍខុនដូកាលពីប៉ុន្មានឆ្នាំមុន គេសំដៅលើតំបន់បឹងកេងកង នៃខណ្ឌបឹងកេងកង និងតំបន់កោះពេជ្រនៃខណ្ឌចំការមន ប៉ុន្តែមកដល់ពេលនេះ ការអភិវឌ្ឍខុនដូ ក៏ចាប់ផ្ដើមងាកទៅតំបន់ផ្សេងក្រៅពីតំបន់ទាំងនេះ ។

តើតំបន់ណាដែលបាន និងកំពុងមានសក្ដានុពល ក្នុងការអភិវឌ្ឍខុនដូនៅរាជធានីភ្នំពេញ?

ឆ្លើយសំណួរនេះ កញ្ញាគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE បានឱ្យដឹងកាលពីម្សិលម៉ិញនេះថា ពីមុនការអភិវឌ្ឍ ខុនដូ គឺមានការប្រមូលផ្ដុំនៅតំបន់កណ្ដាលរាជធានី ដូចជា តំបន់បឹងកេងកង១ បឹងកេងកង២ នៃខណ្ឌបឹងកេងកង និងខណ្ឌចំការមន ដោយសារតែពីមុនខុនដូ គឺសំដៅលើអតិថិជន ជាជនបរទេស ហើយជនបរទេសគឺចូលចិត្តរស់នៅ តំបន់កណ្ដាលក្រុង និងមានអ្វីៗគ្រប់យ៉ាង ។

កញ្ញាបន្តថា “ដោយសារតែតំបន់នេះ មានតម្លៃដីធ្លីកាន់តែឡើងថ្លៃ ហើយការអភិវឌ្ឍខុនដូនៅកម្ពុជានាពេលនេះ ក៏ផ្ដោតទៅលើអ្នកទិញជាអ្នកក្នុងស្រុក ដូច្នេះអ្នកអភិ​វឌ្ឍន៍ ក៏ត្រូវរកទីតាំងណាដែលមានតម្លៃសមរម្យ សម្រាប់អភិវឌ្ឍន៍ខុនដូតម្លៃសមរម្យដូចគ្នា ដើម្បីផ្គត់ផ្គង់ទៅកាន់អតិថិជនក្នុងស្រុក”។ កញ្ញាបន្តថា “នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខ្ញុំមើលឃើញថាមិនសូវមានគម្រោងថ្មីៗចេញមកទេ ហើយបើមានគម្រោងថ្មី​ៗមែន ក៏ជាគម្រោងដែលងាកចេញពីតំបន់កណ្ដាលក្រុង ដូចជា ទៅអភិវឌ្ឍន៍នៅខណ្ឌទួលគោក ខណ្ឌមានជ័យ ពីព្រោះដីនៅកណ្ដាលក្រុង ក៏ចាប់ផ្ដើមឡើងថ្លៃច្រើន និងពិបាកក្នុងការរកដីសម្រាប់សាងសង់គម្រោងខុនដូថ្មីៗណាស់”។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យដទៃទៀត ក៏បានបង្ហាញពីទស្សនចំពោះការអភិវឌ្ឍ ដែលគួរតែងាកទៅតំបន់ជាយក្រុង បើសិនជាចង់វិនិយោគដោយទទួលបានប្រាក់ចំណេញបានឆាប់ៗ។

លោកសន សៀបស្ថាបនិក និងជានាយកក្រុមហ៊ុនឃីរៀលអ៊ីស្ទេតបានមានប្រសា​សន៍ថា អ្នកអភិវឌ្ឍន៍រយៈពេលខ្លី គឺត្រូវទីតាំងនៅជាយក្រុងដើម្បីអភិវឌ្ឍន៍ ពីព្រោះដីធ្លីនៅកណ្ដាលកាន់តែមានតម្លៃខ្ពស ដូច្នេះដីកណ្ដាលក្រុងគឺអ្នកអភិវឌ្ឍទុក សម្រាប់អភិវឌ្ឍនូវអចលនទ្រព្យដែលមានតម្លៃខ្ពស់ៗដូចគ្នា។

ការអភិវឌ្ឍខុនដូនាពេលនេះ ត្រូវបានមើលឃើញទៅតំបន់ផ្លូវ៦០ម៉ែត្រផងដែរ និងមានគម្រោងអភិវឌ្ឍខុនដូ យ៉ាងផុសផុលនៅតំបន់នោះ និងតំបន់ទួលគោក ហើយការអភិវឌ្ឍ ក៏ផ្ដោតលើអតិថិជនជាជនជាតិខ្មែរ ដោយកំណើននៃអ្នកទិញខុន ដូរមកជាអ្នកក្នុងស្រុក ដែលបានទិញខុនដូកាន់តែច្រើន ជាពិសេសនៅក្នុងបរិបទកូវីដ១៩នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here