ដោយៈសុខុម
ហាណូយ: រដ្ឋាភិបាលវៀតណាម បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន LG Display របស់កូរ៉េខាងត្បូង ដែលនឹងបោះទុនរវិនិយោគបន្ថែម នៅទីក្រុងកំពង់ផែភាគខាងជើង Haiphong រហូតដល់ទៅ១,៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
គណៈកម្មាធិការប្រជាជននៃទីក្រុង Haiphong បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី៣១ សីហា ថា ការវិនិយោគបន្ថែមនេះនឹធ្វើឱ្យក្រុមហ៊ុន LG Display មានលទ្ធភាពបង្កើនទិន្នផល នៃការផលិតអេក្រង់ទូរទស្សន៍ប្រភេទ OLED នៅឯរោងចក្ររបស់ខ្លួនក្នុងទីក្រុងនេះ ចន្លោះពី១៣ទៅ១៤លានអេក្រង់ក្នុងមួយខែ បើធៀបនឹងបច្ចុប្បន្នដែលអាចផលិតបានចន្លោះពី៩,៦ទៅ១០,១លានអេក្រង់។
ការបោះទុនវិនិយោគបន្ថែម ចំនួន១,៤ពាន់លានដុល្លារអាមេរិកនេះ នឹងធ្វើឱ្យទំហំវិនិយោគសរុបរបស់ក្រុមហ៊ុន LG Display នៅក្នុងប្រទេសវៀតណាម ឈានដល់៤.៦៥ពាន់លានដុល្លារអាមេរិក។
ទោះជាយ៉ាងណា ក្រុមហ៊ុនមួយនេះមិនបានឆ្លើយតបឡើយ នៅពេលសុំឱ្យឆ្លើយបំភ្លឺជុំវិញករណីនេះ។ LG Display ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិត និងផ្គត់ផ្គង់អេក្រង់ប្រភេទ TFT-LCD អេក្រង់ប្រភេទ OLED និងអេក្រង់ប្រភេទកាច់បត់បានធំៗបំផុត របស់ពិភពលោក។
គណៈកម្មាធិការប្រជាជននៃក្រុង Haiphong បានគូសបញ្ជាក់ថា ការវិនិយោគបន្ថែមនេះ នឹងផ្ដល់ការងារថ្មីចំនួន១០,០០០កន្លែង និងបង្កើតប្រាក់ចំណូលនាំចេញបានចំនួន៦,៥ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ៕